សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ប្រកាសថា នឹងប្រកួតមិត្តភាពជាមួយម្ចាស់ជើងឯក World Cup នៅថ្ងៃទី 19 ខែមិថុនា 2023 និងបានអំពាវនាវឱ្យរក្សាសណ្ដាប់ធ្នាប់ ចៀសវាងការប្រកួតត្រូវលុបចោល។
ឥណ្ឌូណេស៊ីបានបញ្ជាក់អំពីការប្រកួតមិត្តភាពជាមួយអាហ្សង់ទីន នៅក្នុងសន្និសីទសារព័ត៌មាននៅឯទីលានបាល់ទាត់ Gelora Bung Karno នារសៀលថ្ងៃទី 24 ឧសភា។
ប្រធាន PSSI លោក Erick Thohir ឱ្យដឹងថា ការប្រកួតមិត្តភាពជាមួយគូប្រជែងលំដាប់ខ្ពស់បំផុតដូចអាហ្សង់ទីន គឺជាឱកាសដ៏មានតម្លៃដើម្បីសាកល្បងផ្លូវចិត្ត សមត្ថភាព និងដកបទពិសោធន៍សម្រាប់ក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី។
មេដឹកនាំ PSSI ក៏បានបង្ហើបឱ្យដឹងថា នឹងដាក់ពង្រាយកម្លាំងសន្តិសុខទ្រង់ទ្រាយធំបំផុតដើម្បីធានាសុវត្ថិភាពដល់ Lionel Messi, Lautaro Martinez និងមិត្តរួមក្រុម ចៀសវាងហានិភ័យការប្រកួតត្រូវលុបចោល។
Thohir រម្លឹកឡើងវិញនូវមេរៀនឆ្នាំ 2019 នៅពេល Man Utd លុបចោលដំណើរមកប្រកួតនៅឥណ្ឌូណេស៊ី ព្រោះតែករណីបំផ្ទុះគ្រាប់បែកភេរវកម្ម ក្នុងនោះក៏មាននៅសណ្ឋាគារដែលកូនសិស្ស និងគ្រូបង្វឹក Sir Alex Ferguson បានជ្រើសរើសជាកន្លែងស្នាក់នៅ។
PSSI ចំណាយប្រហែល 5 លានដុល្លារអាម៉េរិក ដើម្បីអញ្ជើញក្រុមជម្រើសជាតិអាហ្សង់ទីនមកប្រកួតមិត្តភាពនៅឥណ្ឌូណេស៊ី។ ដូចទៅនឹងបណ្ដាក្លឹបនៅអឺរ៉ុប កិច្ចព្រមព្រៀងរវាង PSSI និងអាហ្សង់ទីន មានលក្ខខណ្ឌបញ្ជាក់ថា ក្រុមភ្ញៀវមានសិទ្ធិលុបចោលការប្រកួត បើសិនសុវត្ថិភាពនៅទីតាំងប្រកួតមិនត្រូវបានធានា ព្រោះតែហេតុការណ៍ចលាចល គ្រោះធម្មជាតិ ឬភេរវកម្ម។ល។ នេះបើតាម New York Times ។
មុនពេលមកកាន់ឥណ្ឌូណេស៊ី ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីប្រកួតមិត្តភាពជាមួយអូស្ត្រាលីនៅថ្ងៃទី 15 មិថុនា 2023៕