កប៉ាល់​ដឹក​ទំនិញ​ហុងកុង​ជាប់​គាំង​នៅ​លើ​ព្រែក​ជីក Suez

កប៉ាល់​ដឹក​ទំនិញ​នៅ​លើ​ព្រែក​ជីក Suez

កប៉ាល់​ដឹក​ទំនិញ​​ដោត​ទង់​ជាតិ​ហុងកុង​ជាប់​គាំង​នៅ​លើ​ព្រែក​ជីក Suez ធ្វើ​ឱ្យ​ស្ទះ​ដំណើរ​របស់​កប៉ាល់​ដទៃដែល​នៅ​ពី​ក្រោយ​​ជា​ច្រើន​គ្រឿង​។

«កប៉ាល់​ Xin Hai Tong 23 ជាប់​គាំង​លើ​ព្រែក​ជីក​ Suez នៅ​តំបន់​គីឡូ​លេខ 159 វេលា​ម៉ោង​ 4 (ម៉ោង 8 នៅ​កម្ពុជា) ថ្ងៃ​ទី 25 ឧសភា​» ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​តាម​សមុទ្រ Leth Agencies ប្រកាស​លើ​ Twitter ដូច្នេះ​។ កប៉ាល់​អូស​កំពុង​តែ​ប្រឹង​ប្រែង​ជួយ​ដល់​ Xin Hai Tong 23​ ដែល​មាន​បណ្ដោយ​ 189 ម៉ែត្រ​។

កប៉ាល់​ខាងលើ​ជាប់​គាំង​នៅ​ផ្នែក​ខាង​ត្បូង​ ក្បែរ​ច្រាំង​ខាង​កើត​របស់​ព្រែក​ជីក Suez​។ យ៉ាង​ហោច​ណាស់​មាន​កប៉ាល់​ចំនួន​បួន​គ្រឿង​ផ្សេង​ទៀត​ត្រូវ​កប៉ាល់​ Xin Hai Tong 23 រាំង​ផ្លូវ​។​ នេះ​បើ​តាម​ ​ Marine Traffic ដែលជា​គេហទំព័រ​​ជំនាញ​ពី​ទិន្នន័យ​ផ្លូវ​សមុទ្រ​។

គិតត្រឹម​វេលា​ថ្ងៃ​ត្រង់​នេះ ភាគី​អ្នក​គ្រប់​គ្រង​ព្រែក​ជីក Suez មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វីនៅ​ឡើយ​។

ព្រែក​ជីក Suez ប្រវែង 190 គីឡូម៉ែត្រ គឺជា​ផ្លូវ​ដឹក​ជញ្ជូន​ប្រើ​ពេល​ខ្លី​បំផុត​រវាង​ទ្វីប​អឺរ៉ុប និង​អាស៊ី​។ ព្រែក​នេះ​តភ្ជាប់​រវាង​ទីក្រុង​ចំនួន​ពីរ​របស់​អេហ្សីប​ គឺ Suez នៅ​ជាប់​សមុទ្រ​ក្រហម និង Port Said នៅ​មេឌីទែរ៉ាណេ​។ កន្លែង​ចង្អៀត​បំផុត​របស់ព្រែក​ជីក​ទទឹង​ 200 ម៉ែត្រ​ គឺជា​ទី​ដែល​តែង​បង្ក​ផល​លំបាក​ដល់​ការ​ធ្វើដំណើរ​របស់​កប៉ាល់​ដឹក​ទំនិញ​ធំ​ៗ។

កប៉ាល់ Ever Given​ ដែល​ធ្លាប់​បាន​ជាប់​គាំង​នៅ​លើ​ព្រែក​ Suez

កាលពី​ខែ​មីនា 2021 កប៉ាល់​ដឹក​កុងតឺន័រ​ខ្នាត​យក្ស Ever Given ដែលដោត​ទង់​ជាតិ​ប៉ាណាម៉ា ក៏​ធ្លាប់​បាន​ជាប់​គាំង​នៅ​លើ​ព្រែក​ Suez ធ្វើ​ឱ្យ​កក​ស្ទះ​ចរាចរណ៍​អស់ 6 ថ្ងៃ​ និង​បង្ក​ឱ្យ​មាន​ការ​ខាត​បង់​គិត​ជា​ទឹក​ប្រាក់​ប្រហែល​ 9 ពាន់​លាន​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ថ្ងៃ​ៗ ​ចំពោះ​ពាណិជ្ជកម្ម​សកល​ និង​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់​ទំនិញ​ផងដែរ​៕

Advertisement