ឥណ្ឌណេស៊ី ចាប់​ផ្ដើម​ដំណាក់កាល​ទីបី​នៃ​គម្រោងកសាង​​រដ្ឋធានី​ថ្មី

កាល​ពី​ថ្ងៃទី 20 ធ្នូ 2023 ឥណ្ឌូណេស៊ី​ បាន​សម្ពោធ​​​ដំណាក់​កាល​ទីបី​នៃ​គម្រោង​កសាង​រដ្ឋធានី​ថ្មី (IKN) Nusantara នៅក្នុង​ខេត្ត Kalimantan ខាង​កើត ដែល​ស្ថិត​នៅ​លើកោះ Borneo ក្រោម​អធិបតីភាព​ប្រធានាធិបតី Joko Widodo ។

យោង​តាម​សារព័ត៌មាន​នានា​ នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​មន្ទីរ​ពេទ្យ​ពហុព្យាបាល​មជ្ឈិម ដែលមាន​ឯកទេស​ខាង​បេះដូង​ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ប្រធានាធិបតី Joko Widodo លើក​ឡើង​ថា នេះ​គឺជា​មន្ទីរពេទ្យ​ទីបួន​ដែល​ត្រូវ​បាន​សាងសង់​នៅ Nusantara ក្នុង​រយៈ​ពេល​បី​ខែ​កន្លង​មក​នេះ​។

លោក​សម្ដែង​ក្ដី​សង្ឃឹម​ថា នៅ​ពេល​មន្ទីរពេទ្យ​ទាំង​នេះ​ផ្ដើម​​ដំណើរ​ការ​ចាប់​ពី​ឆ្នាំ 2024​ ប្រជាជន​នឹង​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ដូច ម៉ាឡេស៊ី សិង្ហបុរី ឬ​ទៅ​កាន់​ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាម៉េរិក​ ដើម្បី​ព្យាបាល​ជំងឺ​ដូច​មុន​ទៀត​ឡើយ។

មុន​នោះ អាជ្ញាធរ​គ្រប់​គ្រង​ IKN (OIKN) បាន​ឱ្យ​ដឹង​ថា ពិធី​សម្ពោធ​បើក​ការដ្ឋាន​ដំណាក់​កាល​ទីបី​នៃ​គម្រោង​កសាង​រដ្ឋធានី​ថ្មី​ដែល​មាន​តម្លៃ​ជាង 30 ពាន់​លាន​ដុល្លារ​អាម៉េរិកនេះ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី 20-21 ខែ​ធ្នូ 2023 នៅ​ក្នុង​តំបន់​ចំនួន​បី គឺ តំបន់​បៃតង តំបន់​ស្ថាប័ន​រដ្ឋ និង​តំបន់​អេកូឡូស៊ី​។

យោង​តាម​អ្នក​នាំពាក្យ​របស់ OIKN លោក Troy Pantouw ដំណាក់កាល​ទីបី​រួម​មាន បណ្ដា​គម្រោង​ដាំព្រៃ​ឈើ ប្រព័ន្ធ​គមនាគមន៍​ដែល​ដំណើរ​ការ​ដោយ​អគ្គិសនី សណ្ឋាគារ មន្ទីរ​ពេទ្យ រួម​នឹង​គម្រោង​ជា​ច្រើន​ផ្សេង​ទៀត ដែល​មានទុន​វិនិយោគ​សរុបប្រមាណ 645 លាន​ដុល្លារ​អាម៉េរិក​។

ឥណ្ឌូណេស៊ី បាន​ប្រកាស​អំពី​គម្រោង​រើ​រដ្ឋធានី​ចេញពីកោះជ្វា (Java) ដែល​មាន​ប្រជាជន​ច្រើនជាង​គេ​លើពិភពលោក កាល​ពី​ខែ​មេសា 2019​។ ប៉ុន្មាន​ខែ​ក្រោយ​មក ប្រធានាធិបតី​ប្រទេស​នេះ​ក៏​បាន​ប្រកាស​ថា ​ស្រុក Penajam Paser ខាង​ជើង និង Kutai Kertanegara នៃ​ខេត្ត Kalimantan ខាង​កើត ត្រូវ​បាន​ជ្រើស​រើស​ជា​ទីតាំង​សម្រាប់​កសាង​រដ្ឋធានីថ្មី​។

បើ​តាម​ផែនការ Nusantara នឹង​ដើរ​តួនាទី​ជា​មជ្ឈមណ្ឌលរដ្ឋបាល​​របស់​ឥណ្ឌូណេស៊ី ក្នុង​គ្រា​ដែល​រដ្ឋធានី​បច្ចុប្បន្ន គឺ ហ្សាការតា​ នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ Nusantara នឹង​ត្រូវ​បាន​គ្រប់​គ្រង​ដូច​ទៅ​នឹង​តំបន់​ស្វយ័ត ទៅ​តាម​រដ្ឋធម្មនុញ្ញ ក្នុង​នោះ មេដឹក​នាំ​រដ្ឋធានី​ថ្មី​នេះ​នឹង​មាន​ឋានៈ​ជា​រដ្ឋមន្ត្រី​៕

Advertisement