ចិន ចាប់ផ្ដើម​សាងសង់​រោងចក្រ​វា​រី​អគ្គិសនី​តម្លៃ ១៧ ពាន់​លាន​ដុល្លារ ក្នុងប្រទេស​មួយ​នៅ​អាស៊ីអាគ្នេយ៍

គម្រោង​រោងចក្រ​វា​រី​អគ្គិសនី​ដែល​រួមមាន ទំនប់​ចំនួន ៥ កន្លែង និង​អាច​ផ្ដល់​ថាមពល​អគ្គិសនី​ខ្លាំងជាងគេ​នៅ អាស៊ីអាគ្នេយ៍ នេះ គ្រោង​នឹងត្រូវ​ចំណាយ​ទុន ១៧ ពាន់​លាន​ដុល្លារ​អាម៉េរិក និង​បញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០៣៥។

Kayan Hydro Energy (KHE) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​សាជីវកម្ម​សាងសង់​បណ្ដាញ​អគ្គិសនី​របស់​ប្រទេស​ចិន (PowerChina) បានចាប់ផ្ដើម​ការស្ថាបនា​រោងចក្រ​វា​រី​អគ្គិសនី​កម្លាំង ៩GW នៅលើ​កោះ Borneo របស់ ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​បម្រើ​ដល់​គម្រោង​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​បៃតង​នានា​ក្នុង​តំបន់។

បច្ចុប្បន្ន KHE កំពុង​សាងសង់​ផ្លូវ​ទៅកាន់​ទីតាំង​របស់​គម្រោង​វា​រី​អគ្គិសនី Kayan Cascade ដែល​ស្ថិតនៅតាម​បណ្ដោយ​ទន្លេ Kayan ក្នុង​ខេត្ត Kalimantan ខាងជើង។

គម្រោង​ដែល​រួមមាន ទំនប់​វា​រី​អគ្គិសនី​ចំនួន ៥ កន្លែង និង​អាច​ផ្ដល់​ថាមពល​អគ្គិសនី​ខ្លាំងជាងគេ​បង្អស់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នេះ គ្រោង​នឹងត្រូវ​ចំណាយ​ដើមទុន ១៧ ពាន់​លាន​ដុល្លារ​អាម៉េរិក និង​បញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០៣៥។

ទិដ្ឋភាព​គ្រឿង​ចក្រ​កំពុង​ចាប់​ផ្ដើម​អនុវត្ត​គម្រោង

ទំនប់​វា​រី​អគ្គិសនី​ដំបូង​របស់​គម្រោង​ខាងលើ គឺ Kayan 1 ដែល​ផ្ដល់​ថាមពល ៩០០MW គ្រោង​នឹង​ចាប់ផ្ដើម​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ឆ្នាំ ២០២៦។ ទំនប់​ចុងក្រោយ​គឺ Kayan 5 ដែល​ផ្ដល់​ថាមពល​រហូតដល់ ៣.៣GW គ្រោង​នឹង​ស្ថាបនា​រួចរាល់​នៅក្នុង​ឆ្នាំ ២០៣៥។

ប្រធាន និង​ជា​អគ្គនាយក​របស់ KHE លោក Andrew Suryali បានឱ្យដឹងថា ក្រុមហ៊ុន PowerChina Huadong នឹង​ទទួលខុសត្រូវ​ក្នុងការ​គូរ​ប្លង់ ចំណែក SinoHydro នឹង​រ៉ាប់រង​ផ្នែក​បច្ចេកទេស ការទិញ​សម្ភារ​សំណង់ និង​ការសាងសង់។

PowerChina Huadong និង SinoHydro គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ PowerChina។ ពួកគេ​ក៏​ជា​អ្នកចូលរួម​ក្នុង​ដំណើរការ​អនុវត្ត​គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដំបូង​របស់ ឥណ្ឌូណេស៊ី ដែល​ត​ភ្ជាប់​ពី រដ្ឋធានី​ហ្សា​ការ​តា ​ជា​មួយ​នឹង​ Bandung ដែលជា​ទីក្រុង​រដ្ឋបាល​របស់​ខេត្ត​ជ្វា​ខាងលិច​ផងដែរ៕

Advertisement