កប៉ាល់​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្ម​ជាតិ​រាវ​ (LNG)​ ធំ​ជាង​គេ​លើ​ពិភព​លោក​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​សេវា​កម្ម

កប៉ាល់ Offshore Oil 301

ប្រទេស​ចិន កាលពី​ថ្ងៃទី 15 វិច្ឆិកា បានដាក់​ដំណើរការ​កប៉ាល់​ដឹកជញ្ជូន​ឧស្ម័នធម្មជាតិ​​រាវ (LNG) ខ្នាត​យក្ស​មួយគ្រឿង​ដែល​អាច​ផ្គត់ផ្គង់​ LNG ​បាន 1,650 ម៉ែត្រគុប/ម៉ោង។

កប៉ាល់​ដឹកជញ្ជូន និង​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវដំបូង​របស់ ប្រទេស​ចិន ឈ្មោះ Offshore Oil 301 ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង និង​បញ្ចេញ​ពី​រោងចក្រ​នៅ​ទីក្រុង Guangzhou ខេត្ត Guangdong ដើម្បី​ចាប់ផ្ដើម​ផ្គត់ផ្គង់​ថាមពល​ឱ្យ​បណ្ដា​កប៉ាល់ដើរ​ដោយ​ LNG នេះ​បើតាម​ក្រុមហ៊ុន​ប្រេង​ឧស្ម័ន​លើ​លំហ​សមុទ្រ​ចិន (CNOOC)។

កប៉ាល់​ផ្គត់ផ្គង់​ LNG គឺជា​ប្រភេទ​កប៉ាល់​ចល័ត​ដ៏​សំខាន់​ក្នុង​ការជំរុញ​ការប្រើប្រាស់ LNG ជា​ថាមពល​​សម្រាប់​យាន​យន្ត​ក្នុង​​ការដឹកជញ្ជូន។

ក្រុម​អ្នកជំនាញ​អះអាងថា ការរីកចម្រើន​ថ្មី​បំផុត​នេះ​របស់ ចិន នឹង​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​ការកសាង​មជ្ឈមណ្ឌល​ផ្គត់ផ្គង់ LNG ដល់​បណ្ដា​កប៉ាល់​អន្តរ​ជាតិ ព្រមទាំង​ជំរុញ​ការផ្លាស់ប្ដូរ​ថាមពល និង​ការអភិវឌ្ឍ​ថាមពលបៃតង។

កប៉ាល់ Offshore Oil 301 ដំបូង​ឡើយ​គឺជា​កប៉ាល់​ដឹក LNG ធម្មតា មាន​បណ្ដោយ 184.7 ម៉ែត្រ និង​ទទឹង 28.1 ម៉ែត្រ អាច​ដឹក​ឧស្ម័ន​ធម្មជាតិ​រាវ LNG បាន 30,000 ម៉ែត្រគុប។

មុខងារ​ផ្គត់ផ្គង់​ LNG ​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង​តាមរយៈ​ការបន្ថែម​ឧបករណ៍​ជាច្រើន​ដូចជា ឧបករណ៍​ផ្ទុក​​ឧស្ម័ន ប្រព័ន្ធ​ផ្គត់ផ្គង់​ (បូម) ​ពី​កប៉ាល់​ទៅ​កប៉ាល់ និង​ឧបករណ៍​ធ្វើឱ្យ​រាវ​ឡើងវិញ ក៏​ដូច​ជា​​ប្រព័ន្ធ​សុវត្ថិភាព និង​ប្រព័ន្ធផ្សេងៗទៀត។

ក្រោយពី​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង Offshore Oil 301 មាន​កម្លាំង​អាច​បូម​ឧស្ម័ន​បាន 1,650 ម៉ែត្រគុប/ម៉ោង នាំឱ្យ​វា​ក្លាយជា​កប៉ាល់​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវ LNG ធំជាងគេ​បង្អស់​លើ​ពិភពលោក និង​អាច​ផ្ដល់​សេវាកម្ម​ដល់​បណ្ដា​កប៉ាល់​ដឹក​កុងតឺន័រ កប៉ាល់​ដឹក​ប្រេង​ឆៅ និង​កប៉ាល់​ដឹកជញ្ជូន​យានយន្ត (Ro-Ro Ship) ខ្នាត​ធំ។

យោងតាម Global Times ក្រុមហ៊ុន​ចិន CNOOC កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ស្ថាបនា​បណ្ដា​មជ្ឈមណ្ឌល​ផ្គត់ផ្គង់ LNG អន្តរជាតិ​នៅ​តំបន់​វាលរាប​ទន្លេ Zhu Jiang និង​វាលរាប​ទន្លេ Yangtze។ ក្រោយពី​ត្រូវបាន​ប្រគល់ឱ្យ​អតិថិជន កប៉ាល់ Offshore Oil 301 នឹង​ផ្គត់ផ្គង់ LNG ដំបូង​ដល់​បណ្ដា​កប៉ាល់​អន្តរជាតិ​ក្នុងពេលឆាប់ៗខាងមុខ៕

Advertisement