ក្រុម​ហ៊ុន CATL សង់រោងចក្រ​ផលិត​ថ្ម​ផ្ទុកថាមពល​អគ្គិសនី ដើម្បី​ត្រៀម​សម្រាប់​យុគសម័យ TWh និង​តាម​តម្រូវ​ការ​ទីផ្សារ​រថយន្ត​អគ្គិសនី

ក្រុមហ៊ុន CATL មាន​គម្រោង​សាងសង់​រោង​ចក្រ​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​ថ្មី​នៅ​ទីក្រុង Luoyang នៃ​ខេត្ត Henan ប្រទេស​ចិន ដើម្បី​ត្រៀម​ទទួល​យក​ «យុគសម័យ TWh (terawatt hour/តេរ៉ាវ៉ាត់​ម៉ោង) ដែល​នឹង​មក​ដល់​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

គម្រោង​របស់ CATL (Contemporary Amperex Technology) ដែល​នឹង​មាន​​ទុន​វិនិយោគ​ឡើងដល់ ១.៩ ពាន់​លានដុល្លារ​អាម៉េរិក​នេះ ធ្វើ​ឡើង​​ក្នុងបំណង​ជំរុញ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ និងការ​​ផ្គត់ផ្គង់​តាម​តម្រូវ​ការ​ទីផ្សារយាន​យន្ត​អគ្គិសនី​ ដែល​កំពុងកើន​ឡើង​យ៉ាង​ឆាប់​រហ័ស​។

រោង​ចក្រ​នេះ​គ្រោង​នឹង​សាងសង់​រួច​រាល់​ដោយ​ប្រើពេល ៣៦ ខែ រាប់ចាប់​ពី​ថ្ងៃ​បើក​ការដ្ឋាន​។ គម្រោង​នេះ គ្រោង​នឹង​អនុវត្ត​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ ១១២ ហិកតា​ នៅ​ក្នុង​​ទីក្រុង Luoyang នៃ​ខេត្ត Henan ប្រទេស​ចិន។

យោង​តាម​ព័ត៌មានដែល​ត្រូវ​បាន​ប្រកាស​នៅ​លើ​គេហទំព័រ​ក្រុម​ហ៊ុន បច្ចុប្បន្ន CATL មាន​រោង​ចក្រ​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​សរុប​ចំនួន ១០ កន្លែង​ នៅ​ពាស​ពេញ​ពិភពលោក​។

ក្រុម​ហ៊ុន​ចិន CATL នេះ គឺជា​អ្នក​ផលិត​ថ្ម​ផ្ទុក​អគ្គិសនី​ធំជាង​គេ​បង្អស់​នៅ​ ប្រទេសចិន ក្នុង​នោះ​​មាន​ ១២.៩៩ GWh ត្រូវ​បាន​ដំឡើង​ក្នុង​ខែ​សីហា ២០២២​ និង​កំពុង​កាន់​កាប់​ចំណែក​ទីផ្សារ​ ៤៦.៧៩%​។ យោង​តាម SNE Research ក្រុម​ហ៊ុន CATL ក៏នាំ​មុខ​គេ​ក្នុង​ទីផ្សារ​ថ្មផ្ទុក​ថាមពល​អគ្គិសនី​ទូទាំង​ពិភពលោក​ ដោយ​កាន់កាប់​ចំណែក​ទីផ្សារ​ ៣៣.៥% ក្នុង​ខែ​កក្កដា ២០២២​៕

Advertisement