មិនទាន់​គ្រប់​អាយុ​ផឹកស្រា​ផង បង្កើតបាន​ក្រុមហ៊ុន​មួយ បច្ចុប្បន្ន​មានតម្លៃ 95ពាន់​លាន​ដុល្លារ៖ សព្វថ្ងៃ​នៅតែ​ជិះ​កង់​ទៅធ្វើ​ការ និង​ជួល​ផ្ទះ​ស្នាក់នៅ​រួមគ្នា

Patrick Collison និង​ John Collison

ថ្វីបើ​ពេលនេះ ក្នុងម្នាក់ៗមានទ្រព្យ​ចំនួន 11 ពាន់​លាន​ដុល្លារ​អាមេរិក​ក៏ដោយ ប៉ុន្តែ ពីរ​នាក់​បងប្អូន​ខាង​ក្រោម​នេះ មិនមែនជា​ប្រភេទ​មហាសេដ្ឋី​ដែល​ចូលចិត្ត​បង្អួត​ភាព​ហ៊ឺហា ហ៊ឺ​ក​ហ៊ា​ក់​នោះឡើយ។

កាលពី​ចុង​សប្ដាហ៍​មុន ក្រុមហ៊ុន​ទូទាត់​ប្រាក់ Stripe ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​បងប្អូន​ប្រុស​ពីរ​នាក់​គឺ Patrick និង John Collison ទើបតែ​ប្រមូល​ទុនវិនិយោគ​បាន​ចំនួន 600 លាន​ដុល្លារ​អាមេរិក នាំឱ្យ​តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ​កើនឡើង​ដល់ 95 ពាន់​លាន​ដុល្លារ​អាមេរិក។

ថ្វីបើ​នាពេល​បច្ចុប្បន្ន ក្នុងម្នាក់ៗមានទ្រព្យ​សម្បត្តិ​ចំនួន 11 ពាន់​លាន​ដុល្លារ ប៉ុន្តែ​ពួកគេ​ជួល​ផ្ទះ​ដែលមាន​បន្ទប់​គេង​ចំនួន​ពីរ ស្នាក់នៅ​រួមគ្នា នាទី​ក្រុង San Francisco អស់​ជាច្រើន​ឆ្នាំ​មកហើយ សូម្បីតែ​នៅពេល​តម្លៃ​របស់​ក្រុមហ៊ុន​បាន​កើនឡើង​កប់​ពពក។ ពួកគេ​នៅតែ​ជិះ​កង់​ទៅ​ធ្វើការ​រៀងរាល់ថ្ងៃ ជំនួស​ឱ្យ​ការ​ជិះ​រថយន្ត​ផ្ទាល់ខ្លួន នេះ​បើតាម​អ្នក​ដែល​បាន​ស្គាល់​ពួកគេ។

Michael Moritz ដែលជា​បុគ្គលិក​មួយរូប​ធ្វើ​ការឱ្យ​អ្នកវិនិយោគ​ម្នា​ក់នា​ដំណាក់កាល​ដំបូង​របស់ Stripe បានឱ្យដឹងថា៖ «រឿងរ៉ាវ​ជោគជ័យ​របស់​ពួកគេ ពិតជា​នឹកស្មាន​មិន​ដល់។ ខាងក្រោម​នេះ​គឺជា​ប្រវត្តិ​នៃ​ការបង្កើត​មុខ​ជំនួញ​របស់ Patrick និង John៖

Patrick និង John ធំ​ឡើង​នៅក្នុង​ភូមិតូច​មួយ​នៅ​ប្រទេស​អៀឡង់ និង​ជា​កូនប្រុស​របស់​គ្រួសារ​មួយ​ដែលមាន​ឪពុក​ជា​ម្ចាស់​ផ្ទះជួល និង​ម្ដាយ​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​តូច​មួយ។

អ្នក​ទាំងពីរ​ចូលចិត្ត​អាន​សៀវភៅ​ខ្លាំងណាស់។ Patrick (កូនច្បង) បានឱ្យដឹងថា ពួកគេ​បាន​អាន​សៀវភៅ​ស្ដីអំពី​ការសរសេរ​កូដ​កុំព្យូទ័រ និង​អ៊ី​ន​ធើ​ណិ​ត នៅក្នុង​បណ្ណាល័យ ពេល​កំពុង​នៅ​ជា​សិស្ស មុនពេល​ពួកគេ​មានឱកាស​ប្រើ​អ៊ី​ន​ធើ​ណិ​ត។ ក្រោយមក Patrick និង John ក៏បាន​បង្កើត​គេហទំព័រ​ផ្ទាល់ខ្លួន និង​នាំគ្នា «hack» ចូល​គេហទំព័រ​របស់​គ្នា​ទៅវិញ-ទៅមក ដើម្បី​បង្កើន​ចំណេះ។

ពេល​ចូលរៀន​នៅ​មហាវិទ្យាល័យ Patrick និង John រួមដៃគ្នា​បង្កើត​កម្មវិធី​កុំព្យូទ័រ​មួយ​ដែល​ជួយ​ឱ្យ​អ្នកលក់​អន​ឡាញ​នៅលើ eBay អាច​លក់​ដេញថ្លៃ​ផលិតផល។ ឆ្នាំ 2008 ពួកគេ​បាន​លក់​ក្រុមហ៊ុន​នេះ​ក្នុងតម្លៃ 5 លាន​ដុល្លារ​អាមេរិក។ បន្ទាប់មក សេដ្ឋី​វ័យក្មេង​ទាំងពីរ​នាក់​នេះ​បានសម្រេច​ចិត្ត​បោះបង់​មហាវិទ្យាល័យ​ដើម្បី​តាម​ចាប់​គម្រោង​ថ្មី។

នៅពេល​ដឹងថា ការទូទាត់​ប្រាក់​តាម​អន​ឡាញ​នៅតាម​បណ្ដា​ក្រុមហ៊ុន នៅមាន​ច​ម្លោះ​ប្រហោង​ច្រើន ពួកគេ​ក៏បាន​បង្កើត​កូដ​មួយ​ដែលមាន 7 បន្ទាត់ សម្រាប់​ដាក់ចូល​ក្នុង​គេហទំព័រ និង​កម្មវិធី​នានា​ដើម្បី​ភ្ជាប់​ជាមួយនឹង​ប័ណ្ណឥណទាន ប្រព័ន្ធ​ធនាគារ ក្នុង​គោលដៅ​ទូទាត់​ប្រាក់​តាម​អន​ឡាញ។ នោះ​គឺជា​ជំហាន​ដំបូង​របស់ Stripe ដែលជា​ដំណោះស្រាយ​ក្នុងការ​ទូទាត់​ប្រាក់​ដែល​កំពុង​បច្ចុប្បន្ន​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​បណ្ដា​ក្រុមហ៊ុនធំៗ ដូចជា Facebook, Twitter, Alibaba, Apple និង Lyft ជាដើម។ល។

ពួកគេ​បានសម្រេច​ចិត្ត​ប្រែក្លាយ​ក្ដី​ស្រមៃ​ឱ្យទៅជា​ការពិត បើទោះជា​មិនទាន់​គ្រប់​អាយុ​ផឹកស្រា​ដោយ​ស្របច្បាប់​ក៏ដោយ ដោយ​ពួកគេ​បាន​ទៅ​ជួប Y Combinator ដែលជា​ថ្នាល​បណ្ដុះ «គ្រាប់ពូជ» ក្រុមហ៊ុន​ថ្មី​នៅ​សហរដ្ឋអាមេរិក។ ហើយ​ពួកគេ​ក៏​ទទួលបាន​ខ្ទង់​វិនិយោគ​ពី​ក្រុម​អ្នក​បណ្ដាក់ទុនល្បីៗ ដូចជា Peter Thiel, Andreessen Horowitz និង Sequoia ជាដើម។

Patrick គឺជា​មនុស្ស​ស្ងាត់ស្ងៀម មានគំនិត​ច្រើន និង​ពូកែ​ខាង​កម្មវិធី​កុំព្យូទ័រ។ ចំណែក John វិញ​គឺជា​បុរស​ដែលមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​លក់ដូរ និង​សមស្រប​ជាមួយនឹង​តំណែង CEO។

នៅក្នុង​ក្រុមហ៊ុន Stripe ពុំដែល​មានមុខ​តំណែង​នោះទេ​សម្រាប់​បុគ្គលិក​ធម្មតា។ ពួកគេ​តែង​ធ្វើការ​ជា​ក្រុម​ដើម្បី​លើកឡើង​អំពី​ការយល់ឃើញ​ផ្ទាល់ខ្លួន ឬ​ផ្ដល់​មតិ​ដោយ​ស្មើភាព​គ្នា​បំផុត។

ក្រៅពីនេះ តម្លាភាព​ក៏​ជា​ចំណុច​សំខាន់​មួយ​ដែល​ត្រូវបាន​អនុវត្ត​នៅក្នុង​ក្រុមហ៊ុន Stripe។ រាល់​អ៊ី​មេ​ល​ចេញ-ចូល សុទ្ធតែ​ត្រូវបាន​ធ្វើឡើង​ដោយ​បើកចំហ និង​អាច​ស្វែង​រកបាន។ គោលបំណង​នៃ​ប្រការនេះ​គឺ​ដើម្បី​ជួយ​ឱ្យ​បុគ្គលិក​មាន​ភាពងាយស្រួល​ក្នុង​ស្វែងរក​ចម្លើយ​សម្រាប់​អ្វីដែល​ពួកគេ​មាន​ចម្ងល់ ហើយ​វា​បាន​ជួយ​ឱ្យ​ការបំពេញ​កិច្ចការ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ចែករំលែក​ជាមួយ Financial Times លោក Patrick និយាយថា៖ «ពួកយើង​ជា​ក្រុមមនុស្ស​ដែល​ធ្វើការ​ដំបូង​គេ​នៅ Stripe ក៏ប៉ុន្តែ​មិនមែនជា​មនុស្ស​សំខាន់​ជាងគេ​បង្អស់​នោះឡើយ។ យើង​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​តែប៉ុណ្ណោះ»។

យោងតាម​សារព័ត៌មាន Bloomberg បងប្អូន​ត្រកូល Collison នេះ បច្ចុប្បន្ន​ស្ថិតនៅ​ក្នុងចំណោម​មហាសេដ្ឋី​ចំនួន 200 នាក់ ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​ក្នុង​ពិភពលោក៕

ប្រភព៖ Business Insider
ប្រែ​សម្រួល៖ បុត្រា

Advertisement