កម្ពុជា សម្ពោធ​​បើក​ដំណើរ​ការ​ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅ ខេត្តសៀមរាប

ពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីថ្មី ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម  ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវ​បាន​រៀប​ចំឡើងនាថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ ​ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ស្ថានីយបញ្ចូលថាមពលសម្រាប់​យានយន្តអគ្គិសនី​ថ្មី​នេះ ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដែល​ធ្វើ​ឡើង​ក្នុង​បំណង​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​យាន​យន្ត​អគ្គិសនី ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​យាន​យន្ត​ប្រភេទ​ថ្មី​នេះ​។

ការ​ដាក់​ដំណើរ​ការ​ស្ថានីយ​ថ្មី​ខាងលើ​នេះ ក៏ជា​ផ្នែក​មួយ​ដើម្បី​ជា​ការ​​បើក​ផ្លូវ​សម្រាប់​ក្រុម​​ហ៊ុន​​ឯកជន​ ចូល​រួម​វិនិយោគ​ក្នុង​វិស័យ​ថ្មី​នេះ​ ក្នុង​គោល​ដៅ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ជាសារធាតុ​បំពុល​បរិស្ថាន​ និង​​នាំ​ឱ្យ​​ផែនដី​ឡើង​កម្ដៅ​។

ទាក់​ទង​នឹង​ការ​ដាក់​ពង្រាយ​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​យាន​យន្ត​អគ្គិសនី រដ្ឋមន្ត្រីក្រសួងសាធារណការ បាន​មាន​ប្រសាសន៍​ថា ក្រសួង​បាន​ និង​កំពុង​ពិភាក្សា​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​ឯកជន​ដែល​ជា​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ ដើម្បី​ស្នើ​ឱ្យ​ដាក់​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​យាន​យន្ត​អគ្គិសនី​នេះ។ បច្ចុប្បន្ន មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ដាក់​ពង្រាយ ហើយ​មួយ​ចំនួន​ទៀត​កំពុង​តែ​រៀប​ចំ​ដំឡើង​។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ឱ្យ​ដឹង​ថា គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​កក្កដា ២០២២ កម្ពុជា មានយាន​យន្ត​អគ្គិសនី​ប្រមាណ ៣០៥ គ្រឿង ហើយ​បច្ចុប្បន្ន​បាន​ឡើង​ដល់​​ជិត ១,០០០ គ្រឿង​ ដែល​តួលេខ​នេះ​​ច្រើន​ជា​ងឆ្ងាយបើ​​ធៀប​នឹង ១៦​ គ្រឿង​កាល​ពីឆ្នាំ​ ២០២១​។

ទាក់​ទង​នឹង​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ងាក​មក​ប្រើ​ប្រាស់​យាន​យន្ត​អគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា កម្ពុជា បាន​បញ្ចុះ​អត្រា​ពន្ធ​ ៦៣% សម្រាប់​ការ​ទិញ​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រភេទ​ថ្មី​នេះ​។

យោង​តាម​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់​យាន​យន្ត​ដែល​បញ្ចូល​ថាមពល​អគ្គិសនី​នៅ​តាម​ស្ថានីយ​នានា​ នឹង​ត្រូវ​បង់​ប្រាក់​តែ​ ១៥០០ រៀល​ប៉ុណ្ណោះ នៅ​ក្នុង​ ១ គីឡូវ៉ាត់។

នៅ​ក្នុង​ពិធី​សម្ពោធ​នេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​ឱ្យ​ដឹង​ថា កម្ពុជា បាន​ និង​កំពុង​សិក្សា​អំពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ក្រោម​ដី​នៅ ភ្នំ​ពេញ, ផ្លូវ​ល្បឿន​លឿន​ទី ២ ភំពេញ​-បាវិត​ ខេត្ត​ស្វាយ​រៀង​រួម​នឹង​គម្រោង​ស្ថាបនា​ហេដ្ឋា​រចនាសម្ព័ន្ធ​ជា​ច្រើន​ផ្សេង​ទៀត​។

ក្រៅ​ពី​នេះ លោក​ទេសរដ្ឋមន្ត្រី​ ក៏​បាន​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ទំនិញ គោរព​ច្បាប់​ចរាចរណ៍ កុំដឹក​ទំនិញលើស​ចំណុះ ដើម្បី​ចូល​រួម​ថែរក្សា​ផ្លូវ​ឱ្យ​នៅ​គង់វង្សបាន​យូរអង្វែង​៕

Advertisement