គម្រោង​សាងសង់​អគារ​ភ្លោះ​កប់​ពពក​ដែលមានដាំ​​រុក្ខជាតិ​ 30,000 ដើម

(អារ៉ាប់​រួម)-អគារ​ភ្លោះ​រាង​អក្សរ V កម្ពស់ 190 ម៉ែត្រ និង 150 ម៉ែត្រ​នេះ​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​របស់ព្រៃ​ក្នុង​ទីក្រុង មានដូចជា ការ​ស្រូបយក​ធូលី​ល្អិត និង​បញ្ចុះ​កម្ដៅ​បរិយាកាស​​ក្នុង​ទីក្រុង​ជាដើម។

ក្រុមហ៊ុន​អ៊ីតាលី Stefano Boeri Architetti បាន​បង្ហើប​អំពី​ផែនការ​បន្ថែម​ពណ៌​បៃតង​ដល់ ទីក្រុង​ឌូ​បៃ របស់ អេមីរ៉ាត​អារ៉ាប់​រួម​ ដោយ​ប្រើប្រាស់​គម្រោង​ «តំបន់​ព្រៃ​បញ្ឈរ​ត្រង់»។ គម្រោង​នេះ​រួមមាន​អគារ​ភ្លោះ​កប់​ពពក​ដែល​គ្របដណ្ដប់​ដោយ​ដើមឈើ​រាប់ពាន់​ដើម និង​មាន​រចនាបថ​បែប​ចីរភាព​ដើម្បី​ជួយ​កាត់បន្ថយ​តម្រូវការ​ប្រើប្រាស់​បណ្ដាញ​អគ្គិសនី នេះ​បើតាម Nes Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 09 វិច្ឆិកា 2022។

អគារ​ភ្លោះ​នេះ​មាន​រាង​ជា​អក្សរ V និង​ត​ភ្ជាប់​ជាមួយគ្នា​ដោយ​ខឿន​រួម។ ពួកវា​មាន​កម្ពស់ 190 ម៉ែត្រ និង 150 ម៉ែត្រ ហើយ​គ្រោង​នឹង​ដាំ​ដើមឈើ​ជាង 2,600 ដើម និង​រុក្ខជាតិ​ប្រភេទ​គុ​ម្ព​ចំនួន 27,000 គុ​ម្ព​នៅ​ខាងក្រៅ និង​មាន​ផ្ទះ​កញ្ចក់ និង​សួន​អ៊ី​ដ្រូ​ប៉ូ​និ​ច (សួន​ដាំ​រុក្ខជាតិ​លើទឹក) ជាច្រើន​ទៀត។ ក្រៅពីនេះ អគារ​ទាំងនេះ​ក៏​នឹងមាន​យ៉រ និង​ទីលាន​លើដំបូល​ជាច្រើន​ផងដែរ។

គម្រោង​នេះ​ផ្ដោត​សំខាន់​ទៅលើ​ការរក្សា​ទឹក ដោយសារថា ឌូ​បៃ តែងតែ​រាំងស្ងួត។ ប្រព័ន្ធ​បន្សាប​ជាតិ​ប្រៃ​នឹងត្រូវ​បាន​ដំឡើង​ជាមួយនឹង​ប្រព័ន្ធ​កែច្នៃ​ទឹក​កខ្វក់​ដែល​បញ្ចេញ​ពី​សកម្មភាព​មួយចំនួន​ដូចជា ការ​គក់ខោអាវ​ជាដើម។ ទន្ទឹមនឹងនេះ អគារ​ទាំងនេះ​ក៏​នឹង​កាត់បន្ថយ​ការប្រើប្រាស់​បណ្ដាញ​ខ្សែភ្លើង តាមរយៈ​ការបំពាក់​ប្រព័ន្ធ​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​ដែល​អាច​ផលិត​អគ្គិសនីបាន​ 5,100 kWh។

គម្រោង​ខាងលើនេះ​ត្រូវបាន​ប្រកាស​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ COP27 ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 06 ដល់ 18 វិច្ឆិកា នៅ Sharm El Sheikh ប្រទេស​អេ​ហ្ស៊ី​ប។ ក្រុមហ៊ុន Stefano Boeri Architetti បានឱ្យដឹងថា ខ្លួន​កំពុង​សិក្សា​បន្ថែម​អំពី​រចនាបថ និង​ចីរភាព​ទាំងមូល​របស់​គម្រោង។ បច្ចុប្បន្ន មិនទាន់មាន​ព័ត៌មាន​អំពី​ពេលវេលា​នៃ​ការសាងសង់​រួចរាល់​នៅឡើយ៕

Advertisement