ស្ពាន​យោលសម្រាប់​ឡាន​ដឹក​សម្ភារ​សំណង​ ​ឆ្លងកាត់​ពីលើ​ជ្រលង​ភ្នំ​ជម្រៅ ៣០០ ម៉ែត្រ (វីដេអូ)

(ប្រទេស​ចិន)-ស្ពាន​បណ្ដោះអាសន្ន​មួយ​ខ្សែ​ដែលមាន​សមត្ថភាព​ផ្ទុក ៤៥ តោន និង​ប្រវែង​ជាង ២៤៥ ម៉ែត្រ ត្រូវបាន​គេ​សង់​ឡើង​ដើម្បី​ដឹកជញ្ជូន​គ្រឿងសំណង់​ទៅឱ្យ​ការដ្ឋាន​មួយ​ដែល​កំពុង​អនុវត្ត​គម្រោង ជំនួស​ឱ្យ​ការធ្វើដំណើរ​តាមផ្លូវ​បត់បែន​ចម្ងាយ ៣០ គីឡូម៉ែត្រ។

ទិដ្ឋភាព​រថយន្ត​បរ​ឆ្លងកាត់​តាម​ស្ពាន​យោល​បណ្ដោះអាសន្ន​នេះ ត្រូវបាន​គេ​ប្រៀបប្រដូច​ទៅនឹង​អ្នក​សំដែង​សៀក​កំពុង​ដើរ​នៅលើ​ខ្សែ។ ស្ពាន​យោល​ដែល​ធ្វើឡើង​ពី​ខ្សែពួរ​នេះ​ទាក់ទាញ​បាន​ចំណាប់អារម្មណ៍​ច្រើន​ពី​អ្នកលេង​បណ្ដាញ​សង្គម នេះ​បើតាម Xinhua ចេញផ្សាយ​កាលពី​ថ្ងៃទី ៣១ កក្កដា។

ស្ពាន​ដែលមាន​ទទឹង​ត្រឹមតែ ៤.៣ ម៉ែត្រ, បណ្ដោយ​ជាង ២៤៥ ម៉ែត្រ និង​អាច​ទ្រ​បាន​ទម្ងន់ ៤៥ តោន​នេះ ត្រូវបាន​​សាង​សង់​​ឆ្លង​កាត់​ពីលើ​ជ្រលង​ភ្នំ​មួយ​ដែលមាន​ជម្រៅ ៣០០ ម៉ែត្រ។

ស្ពាន​នេះ​គឺជា​ផ្លូវ​បណ្ដោះអាសន្ន​សម្រាប់​ការដឹកជញ្ជូន​សម្ភារ​សំណង់​នានាទៅ​ឱ្យ​​គម្រោង​​ស្ពាន​មួយ​ផ្សេងទៀត​ដែល​កំពុង​ត្រូវបាន​ស្ថាបនា។

ផ្លូវ​ចរាចរណ៍​ដែលមាន​ស្រាប់ មិន​សមស្រប​ជាមួយនឹង​ការងារ​ខាងលើ និង​ត្រូវការ​ពង្រីក​បន្ថែម​បើសិន​មិន​ចង់​បរ​តាមផ្លូវ​ដែលមាន​ចម្ងាយ ៣០ គីឡូម៉ែត្រ។ ដូច្នេះ ស្ពាន​យោល​នេះ​ក៏​ត្រូវបាន​បង្កើតឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ។

ស្ពាន​បណ្ដោះអាសន្ន​ដែល​ស្ថិតនៅក្នុង​ខេត្ត Chongqing ភាគ​និរតី​នៃ ប្រទេស​ចិន នេះ ជួយ​កាត់បន្ថយ​ការចំណាយ​​ប្រាក់​កាស និង​ចៀសវាង​ផលប៉ះពាល់​មិនចាំបាច់​ដល់​បរិស្ថាន៕

Advertisement