ការស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី 3 និង​ស្ពាន​ឆ្លងកាត់​ផ្លូវជាតិ​នៅ​ជុំវិញ ភ្នំពេញ សម្រេចបាន​ជិត 80% និង​ជិត 90%

ការងារ​ស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី 3 សម្រេចបាន 77% ខណៈដែល​ការសាងសង់​ស្ពាន​ឆ្លងកាត់​ទ​ន្ល​បាសាក់ ឆ្លងកាត់​ផ្លូវជាតិ​លេខ 2 និង​ផ្លូវជាតិ​លេខ 22 សម្រេចបាន 88% នេះ​បើតាម ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ព័ត៌មាន​ខាងលើ​ត្រូវបាន រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «សមិទ្ធផល​សម្រេចបាន​រយៈពេល 5 ឆ្នាំកន្លងមក​របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន» នា​ព្រឹក​ថ្ងៃទី 27 តុលា នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី។

យោងតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ផ្លូវ​ក្រវាត់ក្រុង​ទី 3 នេះ គឺ​ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ 4 ចំណុច​គីឡូម៉ែត្រ​លេខ 14+105 ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ 3 ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ភ្ជាប់​ទៅកាន់​ផ្លូវ​ទំនប់​កប់​ស្រូវ ផ្លូវជាតិ​លេខ 5 ស្ពាន​ឈ្នះ​ឈ្នះ មហាវិថី​ឈ្នះ​ឈ្នះ និង​ផ្លូវជាតិ​លេខ 6។

ក្រោយពី​បាន​ស្ថាបនា​រួចរាល់ ផ្លូវ​ក្រវាត់ក្រុង​ទី 3 ដែលមាន​តម្លៃ 267.67 លាន​ដុល្លារ​អាមេរិក​នេះ នឹង​ក្លាយជា​ផ្លូវ​ក្រវាត់ក្រុង​ដ៏​ធំ និង​ទំនើប ដែល​ត​ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ 6, ផ្លូវជាតិ​លេខ 5, ផ្លូវជាតិ​លេខ 4, ផ្លូវជាតិ​លេខ 3, ផ្លូវជាតិ​លេខ 2 និង​ផ្លូវជាតិ​លេខ 21។ ផ្លូវ​ក្រវាត់ក្រុង​ទី 3 នេះ ក៏​នឹងមាន​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ និង​កោះអន្លង់ចិន ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ 1 ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ 24+840 ស្ថិតក្នុង​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន

ផ្លូវ​ក្រវាត់ក្រុង​ទី 3 ដែល​អនុវត្ត​ការងារ​សាងសង់​ដោយ​ក្រុមហ៊ុន Shanghai Construction Group ក៏​ភ្ជាប់​ទៅ​ចំណត​ផែ​កុងតឺន័រ​ថ្មី របស់​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ នៅក្នុង​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល និង​បំពេញបន្ថែម​សម្រាប់​ការតភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ​យ​ផងដែរ។

សូមបញ្ជាក់ថា គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី 3 នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ខែមករា ឆ្នាំ 2019 និង​អនុវត្ត​ការងារ​ត្រួតពិនិត្យ​គម្រោង​ដោយ​ក្រុមហ៊ុន Guangzhou Wanan Construction Supervision៕

Advertisement