ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែដែល​តភ្ជាប់​ តំបន់​អាស៊ាន ទៅ​កាន់​ប្រទេស​ចិន ទើបតែ​​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ផ្លូវល្បឿនលឿន Van Don – Mong Cai របស់ វៀតណាម

ចាប់ពី​ម៉ោង ១៥ ថ្ងៃទី ០១ កញ្ញា ផ្លូវ​ល្បឿន​លឿន Van Don – Mong Cai ត្រូវបាន​អនុញ្ញាត​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ បន្ទាប់ពី​ការសាងសង់​រយៈពេល ២ ឆ្នាំ ជួយ​ឱ្យ​ពេលវេលា​ធ្វើដំណើរ​ពី Mong Cai ជាប់ ​ព្រំដែន​ចិន ទៅកាន់ រដ្ឋធានី​ហាណូយ ចុះមក​នៅត្រឹម ៣ ម៉ោង។

ផ្លូវ​ល្បឿន​លឿន Van Don – Mong Cai នេះ​តម្រូវឱ្យ​អ្នកប្រើប្រាស់​យានយន្ត​បើកបរ​ក្នុង​ល្បឿន​ចាប់ពី ៦០ ទៅ ១២ គីឡូម៉ែត្រ/ម៉ោង ទៅតាម​កំណាត់​ផ្លូវនីមួយៗដែល​អាជ្ញាធរ​បានកំណត់។

ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកចូលរួម​ធ្វើ​ចរាចរណ៍ ក្រុមមន្ត្រី​ក្នុង​ខេត្ត Quang Ninh បាន​ស្នើឱ្យ​ក្រុមហ៊ុន​វិនិយោគ មិន​យក​ថ្លៃ​រហូតដល់​ដំណាច់ខែ​កញ្ញា​នេះ។

ផ្លូវ​ល្បឿន​លឿន Van Don – Mong Cai បច្ចុប្បន្ន​ត្រូវបាន​ស្ថាបនា​រួចរាល់​ក្នុង​ប្រវែង​ជាង ៧៩ គីឡូម៉ែត្រ។ ផ្លូវ​នេះ​មាន​ទទឹង ២៥.២៥ ម៉ែត្រ, ​មាន ៤ គន្លង​សម្រាប់​រថយន្ត និង​អាចឱ្យ​បើកបរ​ក្នុង​ល្បឿន​ឡើងដល់ ១២០ គូ​ឡូ​ម៉ែត្រ/ម៉ោង។

អាជ្ញាធរ​វៀតណាម រំពឹងថា ផ្លូវ​ល្បឿន​លឿន Van Don – Mong Cai នេះ នឹង​ក្លាយជា​ចំណែក​មួយ​ក្នុង​ការគាំទ្រ​ដល់​វិស័យ​ដឹកជញ្ជូន ទេសចរណ៍ និង​ការដោះដូរ​ពាណិជ្ជកម្ម រវាង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាមួយនឹង​ ប្រទេស​ចិន និង​​បណ្ដា​ប្រទេស​នៅ​​ភាគ​​ឦសាន​នៃ​ ទ្វីប​អាស៊ី​៕

Advertisement