អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បើក​ឱ្យប្រើ​ប្រាស់​បណ្ដោះអាសន្ន ផ្លូវ​ក្រោម​ដី​ចោមចៅ​មួយ​ខ្សែ​ទៀត ដើម្បី​សម្រួល​ចរាចរណ៍

ការសម្រេច​បើក​ឱ្យ​ដំណើរការ​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ​ទៀត ជា​បណ្តោះអាសន្ន​នេះ នៅ​ចំណុច​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍ ខណៈ​ក្រុមការងារ​កំពុង​សាងសង់​ផ្លូវ​ត​ភ្ជាប់​ដទៃ។

មន្ត្រី​ជំនាញ​របស់​សាលា​រាជធានី​ភ្នំពេញ នា​ថ្ងៃនេះ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា មូល​ហេតុដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​បើកផ្លូវ​ក្រោម​ដី​បណ្ដោះអាសន្ន​នេះ​គឺ​ដើម្បី​ជួយ​សម្រួល​ការកកស្ទះ​ចរាចរណ៍ ក្នុងពេល​អ៊ុត​កៅស៊ូ​លើ​កំណាត់​ផ្លូវ​ដែល​ត​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​ទៅ​ផ្លូវជាតិ លេខ 4 និង​ផ្លូវ​ត​ភ្ជាប់​ពី​មហាវិថី​ចោមចៅ​ទៅ​មហាវិថី​សហព័ន្ធរុស្ស៊ី។

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ជា​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា តាមរយៈ​សាលា​រាជធានី​ភ្នំពេញ ដោយ​ទទួល​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន កម្ពុជា (OCIC) ដោយ​ប្រើប្រាស់​ការ​សាង​សង់​​ក្នុង​រយៈពេល 30 ខែ និង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ 22 លាន​ដុល្លារ​អាម៉េរិក។

Advertisement