ក្រុម​ហ៊ុន​ GM សម្ពោធ​រោងចក្រ​ធំ​ដំបូងនៅ​ កាណាដា ​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ដឹក​ទំនិញ

រោងចក្រដំឡើងរថយន្តអគ្គិសនី BrightDrop Zevo 600 របស់ GM មានទីតាំងនៅក្នុងតំបន់ Ingersoll ខេត្ត Ontario ប្រទេសកាណាដា

ក្រុមហ៊ុន​ផលិត​រថយន្ត​អាម៉េរិក General Motors (GM) បាន​សម្ពោធ​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ទ្រង់ទ្រាយ​ធំ​ដំបូង​នៅ ប្រទេស​កាណាដា កាលពី​ថ្ងៃទី 05 ធ្នូ​កន្លងទៅ ក្រោម​អធិបតីភាព នាយករដ្ឋមន្ត្រី Justin Trudeau។

រោងចក្រ​ដំឡើងរថយន្ត​ដែល​​មាន​ទីតាំង​នៅក្នុង​តំបន់ Ingersoll ខេត្ត Ontario នេះ ទទួលបាន​ទុនវិនិយោគ​ប្រហែល 380 លាន​ដុល្លារ​អាម៉េរិក ពី​រដ្ឋាភិបាល និង​ខេត្ត Ontario។ នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​រថយន្ត​អគ្គិសនី​ធំ​របស់ កាណាដា ដែល​រួមមាន​ទាំង​ការរុករក​រ៉ែ​លី​ចូ​ម​សម្រាប់​ការផលិត​ថ្ម​ផ្ទុក​ថាមពល​ដើម្បី​ផ្គត់​ផ្គត់​ដល់​រថយន្ត​អគ្គិសនី​នៅ អាម៉េរិក​ខាងជើង។

នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau ថ្លែង​កាល​ពី​ថ្ងៃទី 05 ធ្នូ​ថា «ថ្ងៃនេះ យើង​នឹង​សម្ពោធ​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ទ្រង់ទ្រាយ​ធំ​ដំបូង​នៅ កាណាដា»។ ចំណែក​ប្រធាន​ក្រុមហ៊ុន GM កាណាដា អ្នកស្រី Marissa West បាន​និយាយថា «អនាគត​របស់​រថយន្ត​អគ្គិសនី​នៅ កាណាដា លែង​នៅ​ជា​គម្រោង​មួយ​ដែល​នៅ​ឆ្ងាយ​ទៀតហើយ»។

រថយន្តអគ្គិសនីប្រភេទដឹកទំនិញ BrightDrop Zevo 600

រោងចក្រ​ខាងលើនេះ​នឹង​ផលិត​រថយន្ត​អគ្គិសនី​ប្រភេទ​ដឹកទំនិញ​ដែលមាន​ឈ្មោះថា BrightDrop Zevo 600។ GM បានកំណត់​គោលដៅ​ផលិត​រថយន្ត​ប្រភេទ​នេះ​ឱ្យបាន 50,000 គ្រឿង​ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំ 2025។ ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​របស់ អាល្លឺម៉ង់ DHL Express គឺជា​អតិថិជននៅ ​កាណាដា ​ដំបូង​ដែល​បាន​បញ្ជា​ទិញ​រថយន្ត​ដឹកទំនិញ BrightDrop៕

Advertisement