អាជ្ញាធរ​ចិន សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​​ផ្លូវ​ល្បឿន​លឿន​ក្រោម​ទឹក​វែង​ជាងគេ​ប្រចាំ​ប្រទេស

ផ្លូវ​ល្បឿន​លឿន​ក្រោម​ទឹក​ប្រវែង​ជាង ១០ គីឡូម៉ែត្រ ស្ថិតនៅ​ខាងក្រោម​បឹង​ទឹកសាប​ធំជាងគេ​មួយ​នៅ​ប្រទេស ចិន ដោយ​ឆ្លង​កាន់​តំបន់ Taihu នៃ​ខេត្ត Jiangsu ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ បន្ទាប់ពី​ការស្ថាបនា​អស់​រយៈពេល ៤ ឆ្នាំ។

ផ្លូវ​រូង​ក្រោម​ទឹក​ដែលមាន​ប្រវែង ១០.៧៩ គីឡូម៉ែត្រ កម្ពស់ ៧.២៥ ម៉ែត្រ និង​ទទឹង ៤៣.៦ ម៉ែត្រ នេះ ត្រូវបាន​សាងសង់​នៅ​ខាងក្រោម​បឹង Taihu ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៥០ គីឡូម៉ែត្រ​ទៅ​ទិសខាងកើត​នៃ​ទីក្រុង សៀង​ហៃ។

ផ្លូវ​ល្បឿន​លឿន​ក្រោម​ទឹក​នេះ​ជា​ផ្នែក​មួយ​នៃ​ផ្លូវ​ល្បឿន​លឿន​ប្រវែង ៤៤ គីឡូម៉ែត្រ តម្លៃ ២.៤ ពាន់​លាន​ដុល្លារ នៅក្នុង​ខេត្ត Jiangsu ដែល​ត​ភ្ជាប់​ទីក្រុង Wuxi ស្ថិតនៅលើ​ឆ្នេរ​ខាងជើង​របស់​បឹង Taihu ជាមួយនឹង​ទីក្រុង Changzhou។

គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ទឹក Taihu ដែល​វែង​ជាងគេ​នៅ​ប្រទេស ចិន នេះ ត្រូវបាន​ចាប់ផ្ដើម​ការ​សាងសង់​ពី​ខែមករា ឆ្នាំ ២០១៨។ ផ្លូវ ២ ទិស​ផ្ទុយគ្នា​នេះ មាន​គន្លង​ចំនួន ៦ អនុញ្ញាតឱ្យ​យានយន្ត​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ/ម៉ោង។ គម្រោង​នេះ​បាន​ចំណាយ​ថវិកា​សរុប ៥ ពាន់​លាន​យុន (ប្រហែល ៧៨៤.៧ លាន​ដុល្លារ​អាម៉េរិក)។

ផ្លូវ​រូង​ក្រោម​ទឹក Taihu នឹង​ជួយ​កាត់បន្ថយ​បាន​ពាក់កណ្ដាល​នៃ​ពេលវេលា​ធ្វើដំណើរ​រវាង​ស្រុក Mashan និង Nanquan របស់​ទីក្រុង Wuxi។

Taihu គឺជា​បឹង​មួយ​ក្នុងចំណោម​បឹង​ទឹកសាប​ធំ​បំផុត​ក្នុងប្រទេស ចិន ដោយមាន​ផ្ទៃក្រឡា ២,២៥០ គីឡូម៉ែត្រ។ នៅលើ​បឹង​នេះ មាន​កោះតូចៗជាច្រើន​ផងដែរ។ វា​ជា​ប្រភព​ផ្គត់ផ្គង់​ទឹក​សម្រាប់​មនុស្ស​ប្រមាណ ៣០ លាន​នាក់ ប៉ុន្តែ ត្រូវ​រង​ផលប៉ះពាល់​ខ្លាំង​ក្នុង​រយៈពេល ៤០ ឆ្នាំ​កន្លង ដោយសារតែ​បញ្ហា​បរិស្ថាន ពិសេស​គឺ​សកម្មភាព​បង្ហូរទឹក​ចេញពី​លូ សំរាម កាកសំណល់​ឧស្សាហកម្ម និង​លាមក​សត្វ៕

Advertisement