(វីដេអូ)-ស្ពាន​បោះ​ពុ​ម្ភ​ដោយ​ម៉ាស៊ីន 3D ​ដំឡើង​ពី​ផ្ទាំង​បេតុង 500 ស្រទាប់

(អ៊ីតាលី)-ស្ពាន​ថ្នើ​រ​ជើង​ប្រវែង 16 ម៉ែត្រ ក្នុង​ឧទ្យាន​មួយ​នៅ​ទីក្រុង Venice ត្រូវបាន​សាងសង់​ពី​ផ្ទាំង​បេតុង​ចំនួន 53 ដុំ ដែល​ទាំងអស់​សុទ្ធតែ​ត្រូវបាន​បោះ​ពុ​ម្ភ​ដោយ​ម៉ាស៊ីន 3D និង​ប្រើពេល​តែ 84 ម៉ោង​ប៉ុណ្ណោះ។

ស្ពានបេតុង​ដែល​ត្រូវបាន​បោះ​ពុ​ម្ភ​ដោយ​ម៉ាស៊ីន 3D នេះ ឈរ​ជាប់​យ៉ាង​មាំ​ដោយ​មិន​ចាំ​បាច់​​ប្រើ​ប្រាស់​​ទម្រ ឬ​គ្រោង​ដែក។

ក្រុមហ៊ុន Zaha Hadid Architects និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​ជាតិ​ស្វី​ស (ETH Zurich) គឺជា​អ្នក​រចនា Striatus ដែលជា​ស្ពាន​ថ្នើ​រ​ជើង 3D ត្រូវបាន​ដំឡើង​ដោយ​មិនបាច់​មាន​ទម្រ​ង ឬ​គ្រោងឆ្អឹង។

ស្ពាន​ដែល​ស្ថិតនៅក្នុង​ឧទ្យាន​មួយ​នៃ​ទីក្រុង Venice ប្រទេស អ៊ីតាលី នេះ មាន​ប្រវែង 16 ម៉ែត្រ ទទឹង 12 ម៉ែត្រ និង​ត្រូវបាន​ដំឡើង​ពី​ដុំ​បេតុង​ចំនួន 53 ដុំ ហើយ​ក្នុង 1 ដុំៗ មាន​បេតុង​ចំនួន 500 ស្រទាប់ និង​ប្រើពេល​ចាប់ពី 1 ម៉ោង ដល់ 2 ម៉ោង​ក្នុង​ការបោះ​ពុ​ម្ភ 1 ដុំ។

ពេលវេលា​សរុប​ដែល​ត្រូវបាន​ចំណាយ​សម្រាប់​ការបោះ​ពុ​ម្ភ​ដុំ​បេតុង​ទាំងនោះ​គឺ 84 ម៉ោង។ ដំណាក់កាល​នៃ​ការ​បង្ហើយ​ការងារ​សាងសង់​ដែល​រួមមាន ដំណាក់កាល​ចាក់គ្រឹះ ដំឡើង​តួ ដំឡើង​កាំជណ្ដើរ និង​ផ្ទៃ​ខាងមុខ​របស់​ស្ពាន បាន​ស៊ីពេល​អស់ 35 ថ្ងៃ។

សំណង់​នេះ​ជួយ​លើកកម្ពស់​តម្លៃ​សិល្បៈ​ក្នុងការ​សាងសង់​ដោយ​ថ្ម​បុរាណ។ ដុំ​បេតុង​ត្រូវបាន​តម្រៀប​យ៉ាង​សមស្រប​ដើម្បីឱ្យ​ទម្ងន់​របស់​សំណង់​ត្រូវបាន​បែងចែក​ស្មើគ្នា​ដល់​គ្រឹះ​ទាំងឡាយ​របស់​វា និង​មិនចាំបាច់​មាន​គ្រោងឆ្អឹង​ខាងក្នុង៕

Advertisement