ដី​និម្មិត​មួយ​ដុំ នៅក្នុង Decentraland (ស្រដៀង Mateverse) ​ត្រូវ​បាន​លក់​ក្នុង​​តម្លៃ ២.៤ លាន​ដុល្លារ​អាម៉េរិក

ថ្នាល Decentraland ឱ្យដឹងថា ខ្លួន​ទើបតែ​បាន​លក់​ដី​និម្មិត​មួយ​ដុំ ទំហំ ៥៦៥ ម៉ែត្រការ៉េ ក្នុងតម្លៃ ២.៤៣ លាន​ដុល្លារ​អាម៉េរិក។

ម្ចាស់​ថ្មី​នៃ​ដី​និម្មិត​នេះ​នឹង​ជា Metaverse Group របស់ Tokens.com ជា​ក្រុមហ៊ុន​របស់ កាណាដា ដែលមាន​ជំនាញ​ខាង​ការវិនិយោគ​ក្នុង​វិស័យ​វិមជ្ឈការ​ហិរញ្ញវត្ថុ (decentralized finance)។ Tokens.com និយាយថា នឹង​ប្រើប្រាស់​ដី​និម្មិត​មួយ​ដុំ​នេះ​ដើម្បី​ពង្រីក​ខ្លួន​ទៅក្នុង​វិស័យ​ម៉ូ​ដែល​សម្លៀកបំពាក់​ឌីជីថល និង​លក់​ខោអាវ​និម្មិត​ដល់​អ្នកចូលរួម​លេង metaverse។

ដី​មួយ​ដុំ​នេះ​រួមមាន ១១៦ ឡូត៍ ទំហំ ៦,០៩០ ហ្វ៊ី​ត​ក្រឡា (៥៦៥ ម៉ែត្រក្រឡា) ស្ថិតក្នុង​តំបន់ «ក្រុង​ម៉ូ​ដែល» នៅលើ​ផែនទី​របស់ Decentraland។

Decentraland បានកំណត់​តម្លៃ​ដី​នេះ ៦១៨,០០០ Mana ស្មើនឹង ២.៤៣ លាន​ដុល្លារ​អាម៉េរិក។ សារព័ត៌មាន Reuters ក៏បាន​ឱ្យដឹងថា ការជួញដូរ​នេះ​ក៏​ត្រូវបាន​កត់ត្រា​នៅក្នុង​ទីផ្សារ OpenSea ផងដែរ។

យោងតាម Insider នេះ​គឺជា​ដី​និម្មិត​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​នាបច្ចុប្បន្ន ពោលគឺ​ថ្លៃ​ជាង​បី​ដង​ធៀប​នឹង​ដីឡូត៍​និម្មិត​តម្លៃ ៩០០,០០០ ដុល្លារ​ដែល​ត្រូវបាន​លក់​កាលពី​ខែមិថុនា។

ជា​មធ្យម ដី​ទំហំ ១ ហ្វ៊ូ​ត​ក្រឡា (៣០.៤៨ សង់ទីម៉ែត្រ​ក្រឡា) នៅក្នុង Decentraland មានតម្លៃ ៤០០ ដុល្លារ ខណៈដី​ពិត​នៅ San Francisco សហរដ្ឋ​អាម៉េរិក មានតម្លៃ ១,២០០ ដុល្លារ/ហ្វ៊ូ​ត​ក្រឡា។

ពិភពនិម្មិតរបស់ Decentraland

Decentraland ត្រូវបាន​បង្កើតឡើង​ដូច​ទៅនឹង​លំហ​អវកាស​និម្មិត (mateverse)។ ដីធ្លី និង​ទំនិញ​នៅទីនេះ​ត្រូវបាន​លក់​ក្រោមរូបភាព token មិនអាច​ជំនួស (NFT)។ អ្នកចូលរួម​នឹង​ប្រើប្រាស់​ប្រាក់​ឌីជីថល Mana ដើម្បី​ទិញ​ទំនិញ​និម្មិត និង​ដី​និម្មិត​នៅទីនេះ ដែល​ដូច​ទៅនឹង​ការវិនិយោគ។

Decentraland មាន​លក្ខណៈ​ស្រដៀង​នឹង​ហ្គេម Minecraft។ ក្នុងនោះ ដីធ្លី​និម្មិត​ត្រូវបាន​បែង​ជា​ឡូត៍​ទំហំ ១៦x១៦ ហើយ​ត្រូវបាន​ភ្ជាប់​ជាមួយនឹង NFT មួយ។ យោងតាម Coinbase ប្រាក់ Mana ក្នុង Decentraland បាន​កើន ៤០០% រាប់​ចាប់ពី​ពេល Facebook បាន​ប្ដូរ​ឈ្មោះ​ទៅជា Meta។ ក្នុង​ថ្ងៃទី 25 វិច្ឆិកា តម្លៃ​របស់​ប្រាក់​ឌីជីថល Mana ក៏បាន​ឡើងដល់​កម្រិត​ខ្ពស់​ថ្មី​គឺ ៥.៧៨ ដុល្លារ/Mana៕

Advertisement