ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់ Amazon ខ្ពស់ជាង 1ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ 2020

វីរុស​មហា​រាតត្បាត Covid-19 បាន​នាំឱ្យ​មនុស្សម្នា​ជ្រើសរើស​វិធី​ទិញ​ទំនិញ​តាម​អន​ឡាញ ចំណែក​ក្រុមហ៊ុន​ជាច្រើន​ក៏បាន​អនុញ្ញាតឱ្យ​បុគ្គលិក​ធ្វើការ​ពី​ចម្ងាយ ដែល​នេះ​បាន និង​កំពុង​នាំមក​នូវ​ឱកាស​យ៉ាង​ប្រសើរ​ដល់​ក្រុមហ៊ុន Amazon របស់​មហាសេដ្ឋី Jeff Bezos។

ក្រុមហ៊ុន Amazon មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន 2 ដែល​កំពុង​រក​ចំណាយបាន​ច្រើនជាងគេ រួមមាន ផ្សារ​អន​ឡាញ Amazon និង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ព័ត៌មានវិទ្យា Amazon Web Services (AWS)។ របាយការណ៍​ហិរញ្ញវត្ថុ​សម្រាប់​ត្រីមាស​ទី 4 ដែល​ត្រូវបាន​ប្រកាស​កន្លងមក បាន​បង្ហាញថា ជា​លើកដំបូង​ហើយ​ដែល​ប្រាក់ចំណូល​របស់ Amazon បាន​លោត​ផុត​ចំណុច 100 ពាន់​លាន​ដុល្លារ​អាមេរិក។

គិត​ត្រឹម​ចុងខែ​មីនា​នេះ Amazon គ្រោង​នឹង​រកបាន​ចំណូល​ចាប់ពី 100-106 ពាន់​លាន​ដុល្លារ និង​ចំណេញ​ចាប់ពី 3-6.5 ពាន់​ដុល្លារ។ ប៉ុន្តែ ក្រុមអ្នកវិភាគ​បាន​ព្យាករ​ថា ប្រាក់ចំណូល​ជា​មធ្យម​នៅក្នុង​ត្រីមាស​ទីមួយ​របស់ Amazon នា​ឆ្នាំនេះ នឹង​បានត្រឹមតែ 95.72 ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ប្រាក់ចំណេញ​នឹង​បាន​ត្រឹម 6.07 ពាន់​លាន​ដុល្លារ។

ប្រការ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ​នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ខាងលើ នោះ​គឺថា ប្រាក់ចំណូល​ជា​មធ្យម​ក្នុង​មួយថ្ងៃ​របស់​ក្រុមហ៊ុន​នេះ ខ្ពស់ជាង 1 ពាន់​លាន​ដុល្លារ​ទៅទៀត។ បច្ចុប្បន្ន ក្នុងចំណោម​ក្រុមហ៊ុនធំៗនៅ​សហរដ្ឋ​អាមេរិក មានតែ​ក្រុមហ៊ុន​លក់រាយ Wal-Mart តែមួយគត់​ដែល​រកបាន​ចំណូល​ប្រហាក់ប្រហែល​នេះ។ កាលពី​អតីត​កាល ឯតទគ្គ​កម្មនេះ​បាន​ទៅលើ ExxonMobil ដែលជា​ក្រុមហ៊ុន​សាជីវកម្ម​ប្រេង​ពហុ​ជាតិ​របស់​សហរដ្ឋអាមេរិក ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Irving រដ្ឋ Texas។

យោងតាម​របាយការណ៍​របស់ EMarketer ការចំណាយ​តាមរយៈ​អន​ឡាញ​របស់​ជនជាតិ​អាមេរិកាំង​នៅក្នុង​ឆ្នាំ 2021 នេះ នឹង​ឡើងដល់ 843.0 ពាន់​លាន​ដុល្លារ កើន 6.1% បើ​ធៀប​នឹង​ឆ្នាំ 2020។ ប៉ុន្តែ នៅពេល​ស្ថានភាព Covid-19 បានល្អ​ប្រសើរ​ឡើងវិញ កំណើន​នៃ​ការទិញ​ដូរ​តាម​អន​ឡាញ​នឹងត្រូវ​ថយចុះ​មិន​ខាន ហើយ​ពេលនោះ ប្រាក់ចំណូល​របស់ Amazon ក៏​អាច​នឹងត្រូវ​ថយចុះ៕

ប្រភព៖ Bloomberg
ប្រែសម្រួល​៖ បុត្រា

Advertisement