អា​រ៉ា​ប៊ី​សា​អូឌីត សាងសង់​អគារ​ខ្ពស់កប់ពពក លាតសន្ធឹង​ទន្ទឹមគ្នា​ប្រវែង ១២០ គីឡូម៉ែត្រ

ក្រោមអគារ Mirror Line

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត មាន​គម្រោង​សាងសង់ Mirror Line ដែលជា​អគារ​ភ្លោះ​កប់​ពពក​ផ្ដេកខ្លួន​ទន្ទឹមគ្នា និង​លាតសន្ធឹង​ប្រវែង ១២០ គីឡូម៉ែត្រ កាត់​ទទឹង​ឆ្នេរសមុទ្រ ភ្នំ និង​សមុទ្រ​ខ្សាច់ ដោយ​ប្រើប្រាស់​ខ្ទង់​វិនិយោគ​ឡើងដល់ ១ ទ្រីលាន​​ដុល្លារ​អាម៉េរិក។

ដោយមាន​កម្ពស់​ជិត ៥០០ ម៉ែត្រ Mirror Line នឹង​ក្លាយជា​សំណង​ដ៏​មហិមា​បំផុត​ក្នុង​ពិភពលោក។ អគារ​ភ្លោះ​នេះ​ត្រូវបាន​គ្រប​ដោយ​កញ្ចក់​នៅ​ចំហៀង​ខាងក្រៅ និង​ត​ភ្ជាប់​គ្នា​ដោយ​ផ្លូវ​ថ្មើរជើង ហើយ​អាចដាក់​មនុស្ស​បាន ៥ លាន​នាក់ បន្ទាប់ពី​សាងសង់​រួចរាល់ នេះ​បើតាម Wall Street Journal ចេញផ្សាយ​កាលពី​ថ្ងៃទី ២៣ កក្កដា ២០២២។

ក្រោម​អគារ Mirror Line នឹងមាន​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​មួយ​ខ្សែ។ ប្រភព​អាហារ​សម្រាប់​ប្រជាជន​ដែល​រស់នៅក្នុង​អគារ​នេះ នឹង​បានមកពី​បណ្ដា​កសិដ្ឋាន​ឈរ​ត្រង់​នៅក្នុង​អគារ។ ក្រៅពីនេះ អគារ​ភ្លោះ​នេះ​ក៏​នឹងមាន​កីឡដ្ឋាន​មួយ​ដែល​ស្ថិតនៅ​កម្ពស់​ជាង ៣០០ ម៉ែត្រ និង​ចំណតកប៉ាល់​ទេសចរណ៍​ស្ថិតនៅ​ខាងក្រោម​ដំបូល​ចន្លោះ​អគារ​ទាំងពីរ​នេះ។

Mirror Line គឺជា​គម្រោង​លំដាប់​ខ្ពស់ និង​ស្ថិតក្នុង Neom ដែលជា​គម្រោង​ទីក្រុង​ធំ​ប៉ុន​រដ្ឋ Massachusetts របស់ សហរដ្ឋ​អាម៉េរិក ដែល​ផ្ដួចផ្ដើម​ការសាងសង់​ដោយ​ព្រះអង្គម្ចាស់ Mohammed bin Salman របស់ អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​បំណង​ធ្វើ​ព​ពិធ​កម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​ពឹង​ផ្អែកលើ​រ៉ែ​ប្រេង។ តាម​គម្រោង អគារ​ភ្លោះ​នេះ​នឹង​ចំណាយ​ទុនវិនិយោគ​សរុប ១ ទ្រី​លាន (១,០០០,០០០,០០០,០០០) ដុល្លារ​អាម៉េរិក។

នៅក្នុង​អគារ Mirror Line ប្រជាជន​នឹង​ចំណាយពេល​តែ ២០ នាទី​ប៉ុណ្ណោះ​ក្នុងការ​ធ្វើដំណើរ​ពី​ចុង​ម្ខាង​នៃ​អគារ ទៅកាន់​ចុង​ម្ខាង​ទៀត។ ដោយសារតែ​ដំណើរការ​ដោយ​ថាមពល​កកើត​ឡើងវិញ អគារ​ភ្លោះ​នេះ​នឹងមិន​បញ្ចេញ​ឧស្ម័ន​ពុល​ទៅក្នុង​បរិយាកាស។

យោងតាម​ការវាយតម្លៃ​លើ​គម្រោង Mirror Line កាលពី​ខែមករា ២០២១ បង្ហាញថា សំណង់​នេះ​ត្រូវការ​សាងសង់​ទៅតាម​ដំណាក់កាល និង​ត្រូវការ​ពេលវេលា​សាងសង់​សរុប​រហូតដល់ ៥០ ឆ្នាំ។ នៅពេល​សាងសង់​រួចរាល់ Mirror Line នឹង​លាតសន្ធឹង​កាត់​ឆកសមុទ្រ Aqaba និង​ឆ្លងកាត់​ជួរ​ភ្នំ​មួយ​នៅក្បែរ​មាត់សមុទ្រ៕

 

Advertisement