ក្រុមហ៊ុន​ថាមពល​កកើត​ឡើងវិញ ១០០% ធំ​បំផុត​ក្នុង​ពិភពលោក លោត​ចូល​ទីផ្សារ​អាស៊ីអាគ្នេយ៍

Acciona Energía (អេ​ស្ប៉ា​ញ) កាលពី​ថ្ងៃទី ១៤ កញ្ញា បានប្រកាសថា សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ​ភាគហ៊ុន ៥០% របស់ The Blue Circle (សិង្ហ​បុរី) ដើម្បី​ក្លាយជា​ដៃគូ​សហការ​យុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍ ស្ថាបនា និង​ដំណើរការ​ប្រព័ន្ធ​នៃ​បណ្ដា​គម្រោង​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

យោងតាម​កិច្ចព្រមព្រៀង​ខាងលើ ការ​ទិញដូរ​ដំបូង​គឺ ៣៤ ពាន់​ដុល្លារ​អាម៉េរិក ត្រូវបាន Acciona Energía ចំណាយ​សម្រាប់​ទិញ​ភាគហ៊ុន ៥០% របស់ The Blue Circle រួម​ជាមួយនឹង​កិច្ចសន្យា​ផ្ដល់ទុន​វិនិយោគ​ឡើងដល់ ១១៣.៥ លាន​ដុល្លារ សម្រាប់​បណ្ដា​គម្រោង​ដែល​ត្រៀម​រួចរាល់​ក្នុងការ​ស្ថាបនា។

ក្រោយពី​ការទិញ​ដូរ​បាន​រួចរាល់​ជា​ស្ថាពរ Acciona Energía នឹង​ក្លាយជា​ភាគ​ហ៊ុ​និក​ធំ​បំផុត​របស់ The Blue Circle។ នេះ​គឺជា​លើកដំបូង​បង្អស់​ដែល Acciona Energía អភិវឌ្ឍ ស្ថាបនា និង​ដំណើរការ​គម្រោង​នានា​នៅ អាស៊ីអាគ្នេយ៍។

លោក Olivier Duguet ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់ The Blue Circle បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​បាន​អភិវឌ្ឍ​គម្រោង​អគ្គិសនី​កម្លាំង​ខ្យល់​មួយចំនួន​នៅ អាស៊ីអាគ្នេយ៍ ចាប់ពី​ឆ្នាំ ២០១៣ ហើយ​គិត​មកដល់ពេលនេះ ក្រុមហ៊ុន​នេះ​បាន​នាំមុខគេ​នៅក្នុង​ប្រទេសមួយ​ចំនួន​នៅ​តំបន់​នេះ ដោយមាន​មូលនិធិ​កាន់កាប់​ដីធ្លី​ប្រមាណ ៩៤,៤៧៥ ហិកតា។

«កិច្ចសហការ​យុទ្ធសាស្ត្រ​ជាមួយនឹង Acciona Energía នៅក្នុង​អំឡុង​ថាមពល​កកើត​ឡើងវិញ​កំពុង​រីកចម្រើន​ក្នុង​តំបន់ នឹង​ជួយ​ឱ្យ The Blue Circle សម្រេចបាន​កំណើន​លេចធ្លោ​ក្នុងពេល​ខាងមុខ» លោក Duguet ឱ្យដឹង​ដូច្នេះ។

លោក Rafael Mateo នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Acciona Energía បញ្ជាក់ថា «ក្រោយ​ការវិនិយោគ​នៅ អូស្ត្រាលី យើង​ពិតជា​ចង់​សហការ​ជាមួយ The Blue Circle នៅក្នុង​ទីផ្សារ​ថាមពល​កកើតឡើង​វិញ​របស់ អាស៊ីអាគ្នេយ៍។ ហើយ​ការសហការ​នេះ បើកផ្លូវ​ឱ្យ​មានឱកាស​រីកចម្រើន​ថ្មី​សម្រាប់​យើង»៕

Advertisement