ព្រលានយន្តហោះ​អន្តរ​ជាតិ​ Bokeo របស់​ប្រទេស​ឡាវ ស្ថាបនា​ជិត​រួចរាល់​ហើយ

ព្រលានយន្តហោះ Bokeo

ដំណើរការ​ស្ថាបនា​អាកាស​យានដ្ឋាន Bokeo របស់ ប្រទេស​ឡាវ បច្ចុប្បន្ន​សម្រេចបាន 86% ហើយ​គ្រោង​នឹង​បើក​ដំណើរ​សម្រាប់​ការហោះហើរ​ក្នុងស្រុក​ចាប់ពី​ចុងឆ្នាំ​នេះ។

តាម​ផែនការ ជើងហោះហើរ​ក្នុងស្រុក​រវាង រដ្ឋធានី​វៀងចន្ទន៍ និង Bokeo នឹង​ដំណើរការ​នៅ​ថ្ងៃ​ចន្ទ ពុធ និង​ថ្ងៃ​សៅរ៍​រៀងរាល់​សប្ដាហ៍ បន្ទាប់មក​នឹង​បើក​ឱ្យមាន​ជើងហោះហើរ​អន្តរជាតិ។

គម្រោង​ព្រលានយន្តហោះ Bokeo ដែល​ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែកញ្ញា 2020 ត្រូវបាន​រំពឹងថា នឹង​ទាក់ទាញ​ទេសចរ​កាន់តែច្រើន​សម្រាប់​ភាគ​ខាងជើង​ប្រទេស​នេះ ជាទី​ដែលមាន​តំបន់​កំសាន្ត​សម្បូរបែប និង​អាច​អូសទាញ​ភ្ញៀវ​ពី ប្រទេស​ចិន។

ព្រលានយន្តហោះ Bokeo ស្ថិតនៅ​ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​មាន​ទំហំ 300 ហិកតា។ នេះ​គឺជា​ព្រលានយន្តហោះ​ទី​ពីរ​របស់​ខេត្ត Bokeo។ ព្រលាន​នេះ​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ មានដូចជា Boeing 747 និង Airbus 320 ជាដើម។

អគារ​ទទួលភ្ញៀវ​រប​ស់​ព្រលានយន្តហោះ Bokeo អាចដាក់​មនុស្ស​បាន 600 នាក់ ហើយ​នៅពេល​ដាក់ឱ្យ​ដំណើរការ​ពេញ​លេញ វា​នឹង​អាច​ទទួល​អ្នកដំណើរ​បា​ន​ពី 1.5 លាន ទៅ 2 លាន​នាក់/ឆ្នាំ។

ព្រលាន​ដែល​ត្រូវបាន​សាងសង់​តាម​ទម្រង់​សម្បទាន 50 ឆ្នាំនេះ ត្រូវបាន​អនុវត្ត​ដោយ​ក្រុមហ៊ុន​វិនិយោគ និង​អភិវឌ្ឍ Greater Bay Area Investment and Development (HK) Limited ដែលជា​សមាជិក​មួយរ​បស់ Dok Ngiew Kham Group និង​មាន​ទីស្នាក់ការ​នៅ ហុងកុង។ ខ្ទង់​ប្រាក់​វិនិយោគ​សម្រាប់ គម្រោង​នេះ គឺ 157 លាន​ដុល្លារ​អាម៉េរិក៕

Advertisement