ចិន​មាន​មហាសេដ្ឋី​ដុល្លារ​ច្រើនជាងគេ​ក្នុង​ពិភពលោក

យោងតាម Hurun (Hurun Global Rich List) ចិន​គឺជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែលមាន​មហាសេដ្ឋី​ដុល្លារ​ច្រើនជាង 1,000 នាក់ ក្នុងនោះ មាន​មហាសេដ្ឋី​ថ្មី​ជាង 200 នាក់ បានបង្ហាញ​ខ្លួន​នៅ​ប្រទេស​នេះ​នា​ឆ្នាំ 2020។

សារព័ត៌មាន AFP ដកស្រង់​របាយការណ៍​របស់ Hurun បាន​បង្ហាញថា ក្នុង​ឆ្នាំ 2020 អ្នកមាន​ចំនួន 259 នាក់ បាន​ក្លាយជា​មហាសេដ្ឋី​ដុល្លារ​នៅ​ប្រទេស​ចិន។ ដូច្នេះ បច្ចុប្បន្ន ប្រទេស​ចិន​មាន​មហាសេដ្ឋី​សរុប​ចំនួន 1,059នាក់។ សហរដ្ឋអាមេរិក​ជាប់​លេខ 2 ដោយមាន​មហាសេដ្ឋី​សរុប​ចំនួន 696 នាក់ ក្នុងនោះ​មាន​មហាសេដ្ឋី​ថ្មី​ចំនួន 70 នាក់។

តួលេខ​មហាសេដ្ឋី​នៅ​ប្រទេស​ចិន បាន​កើន​ជិត​ទ្វេដង​នៅក្នុង​អំឡុង 5 ឆ្នាំ​កន្លងទៅនេះ។ អ្នកមាន​ជាងគេ​បង្អស់​នៅ​ប្រទេស​ចិន​នាបច្ចុប្បន្ន​គឺ​លោក Zhong Shanshan ជា​ថៅកែ​ក្រុមហ៊ុន​ផលិត​ភេសជ្ជ Nongfu។ ដោយមាន​ទ្រព្យ​សរុប 74 ពាន់​លាន​ដុល្លារ លោក Zhong គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី​ពីរ​នៅក្នុង​ទ្វីបអាស៊ី ឈរ​ពីក្រោយ​មហាសេដ្ឋី​ឥណ្ឌា លោក Mukesh Ambani ដែលមាន​ទ្រព្យ​សរុប 81.2 ពាន់​លាន​ដុល្លារ​អាមេរិក។

ពិភពលោក​បច្ចុប្បន្ន​មាន​មហាសេដ្ឋី​ចំនួន 3,228 នាក់ កាន់កាប់​ក្រុមហ៊ុន​ចំនួន 2,402 ស្ថាប័ន នៅក្នុង​ប្រទេស​​ចំនួន 68។ នៅ​ប្រទេស​ចិន រដ្ឋធានី​ប៉េកាំង មាន​មហាសេដ្ឋី​ចំនួន 145 នាក់ រីឯ​ទីក្រុង​សៀង​ហៃ​ឈរ​លេខ 2 ដោយមាន​មហាសេដ្ឋី 113 នាក់ ចំណែក​ទីក្រុង សិន​ជិន (Shenzhen) មាន 105 នាក់ ខណៈ​ហុងកុង​មាន 82 នាក់។

យោងតាម Bloomberg Billionaires Index អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon លោក Jeff Bezos បច្ចុប្បន្ន (ថ្ងៃទី 5 មីនា 2021) ជា​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​សរុប​ចំនួន 175 ពាន់​លាន​ដុល្លារ។ ឈរ​លំដាប់​លេខ 2 គឺ​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla លោក Elon Musk ដោយមាន​ទ្រព្យ​សរុប 162 ពាន់​លាន​ដុល្លារ។ ចំណែក​លេខ 3 គឺ​លោក Bill Gates មាន 134 ពាន់​លាន​ដុល្លារ៕

ប្រភព៖ AFP, Bloomberg
ប្រែសម្រួល​៖ បុត្រា

Advertisement