មហាអំណាច​អាស៊ី បញ្ចេញ​កប៉ាល់​ផ្ទុក​កុងតឺន័រ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក (វីដេអូ)

ប្រទេស​ចិន កាលពី​ថ្ងៃទី 29 តុលា បាន​បញ្ចេញ​កប៉ាល់​ផ្ទុក​កុងតឺន័រ​ខ្នាត​យក្ស​ពីរ​គ្រឿង​ដែលមាន​បណ្ដោយ​ជិត 400 ម៉ែត្រ និង​អាច​ផ្ទុក​បាន​រហូតដល់ 24,346 កុងតឺន័រ​ប្រភេទ 20 feet។

កប៉ាល់​ផ្ទុក​កុងតឺន័រ​ខាងលើ​ដែល​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​ទទួលខុស​ត្រូវមាន​កម្រិត Jiangsu Yangzi Xinfu Shibuilding ត្រូវបាន​បញ្ចេញ​ពី​រោងចក្រ​នៅក្នុង​ទីក្រុង Taixing នៃ​ខេត្ត Jiangsu ភាគ​ខាងកើត​ប្រទេស​ចិន កាលពី​ថ្ងៃទី 29 តុលា។

កប៉ាល់នីមួយៗអាច​ផ្ទុក​បាន 24,346 TEU ឬ​កុងតឺន័រ​ស្ដង់ដា 20 feet ដែល​នេះ​ក៏​ជាការ​បំបែក​កំណត់ត្រា​ថ្មី​នៅក្នុង​វិស័យ​សាងសង់​កប៉ាល់​កុងតឺន័រ​ខ្នាត​យក្ស​របស់​ពិភពលោក។

កប៉ាល់​ទាំងពីរ​គ្រឿង​ខាងលើ​សុទ្ធ​តែមាន​បណ្ដោយ 399.99 ម៉ែត្រ និង​ទទឹង 61.3 ម៉ែត្រ ហើយ​ទំហំ​របស់​ដំបូល​កប៉ាល់ (ship’s deck) ឡើងដល់ 24,000 ម៉ែត្រក្រឡា ធំ​ជាង 3.5 ដង បើ​ធៀប​នឹង​ទីលាន​បាល់ទាត់​ស្ដង់ដា។

កប៉ាល់​ទាំងនេះ​នឹងត្រូវ​ប្រគល់ឱ្យ​អតិថិជន​នៅក្នុង​ខែកុម្ភៈ 2023 ក្រោយពី​បាន​បំពាក់​ឧបករណ៍​ចុងក្រោយ និង​សាកល្បង​ធ្វើដំណើរ​លើ​សមុទ្រ​រួចរាល់។

កប៉ាល់​កុងតឺន័រ​ខ្នាត​យក្ស គឺជា​កប៉ាល់​ដែលមាន​កម្លាំង​ផ្ទុក​ចាប់ពី 10,000 TEU ឡើងទៅ។ វិស័យ​សាងសង់​កប៉ាល់​របស់ ប្រទេស​ចិន កំពុង​បន្ត​នាំមុខគេ​នៅក្នុង​ទីផ្សារ​អន្តរជាតិ​ក្នុងអំឡុង 3 ត្រីមាស​ដើមឆ្នាំ 2022 ក្នុងនោះ បណ្ដា​កប៉ាល់​កុងតឺន័រ​ដែលមាន​កម្លាំង​ផ្ទុក​លើសពី 10,000 TEU កាន់កាប់ 51.7% នៃ​ចំណែក​ទីផ្សារ​ទូទាំង​ពិភពលោក៕

Advertisement