ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ​-​ក្រុង​​ព្រះ​សីហនុ ​ចាប់​ផ្ដើម​​គិត​​កម្រៃ​​សេវា​ ដោយ​មាន​​ការ​បញ្ចុះ​​តម្លៃ

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ នឹង​ចាប់ផ្ដើម​គិត​កម្រៃ​សេវា ដោយមាន​ការបញ្ចុះ​តម្លៃ 20% ពីថ្ងៃ​ទី 01 ខែ​វិ​ចិ្ឆ​កា ឆ្នាំ 2022 ដល់​ថ្ងៃទី 31 ខែតុលា ឆ្នាំ 2023 នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

យោងតាម​ក្រសួង​សាធារណការ ការគិត​កម្រៃ​សេវា​ដោយមាន​ការបញ្ចុះ​តម្លៃ 20% ខាងលើនេះ គឺធ្វើឡើង​ទៅតាម​ចម្ងាយ​ផ្លូវ​ជាក់ស្តែង និង​ប្រភេទ​យានយន្ត​ដែល​អ្នកដំណើរ​បើកបរ។

ក្រសួង​បញ្ជាក់ថា យានយន្ត​ត្រូវបាន​បែង​ចែកជា​ប្រភេទ «A, B, C, D, E» ដូចខាងក្រោម ៖

-ប្រភេទ “ A ” (1) ទោចក្រយានយន្ត ដែលមាន​ទំហំ​ស៊ីឡាំង ចាប់ពី 500CC ឡើងទៅ និង​មាន​បិទ​ស្ទី​គ័​រ​សម្គាល់ អនុញ្ញាត​ដោយ​ក្រសួង, (2) រថយន្ត​គ្រួសារ មិន​លើសពី 7 កៅអី, (3) រថយន្ត​ដឹកទំនិញ អាច​ផ្ទុកទំនិញ​ក្រោម 2 តោន

-ប្រភេទ “ B ” (1) រថយន្ត​ដឹក​អ្នកដំណើរ​ចាប់ពី 8 កៅអី ដល់ 19 កៅអី, (2) រថយន្ត​ដឹកទំនិញ អាច​ផ្ទុកទំនិញ​ចាប់ពី 2 តោន ដល់ 5 តោន

-ប្រភេទ “ C ” (1) រថយន្ត​ដឹក​អ្នកដំណើរ​ចាប់ពី 20 កៅអី ដល់ 56 កៅអី, (2) រថយន្ត​ដឹកទំនិញ អាច​ផ្ទុកទំនិញ​ចាប់ពី 5 តោន ដល់ 10 តោន

-ប្រភេទ “ D ” (1) រថយន្ត​ដឹកទំនិញ អាច​ផ្ទុកទំនិញ​ចាប់ពី 10 តោន ដល់ 20 តោន

-ប្រភេទ “ E ” (1) រថយន្ត​ដឹកទំនិញ អាច​ផ្ទុកទំនិញ​លើសពី 20 តោន​ឡើងទៅ (គិត​ទាំង​កុងតឺន័រ)

Advertisement