ឥណ្ឌា មានបំណង​ពង្រីក​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់ កម្ពុជា ឡាវ និង វៀតណាម

រដ្ឋាភិបាល​ឥណ្ឌា មាន​គោលដៅ​ជំរុញ​ការពង្រីក​ផ្លូវ​ល្បឿន​លឿន​មកកាន់ កម្ពុជា ឡាវ និង វៀតណាម ដើម្បី​បង្កើន​ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​សមាជិក​អាស៊ាន។

ឥណ្ឌា កំពុងតែ​ជំរុញ​ការស្ថាបនា និង​ពង្រីក​កំណាត់​ផ្លូវ​ល្បឿន​លឿន ឥណ្ឌា-មី​យ៉ាន​ម៉ា-ថៃ ដើម្បី​កែលម្អ​ការតភ្ជាប់​ក្នុង​តំបន់។ នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បានស្នើ​ឱ្យមាន​ការពង្រីក​ផ្លូវ​ល្បឿន​លឿន​នេះ មកកាន់ កម្ពុជា ឡាវ និង វៀតណាម បន្ថែមទៀត ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ការដោះដូរ​ពាណិជ្ជកម្ម រវាង ឥណ្ឌា និង​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

ផ្លូវ​ល្បឿន​លឿន​អន្តរជាតិ​ដែល​ចាប់ផ្ដើម​ពី ប្រទេស​ឥណ្ឌា មកកាន់​តំបន់​អាស៊ាន បច្ចុប្បន្ន ត្រូវបាន​ភ្ជាប់​ជាមួយ ប្រទេស​មី​យ៉ាន​ម៉ា និង ប្រទេស​ថៃ ដោយមាន​ប្រវែង​ប្រហែល ១,៤០០ គីឡូម៉ែត្រ។ បើសិនជា​ត្រូវបាន​ពង្រីក​មកកាន់ កម្ពុជា ឡាវ និង វៀតណាម នោះ​ផ្លូវ​នេះ​នឹងមាន​ប្រវែង​សរុប​ប្រមាណ ៣,២០០ គីឡូម៉ែត្រ។

ផ្លូវ​ល្បឿនលឿន​ ឥណ្ឌ- មីយ៉ាម៉ា-ថៃ 

គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​សកម្មភាព​ឆ្ពោះទៅ​ទិសខាងកើត​របស់ ឥណ្ឌា ដែលជា​គំនិត​ផ្ដួចផ្ដើម​ក្នុង​វិស័យ​ការទូត ក្នុង​បំណង​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​វប្បធម៌​រវាង ឥណ្ឌា និង​បណ្ដា​ប្រទេស​នៅ តំបន់​អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក។

ការតភ្ជាប់ ឥណ្ឌា ជាមួយ កម្ពុជា ឡាវ និង វៀតណាម ក៏ត្រូវ​បានចាត់ទុក​ថា​ជា ការធ្វើឱ្យមាន​តុល្យភាព​ជាមួយនឹង គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ របស់ ប្រទេស​ចិន ផងដែរ៕

Advertisement