កម្ពុជា​នឹងមាន​សេវា​ទូទាត់​ប្រាក់​តាម​អន​ឡាញ​ឆ្លង​គ្រឹះស្ថាន «តម្លៃ​ទាប» ដើម្បី​ទប់ទល់​នឹង​ការឆ្លង Covid-19 តាមរយៈ​ការចាយ​ក្រដាសប្រាក់​ផ្ទាល់

សមាគម​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នឹងមាន​សេវា​ទូទាត់​ប្រាក់​តាម​អន​ឡាញ​ឆ្លង​គ្រឹះស្ថាន «តម្លៃ​ទាប» ដើម្បី​ទប់ទល់​នឹង​ការឆ្លង Covid-19 តាមរយៈ​ការចាយ​ក្រដាសប្រាក់​ផ្ទាល់

សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​កម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍​រួមមួយ​ទាក់ទង​នឹង​ការសហការ​សម្រួល​ឱ្យមាន​សេវាកម្ម​ទូទាត់​ប្រាក់​ឆ្លង​គ្រឹះស្ថាន​ដោយ​កម្រៃ​សេវា​សមរម្យ ក្នុង​បំណង​រួមចំណែក​ទប់ស្កាត់​ការឆ្លង​រាលដាល Covid-19 តាមរយៈ​ការប្រើប្រាស់​សាច់ប្រាក់​ផ្ទាល់។

សេចក្ដីប្រកាស​បន្តថា សហគមន៍​ធនាគារ និង​ហិរញ្ញវត្ថុ​បាននិងកំពុង​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុងការ​សម្រួល​ឱ្យមាន​ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឆ្លង​គ្រឹះស្ថាន ដែល​នឹង​កាន់​តែមាន​ភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និង​កម្រៃ​សេវាកម្ម​ទាប​សមរម្យ​ជាង​មុន តាមរយៈ​ការកែសម្រួល​លក្ខខណ្ឌផ្សេងៗដែល​នឹងត្រូវ​ជូនដំណឹង​នាពេលខាងមុខ។

នៅក្នុង​សេចក្ដីប្រកាស​នេះ សមាគម​បាន​លើកទឹកចិត្ត​ឱ្យ​សាធារណជន អតិថិជន និង​អាជីវករ​ទាំងអស់ ធ្វើការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ផ្ដល់​ដោយ​គ្រឹះស្ថាន​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​អតិថិជន​កំពុង​ប្រើប្រាស់ ដោយ​​ការ​​​ទាញ​យក​​កម្មវិធី​​ទូទាត់ និង​កម្មវិធី​ធនាគារ​ឌីជីថល​នានា​នៅ​កម្ពុជា៕

Advertisement