ក្រុមហ៊ុន Pfizer និង Moderna នឹង​រកបាន 32 ពាន់​លាន​ដុល្លារ ពី​ការលក់​វ៉ាក់សាំង Covid-19

ក្រុមហ៊ុន Pfizer និង Moderna នឹង​រកបាន 32 ពាន់​លាន​ដុល្លារ ពី​ការលក់​វ៉ាក់សាំង Covid-19

ចាប់ពីពេលនេះ រហូតដល់​ឆ្នាំ 2023 ការដែល​ពិភពលោក​ត្រូវ​ការចាក់​វ៉ាក់សាំង Covid-19 នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​ឱសថ Pfizer និង Moderna រកចំណូលបាន​រាប់សិប​ពាន់​លាន​ដុល្លារ​អាមេរិក។

ការផ្ដល់​ការអនុញ្ញាត​ទៅឱ្យ​វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន Pfizer គឺជា​ជំហាន​ដ៏​សំខាន់​ចំពោះ​វិទ្យាសាស្ត្រ សេដ្ឋកិច្ច និង​មនុស្សជាតិ។ ទន្ទឹមនឹង វា​ក៏​នាំមក​នូវ​ប្រភព​ចំណូល​ដ៏​ធំ​សម្រាប់​ក្រុមហ៊ុន​ដែល​បាន​អភិវឌ្ឍ​វ៉ាក់សាំង​នេះ​ផងដែរ។

ក្រុមអ្នកវិភាគ​ប្រចាំ Wall Street បាន​ស្រាវជ្រាវ និង​រកឃើញថា​ថា ក្រុមហ៊ុន Pfizer និង Moderna នឹង​រក​បាន​​ប្រាក់ចំណូល 32 ពាន់​លាន​ដុល្លារ​ពី​ការលក់​វ៉ាក់សាំង Covid-19 នៅក្នុង​ឆ្នាំ 2021 ក្នុងនោះ ក្រុមហ៊ុន Pfizer​ អាច​រកបាន 19 ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើតាម​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​ធនាគារ Morgan Stanley។

ក្នុង​ឆ្នាំ 2020 នេះ ប្រាក់ចំណូល​ពី​ការលក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer បានត្រឹមតែ 975 លាន​ដុល្លារ​ប៉ុណ្ណោះ។ ប្រាក់ចំណូល​ដែល​បាន​រំពឹងទុក​របស់​ក្រុមហ៊ុន​នេះ​សម្រាប់​ឆ្នាំ 2021 នឹង​កើន​លើស​ប្រាក់ចំណូល​ដែល​បានមកពី​ផលិតផល​ដែល​លក់ដាច់​បំផុត​នៅក្នុង​ឆ្នាំ 2019 នោះ​គឺ​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​សួត ដែល​រកបាន​ចំណូល 5.8​ពាន់​​លាន​ដុល្លារ។

Morgan Stanley ក៏បាន​រំពឹងថា Pfizer នឹង​រកបាន 9.3 ពាន់​លាន​ដុល្លារ​បន្ថែមទៀត​ពី​វ៉ាក់សាំង Covid-19 ចាប់ពី​ឆ្នាំ 2022 ដល់​ឆ្នាំ 2023 ក្នុង​គ្រា​ដែល​ពិភពលោក​កំពុង​បន្ត​ចាក់​វ៉ាក់សាំង។ ក្រុមហ៊ុន Pfizer នឹង​ចែក​រំលែក​ប្រាក់ចំណូល​ជាមួយនឹង BioNTech ដែលជា​ក្រុមហ៊ុន​មួយ​របស់​អាល្លឺម៉ង់ សហការ​ជាមួយ Pfizer ក្នុងការ​អភិវឌ្ឍ​វ៉ាក់សាំង Covid-19។ វ៉ាក់សាំង​របស់ Pfizer-BioNTech ត្រូវបាន​អនុម័ត​ឱ្យប្រើ​ប្រាស់​ជាបន្ទាន់​នៅ​សហរដ្ឋ​​អាមេរិក កាលពី​ថ្ងៃទី 12ធ្នូ ឆ្នាំ2020។

ការរកឃើញ​វិធី​ថ្មី​ក្នុងការ​អភិវឌ្ឍ​វ៉ាក់សាំង មិនបាន​ធ្វើឱ្យ​តម្លៃ​មូល​ប​ត្រ​របស់ Pfizer កើនឡើង​ខ្ពស់​ខ្លាំង​នោះទេ ព្រោះថា អ្នក​ផលិត​ឱសថ​នេះ​គឺជា​ក្រុមហ៊ុន​ធំ​ស្រាប់​ហើយ។ មូល​ប​ត្រ​របស់ Pfizer កើន 12% ក្នុងឆ្នាំនេះ។ ប៉ុន្តែ មូល​ប​ត្រ​របស់​ក្រុម​ហ៊ុន​ BioNTech នៅក្នុង​ផ្សារ​ហ៊ុន​អាមេរិក បាន​កើនឡើង​ជិត 300% នាំឱ្យ​ទុន​របស់​ក្រុមហ៊ុន​អាល្លឺម៉ង់​នេះ កើន​ដល់​ជិត 30ពាន់​លាន​ដុល្លារ​អាមេរិក។

ក្រុមហ៊ុន Pfizer និង Moderna នឹង​រកបាន 32 ពាន់​លាន​ដុល្លារ ពី​ការលក់​វ៉ាក់សាំង Covid-19ចំណែក Moderna វិញ វ៉ាក់សាំង Covid-19 ក៏បាន​ជួយ​ឱ្យ​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​នេះ កើនឡើង​ដល់​ជិត 700% ​ក្នុង​ឆ្នាំ 2020 ធ្វើឱ្យ​ទុន​របស់ Moderna មានតម្លៃ​ឡើងដល់ 62ពាន់​លាន​ដុល្លារ។ ក្រុមហ៊ុន Morgan Stanley ឱ្យដឹងថា តាម​ការស្រាវជ្រាវ ទុន​ប្រមាណ​ជា​ពាក់កណ្ដាល​របស់ Moderna គឺ​ផ្សារភ្ជាប់​ជាមួយនឹង​វ៉ាក់សាំង។

ចំណែក​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​ធនាគារ Goldman Sachs វិញ ឱ្យដឹងថា ក្រុមហ៊ុន Moderna អាច​រកបាន 13.3​ពាន់​លាន​ដុល្លារ​ពី​វ៉ាក់សាំង Covid-19 នៅក្នុង​ឆ្នាំ 2021។ Morgan Stanley អះអាងថា តម្លៃ​មូល​ប​ត្រ Moderna កើនឡើង​យ៉ាង​លឿន​បែបនេះ​បង្ហាញថា ក្រុម​អ្នកវិនិយោគ​រំពឹងថា ក្រុមហ៊ុន​នេះ​អាច​រកបាន​ចាប់ពី 10 ទៅ 15ពាន់​លាន​ដុល្លារ ពី​ការលក់​វ៉ាក់សាំង Covid-19 នៅក្នុង​ឆ្នាំ 2021 និង 2022 រួម​នឹង​ប្រាក់ចំណូល​រាប់ពាន់​លាន​ដុល្លារ​ផ្សេងទៀត​ដែល​នឹងត្រូវ​បាន​ជំរុញ​បន្ថែម។ មុននេះ ក្នុង​ឆ្នាំ 2019 ក្រុមហ៊ុន Moderna រកបាន​ប្រាក់ចំណូល​ត្រឹមតែ 60លាន​ដុល្លារ​ប៉ុណ្ណោះ៕

ប្រភព៖ CNN

Advertisement