គម្រោង​​ព្រលាន​យន្តហោះ​ថ្មី​របស់ វៀតណាម នៅ​ក្បែរ​​ព្រំ​ដែន​ចិន នឹង​បង្ហាញ​រូប​រាង​នា​ពេល​ឆាប់​ៗ​

យោង​តាម​សេចក្ដី​សម្រេច​របស់​ រដ្ឋាភិបាល​វៀតណាម នៅ​ឆ្នាំ ២០៣០ អាកាស​យានដ្ឋាន​ Lai Chau នឹង​ក្លាយជា​ព្រលាន​យន្តហោះ​ស៊ីវិល​កម្រិង​ ៣C និង​ជា​ព្រលាន​យន្តហោះ​យោធា​កម្រិត​ ៣។

​សារព័ត៌មាន​វៀតណាម ដែល​បាន​ចេញ​ផ្សាយនា​ពេល​ថ្មីៗ​នេះ បាន​ឱ្យ​ដឹង​ថា តាម​ផែនការ គម្រោង​អាកាសយានដ្ឋាន​ Lai Chau ដែល​ទើប​ត្រូវ​បាន​កែសម្រួល​ចុង​ក្រោយ​នេះ​ បង្ហាញ​ថា នឹង​អាច​ទទួល​អ្នក​ដំណើរ​បាន​កន្លះលាន​នាក់​ក្នុង​ ១ ឆ្នាំ​ៗ ដោយ​សាង​សង់​នៅ​​​​លើ​ផ្ទៃ​ដី​ជាង ១១៧ ហិកតា​។ គម្រោង​ដែល​​​​ត្រូវ​បាន​គណនា​​ឃើញ​ថា ត្រូវ​ការ​ទុន​វិនិយោគ​ប្រហែល ៤.៣៥ ទ្រី​លាន​ដុង (ជាង ១៨៥ លាន​ដុល្លារអាម៉េរិក) ​នេះ គ្រោង​នឹង​ត្រូវ​ស្ថាបនា​នៅ​ក្នុង​ទីរួម​ស្រុក Tan Uyen នៃ​ខេត្ត Lai Chau ក្បែរ​ព្រំដែន​​ចិន​ដីគោក ជាប់​នឹង​ខេត្ត​ Yunnan។

មុន​នោះ ក្នុង​សេចក្ដី​សម្រេច​របស់​ រដ្ឋាភិបាល​វៀតណាម គម្រោង​ស្ថាបនា​ព្រលាន​យន្តហោះ Lai Chau គ្រោង​នឹង​ត្រូវ​ការ​ទុនវិនិយោគសរុប ៨ ទ្រីលាន​ដុង (៣៤០ លាន​ដុល្លារ​អាម៉េរិក) ដោយ​សាងសង់​នៅ​លើ​ផ្ទៃដី ១៦៧ ហិកតា ហើយ​នៅ​ឆ្នាំ ២០៣០ អាកាស​យានដ្ឋាន​ Lai Chau នឹង​ក្លាយជា​ព្រលាន​យន្តហោះ​ស៊ីវិល​កម្រិង​ ៣C និង​ជា​ព្រលាន​យន្តហោះ​យោធា​កម្រិត​ ៣។

ក្រុមប្រឹក្សាភិបាល​ខេត្ត Lai Chau បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ មាន​អ្នកវិនិយោគ​មួយ​ចំនួន​កំពុង​ចាប់​អារម្មណ៍​ និង​កំពុងសិក្សា​​​គម្រោង​​វិនិយោគ​លើ​ព្រលាន​យន្ត​ហោះ​ខាង​លើ​ទៅ​តាម​រូប​មន្ត «ភាព​ជាដៃគូរវាង​រដ្ឋ និង​ឯកជន (PPP-Public – Private Partnership)។

ដើម្បី​សម្រួល​ដល់​​អ្នក​វិនិយោគ​ក្នុង​ការ​បំពេញ​ឯកសារ​ផ្លូវ​ច្បាប់ និង​ការ​អនុវត្ត​គម្រោង អាជ្ញាធរ​ខេត្ត Lai Chau ស្នើ​ឱ្យ​ នាយករដ្ឋមន្ត្រី​វៀតណាម ពិនិត្យ​ អនុម័ត​លើ​ការ​ស្ថាបនា​ព្រលាន​យន្តហោះ​ Lai Chau ទៅ​តាម​រូប​មន្ត​ PPP និង​ប្រគល់​គម្រោង​នេះ​មក​ឱ្យ​ក្រុម​ប្រឹក្សាខេត្ត Lai Chau ដើម្បី​គ្រប់​គ្រង​ និង​អនុវត្ត​៕

Advertisement