ក្លាយជា​សេដ្ឋី ដោយសារ​គាំទ្រ​មហាសេដ្ឋី Elon Musk និង​ក្រុមហ៊ុន Tesla

ក្លាយជា​សេដ្ឋី ដោយសារ​គាំទ្រ​មហាសេដ្ឋី Elon Musk និង​ក្រុមហ៊ុន Tesla

មនុស្ស​ជាច្រើន​បាន​ក្លាយជា Teslanaires (សេដ្ឋី Tesla) ព្រោះតែ​ការគាំទ្រ​លោក Elon Musk និង​បាន​ចូលរួម​ទិញ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន Tesla  តែងតែ​ពី​ដំណាក់កាលដំបូង។

Brandon Smith ដែល​ឆ្នាំ 2020 នេះ មាន​អាយុ 32ឆ្នាំ ជា​អ្នក​ផលិត​វីដេអូ និង​មិនមាន​រថយន្ត​អគ្គិសនី Tesla ទេ បើ​ទោះ​លោកអ្នក​គាំទ្រ​ក្រុមហ៊ុន​នេះ​ក៏ដោយ។ ជាង​នេះ នៅក្នុង​ទីរួមស្រុក​មួយ​ក្នុង​ទីក្រុង Milwaukee នៃ​រដ្ឋ Wisconsin ដែល​លោក​កំពុង​រស់នៅ ការដែល​គេ​មើលឃើញ​រថយន្ត Tesla ក៏​ជា​រឿង​កម្រ។

ក៏ប៉ុន្តែ កាលពី​ចុងខែ​មិថុនា ឆ្នាំ 2017 លោក Smith បានសម្រេច​ចិត្ត​យកប្រាក់​សន្សំ​របស់ខ្លួន​ចំនួន 10,000 ដុល្លារ​អាមេរិក ទៅ​ទិញ​មូល​ប​ត្រ Tesla។ Smith បានឱ្យដឹងថា នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​លោក​បាន​វិនិយោគ​ទៅក្នុង​ក្រុមហ៊ុន​មួយ ហើយ​នេះ​គឺជា​ការចាប់​ផ្ដើមដំបូង​របស់លោក។ រៀងរាល់​លើក​បន្ទាប់ពី​បាន​បើក​ប្រាក់ខែ Smith ទូទាត់​វិក្កយបត្រ​នានា និង​នៅសល់​ប៉ុន្មាន ក៏​តែងតែ​យកទៅ​ទិញ​មូល​ប​ត្រ Tesla។ ជា​សរុប លោក Smith បាន​ចំណាយ​ប្រាក់​ប្រហែល 90,000 ដុល្លារ​នៅក្នុង​ការទិញ​មូល​ប​ត្រ​ក្រុមហ៊ុន​នេះ។

«ប្រាក់បៀវត្ស​របស់ខ្ញុំ​មិន​ដល់6ខ្ទង់​ទេ ហើយ​ខ្ញុំ​ក៏​មិន​យល់​អ្វី​អំពី​កិច្ចព្រមព្រៀង​លើ​សិទ្ធិ​ជ្រើសរើស​នោះដែរ។ ខ្ញុំ​គ្រាន់តែ​ទិញ និង​កាន់កាប់​វា (មូល​ប​ត្រ) រហូតមកដល់​បច្ចុប្បន្ន។ ខ្ញុំ​មិន​ធ្លាប់បាន​លក់​មូល​ប​ត្រ​នេះ​មួយ​ហ៊ុន​ណា​ឡើយ» លោក Smith បាន​ប្រាប់ Bloomberg តាម​ទូរស័ព្ទ​បែបនេះ។

បច្ចុប្បន្ន លោក Smith បាន​ក្លាយជា​មនុស្ស​ម្នាក់​នៅក្នុង​បញ្ជី​ឈ្មោះ «សេដ្ឋី Tesla» (Teslanaires) ជា​ឈ្មោះ​របស់​ក្រុមមនុស្ស​ដែល​បាន​ក្លាយជា​សេដ្ឋី ដោយសារ​ការវិនិយោគ​ទៅក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla របស់​មហាសេដ្ឋី Elon Musk។ មូល​ប​ត្រ Tesla សរុប ដែល Smith កំពុង​កាន់កាប់​បច្ចុប្បន្ន មានតម្លៃ​ជាង 1 លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​មូល​ប​ត្រ​នេះ​បាន​កើនឡើង​ជិត 731% នៅក្នុង​ឆ្នាំ 2020។

ក្លាយជាសេដ្ឋី ដោយសារគាំទ្រមហាសេដ្ឋី Elon Musk និងក្រុមហ៊ុន Tesla
លោក Brandon Smith អាយុ 32ឆ្នាំ ជា​អ្នក​គាំទ្រ​​របស់​មហា​សេដ្ឋី Elon Musk

យោងតាម Bloomberg អ្នកវិនិយោគ​មិនចាំបាច់​ធ្វើការ​នៅឯ Wall Street ដើម្បី​ស្វែងយល់​លម្អិត​អំពី​សកម្មភាព និង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Tesla ឡើយ។ ប្រព័ន្ធ​ចម្រុះ​ដែល​រួមមាន​ដូចជា podcast ឬ​គណនី Youtube ជាច្រើន​ដែល​ពិពណ៌នា​ស្ទើរតែ​ទាំងអស់​នូវ​ទិដ្ឋភាព​ទាំងមូល​របស់ Tesla អាចជួយ​ឱ្យ​អ្នក​ស្វែងយល់​អំពី​ក្រុមហ៊ុន​នេះ​ដោយ​មិនចាំបាច់​អាន​របាយការណ៍​វិភាគ​នានា មុនពេល​សម្រេចចិត្ត​ទិញ​មូល​ប​ត្រ​នេះ។

ក្រៅពី «ស្ថាប័ន» ខាងលើ ក៏​នៅមាន​វេទិកា និង​ក្លឹប​របស់​អ្នកមាន​រថយន្ត Tesla រាប់មិនអស់​ផ្សេងទៀត​ដែល​អាច​ពិភាក្សាគ្នា​តាមរយៈ​កម្មវិធី Zoom ឬ​ជួបគ្នា​ដើម្បី​ពិនិត្យមើល​ស្ថានីយ​បញ្ចូល​អគ្គិសនី Supercharger ថ្មី​បំផុត​របស់ Tesla ជាដើម។ Smith និយាយថា លោក​ចំណាយពេល​ចន្លោះ​ពី 2-3 ម៉ោង​ក្នុង​មួយថ្ងៃ​ដើម្បី​ស្វែងយល់​អំពី Tesla។ លោក​ក៏​តែងតែ​ចូលរួម​ក្នុង​វេទិកា​អន​ឡាញ​នានា​នៅ​ម៉ោង​ហូបបាយ​ថ្ងៃត្រង់។

មកដល់ពេលនេះ លោក Smith មិនទាន់មាន​គម្រោង​លក់ ឬ​ផ្អាក​ការវិនិយោគ​ទៅលើ​មូល​ប​ត្រ Tesla នៅឡើយ បើទោះជា​បានចាប់ផ្ដើម​គិត​អំពី​ការសាងសង់​ផ្ទះ ឬ​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន។ បច្ចុប្បន្ន Smith និង​បងប្រុស​កំពុង​រស់នៅក្នុង​ផ្ទះមួយ​ខ្នង​ដែល​ជីតា​របស់​ពួកគេ​បាន​សង់​ឡើង​នៅក្នុង​តំបន់ Cudahy នៃ​រដ្ឋ Wisconsin សហរដ្ឋអាមេរិក។ Smith នៅតែ​ជឿជាក់​លើ​អនាគត​របស់ Tesla ដោយ​គិតថា ក្រុមហ៊ុន​នេះ​នឹង​បន្ត​រីកចម្រើន​ទៅមុខទៀត។

សូមបញ្ជាក់ថា ចំពោះ​អ្នកវិនិយោគ​លក្ខណ​បុគ្គល​នៃ​ក្រុមហ៊ុន Tesla មិនមែន​មានតែ Smith ម្នាក់​ដែល​ក្លាយជា​សេដ្ឋី Tesla នោះទេ ពោលគឺ​នៅមាន​បុគ្គល​ជាច្រើន​ទៀត​ដែល​មិនបាន​លើកយក​មក​និយាយ​នៅក្នុង​អត្ថបទ​នេះ៕

ប្រភព៖ Bloomberg

Advertisement