អ្នក​មាន​ជាង​គេ​ក្នុង​​លោក​ចំនួន​3​រូប​​ ដែល​មិន​ត្រូវ​បង់ពន្ធ​លើ​ប្រាក់​​ចំណូល​​បុគ្គល​

កំពូល​មហា​សេដ្ឋី​ពិភពលោក​ចំនួន​ 3​រូប​ គឺ លោក Jeff Bezos លោក Elon Musk និង​លោក​ Bill Gates ​មិន​ត្រូវ​បង់​ពន្ធ​លើ​ប្រាក់​ចំណូលបុគ្គល នោះ​ទេ ដោយ​សារ​តែ​គោល​នយោបាយ​របស់​រដ្ឋ​ដែល​ពួកគេ​កំពុង​រស់​នៅ​។

នៅក្នុង​សន្និសីទ​មួយ​​ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​ Wall Street Journal កាល​ពី​ថ្ងៃទី 15​ធ្នូ ឆ្នាំ​2020 ​មហា​សេដ្ឋី Elon Musk ដែល​ជា​ CEO របស់​ក្រុម​ហ៊ុន​ផលិត​រថយន្តអគ្គិសនី​ Tesla និង​ក្រុម​ហ៊ុន​ផលិត​យាន​អវកាស​ SpaceX បាន​ទទួល​ស្គាល់​អំពី​ព័ត៌មាន​ដែល​ថា​ លោក​រើ​ផ្ទះ​ទៅ​នៅ​ឯរដ្ឋ​ Texas។

ការ​រើ​​ពី​រដ្ឋ California ទៅ​នៅ​ក្នុង​រដ្ឋ Texas នេះ​ ពិត​ជា​មាន​ភាព​ងាយ​ស្រួល​ដល់​លោក Musk ដោយ​សារ​តែ​ពេល​នេះ​ លោក​បាន​នៅ​ក្បែរ​រោង​ចក្រ​របស់ SpaceX និង Tesla។ ក៏ប៉ុន្តែ មូលហេតុ​ពិសេស​មួយ​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​មហា​សេដ្ឋី​រូប​នេះ រើ​ទៅ​នៅ​ក្នុង​រដ្ឋ Texas នោះ​គឺ Texas គឺជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ចំនួន​ 9 នៅ​សហរដ្ឋ​អាមេរិក​ ដែល​មិន​យក​ពន្ធ​លើ​ប្រាក់​ចំណូល​បុគ្គល (personal income tax)។​ ដូច្នេះ លោក Musk នឹង​កាត់​បន្ថយ​ចំណាយ​បាន​ច្រើន​ទៅ​លើ​ការ​បង់​ពន្ធ​ នៅ​ពេល​បាន​ចាក​ចេញពី​ California ​ជា​រដ្ឋ​​ដែល​យក​ពន្ធ​លើ​ប្រាក់​ចំណូល​ខ្ពស់​ជាង​គេ​បំផុត​ បើ​ធៀប​នឹង​បណ្ដា​រដ្ឋ​ផ្សេងៗ​​នៅ​សហរដ្ឋ​អាមេរិក​។

លោក Jeff Bezos

លោក​ Elon Musk បច្ចុប្បន្ន​គឺជា​មហា​សេដ្ឋី​​​លំដាប់​ទីពីរ​ក្នុង​ពិភពលោក​ ដោយ​មានទ្រព្យ​​សរុប​ឡើង​ដល់​ 152​ ពាន់​លាន​ដុល្លារ​អាមេរិក​។ ចំណែក​លោក Jeff Bezos (មហា​សេដ្ឋី​លំដាប់​ទី​មួយ​) និង​លោក Bill Gates (មហា​សេដ្ឋី​លំដាប់​ទី​បី) សុទ្ធ​តែ​ជា​អ្នក​រស់​នៅ​​ឯ Washington ជា​រដ្ឋ​ដែល​មិន​យក​ពន្ធ​លើ​ប្រាក់​ចំណូល​បុគ្គល​។ ប្រការ​នេះ​មាន​ន័យ​ថា កំពូល​អ្នក​មាន​ជាង​គេទាំង​ 3 ​រូប​នៅ​ក្នុង​លោក​  មិន​ត្រូវ​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​បុគ្គល​​ទៅ​ឱ្យ​​រដ្ឋ​ដែល​ពួកគេ​កំពុង​រស់​នៅ​។

លោក Bill Gates

ក៏ប៉ុន្តែ ដោយ​សារ​តែ​រដ្ឋ​មួយ​ចំនួន​ យកពន្ធ​លើ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ដោយ​យោង​ទៅ​តាម​ទីកន្លែង​ដែល​ពួក​គេ​ធ្វើការ ដែល​ហៅ​ថា «ពន្ធ​លើ​ប្រាក់​ចំណូល​សម្រាប់​បុគ្គលក្រៅ​រដ្ឋ​» ដូច្នេះ កំពូល​អ្នក​មាន​ទាំង​ 3 ​រូប​ខាងលើ នៅ​តែ​ត្រូវ​បង់​ពន្ធ​ចំពោះ​​ប្រាក់​ចំណូល​​ដែល​បាន​ពី​ការ​ងារ​របស់​ពួកគេ​​នៅ​ឯរដ្ឋ​ដទៃ​។ តួយ៉ាង​ រដ្ឋ​ California នៅ​តែ​យក​ពន្ធ​​ពី​លោក Elon Musk នៅក្នុង​ថ្ងៃ​ដែល​លោក​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋ​នេះ​។

លោក Elon Musk

មួយ​វិញ​ទៀត ​បណ្ដា​រដ្ឋ​ដែល​មិន​យក​ពន្ធ​លើ​ប្រាក់​ចំណូល​បុគ្គល តែ​​បែរ​ជា​យក​ពន្ធ​ក្នុង​អត្រា​ខ្ពស់​​ទៅ​លើ​ការ​លក់​ដូរ​ ឬ​ពន្ធ​លើ​អចលន​ទ្រព្យ​​ជា​ដើម​ ដើម្បី​ «ប៉ះប៉ូវ» សម្រាប់​​​ពន្ធ​លើ​ប្រាក់​ចំណូល​បុគ្គល​ទៅវិញ​៕

ប្រភព​៖ BI

Advertisement