ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​សេវា​កំសាន្ត​លំដាប់​កំពូល​លើ​ពិភពលោក មានបំណង​បណ្ដាក់ទុន​នៅ កម្ពុជា

ប្រព័ន្ធខ្សែរ៉តកំសាន្តសម្រាប់ទេសចររបស់ ក្រុមហ៊ុនអូទ្រីស Doppelmayr Group នៅ​ កោះ​ត្រល់

ក្រុមហ៊ុន Doppelmayr Group របស់ ប្រទេស​អូទ្រីស ដែលមាន​ជំនាញ​ក្នុងការ​វិនិយោគ​លើ​កន្ត្រក​ខ្សែ​រ៉​ត​សម្រាប់​តំបន់ភ្នំ បានបង្ហាញ​អំពី​បំណង​ក្នុងការ​បណ្ដាក់ទុន​នៅ ខេត្ត​ព្រះសីហនុ ជា​តំបន់​ដែលមាន​សក្ដានុពល​ខ្លាំង​សម្រាប់​វិស័យ​ទេសចរណ៍។

កាលពី​រសៀល​ថ្ងៃទី 24 វិច្ឆិកា 2022 ក្នុងជំនួប​ជាមួយ​ទ្វេភាគី​ជាមួយ​តំណាង​ក្រុមហ៊ុន Doppelmayr Group លោក ឯម ភាព អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ថ្លែងថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ សមស្រប​ជាមួយ ខេត្ត​ព្រះសីហនុ ហើយ​ការវិនិយោគ​កន្ត្រក​ខ្សែ​រ៉​ត​នៅ តំបន់​កោះរ៉ុង គឺជា​រឿង​ល្អ​បំផុត។

ប្រសាសន៍​របស់លោក អភិបាលរង​ខេត្ត​ព្រះសីហនុ ត្រូវ​បានលើកឡើង​បន្ទាប់ពី​ប្រធាន​ក្រុមហ៊ុន Doppelmayr Group បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​ការវិនិយោគ​លើ​កន្ត្រក​ខ្សែ​រ៉​ត​សម្រាប់​តំបន់ភ្នំ​នៅលើ​ទឹកដី​នៃ​ខេត្ត​នេះ។

Doppelmayr Group ជា​ក្រុមហ៊ុន​វិនិយោគ​របស់ ប្រទេស​អូទ្រីស ដែល​ទើប​ចូល​ប្រទេស​កម្ពុជា ដើម្បី​សិក្សា​ស្វែងយល់​អំពី​ឱកាស​វិនិយោគ លើ​សេវា​កម្សាន្ត មានដូចជា ទោង​យោល​ខ្សែ​រ៉​ត​ជាដើម នេះ​បើតាម​លោក Martin Ladner។

យោងតាម​លោក Martin Ladner ក្រុមហ៊ុន Doppelmayr Group បាន​វិនិយោគ​លើ​វិស័យ​កន្ត្រក​ខ្សែ​រ៉​ត ក្នុងនោះ​មាន​កន្ត្រក​ខ្សែ​រ៉​ត​តំបន់ភ្នំ ខ្សែ​រ៉​ត​សម្រាប់​ការដឹកជញ្ជូន​ក្នុង​ក្រុង​ជាដើម ហើយ​ថា ក្រុមហ៊ុន​បាន​វិនិយោគ​នៅក្នុង​ប្រទេស​ចំនួន 50 លើ​ពិភពលោក៕

Advertisement