ប្រធានសមាគមអចលនទ្រព្យអន្តរជាតិជាច្រើននឹងបង្ហាញ វត្តមាននៅកម្ពុជា

ភ្នំពេញៈ ប្រធានសមាគម និងអតីតប្រធានសមាគមក្នុងវិស័យអចលនទ្រព្យជាច្រើនមកពីបណ្តាប្រទេសក្នុងតំបន់ និងសហរដ្ឋអាមេរិកនឹងចូលរួមនៅក្នុងសន្និបាត និងពិព័រណ៍អចលនទ្រព្យកម្ពុជានៅចុងខែមិថុនានេះ។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជាបានថ្លែងឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី17 មិថុនានេះថា ប្រធានសមាគមមកពីបណ្តាប្រទេសក្នុងតំបន់ចំនួន6រូប អតីតប្រធានមួយរូប និងប្រធាន​សមាគម National Realtor Association មកពីសហរដ្ឋអាមេរិកនឹងចូល​រួមក្នុងសន្និបាត និងពិព័រណ៍អចលនទ្រព្យដែលនឹងចាប់ផ្តើមពីថ្ងៃទី24 ដល់ថ្ងៃទី25 មិថុនាខាងមុខនេះ។

ពិធីនេះនឹងមានការអញ្ជើញចូលរួមជាអធិបតីបើកកម្មវិធីពីសំណាក់លោកជំទាវ​ងួនសុខារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពិធីនេះ​នឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

លោក គីម ហ៊ាង បានបន្តថា “អ្វីដែលកម្ពុជាទទួលបានផលចំណេ​ញពីពិព័រណ៍នេះ គឺជាការជួយផ្សព្វផ្សាយពីសក្តានុពលវិស័យអចលនទ្រព្យនៅកម្ពុជាការចែករំលែកបទពិសោធ និងចំណេះដឹងពីអ្នកជោគជ័យក្នុងវិស័យអចលនវត្ថុនានានៅកម្ពុជា និងពីអ្នកជំនាញអន្តរជាតិ”។

ក្រុមហ៊ុនវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យល្បីៗនឹង​បង្ហាញវត្តមានក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះរួមមាន បុរីប៉េង ហួត បុរីអ័រគីដេ បុរីជីប ម៉ុង គម្រោងសុរិន្ទភូមិ និងខុនដូThe Penhouse Resident។

លោកស្រី តាំង ហួរ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ព្រឹត្តិការណ៍នេះពិតជាមានភាពចំណេញ​ច្រើនណាស់ដល់អ្នកចូលរួមព្រោះពួកគេអាចរៀនសូត្រផ្ទាល់ពីបទពិសោ​ធរបស់អ្នកជោគជ័យក្នុងវិស័យនេះ និងស្តាប់បទពិសោធរបស់អ្នកជោគជ័យពីប្រទេសជឿនលឿននានាកាលពី30ទៅ40ឆ្នាំមុនថាតើ ហេ​តុអ្វីបានពួកគេអាចអភិវឌ្ឍប្រទេសរបស់ពួកគេបានជឿនលឿន។

លោកស្រីបន្តថា ការចូលរួមក្នុងសន្និបាតនេះ ខុសពីការរៀននៅ​សាលាដែលមានតែទ្រឹស្តី តែការរៀនសូត្រពីអ្នកជោគជ័យល្បីៗ គឺជា​ចំណេះដឹងនៃការអនុវត្តផ្ទាល់ ហើយយើងអាចយកមកអភិវឌ្ឍខ្លួន​យើងបាន និងអាស្រ័យលើភាពឆ្លាតវៃរបស់យើងផងដែរថា តើអាច​ក្រេបជញ្ជក់យកចំណេះដឹង និងអាចយកទៅប្រើប្រាស់បានយ៉ាងដូចម្តេច?៕

Advertisement