ស្ថាបនិក BioNTech ក្លាយជា​មហាសេដ្ឋី បន្ទាប់ពី​មូល​ប​ត្រ​កើនឡើង 250%

ស្ថាបនិក BioNTech ក្លាយជា​មហាសេដ្ឋី បន្ទាប់ពី​មូល​ប​ត្រ​កើនឡើង 250%

Sahin បច្ចុប្បន្ន​គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី 493 ក្នុង​ពិភពលោក ជាមួយនឹង​ទ្រព្យ​សរុប​ចំនួន 5.1ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើតាម​ស្ថិតិ​របស់ Bloomberg Billionaires Index។

សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន BioNTech ទើបតែ​មានឈ្មោះ​នៅក្នុង​បញ្ជី​មហាសេដ្ឋី​ទាំង 500នាក់​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​ក្នុង​ពិភពលោក ក្រោយពី​មុននេះ​ប៉ុន្មាន​ថ្ងៃ​ត្រូវបាន​រដ្ឋាភិបាល​អង់គ្លេស​សម្រេច​អនុម័ត​ប្រើប្រាស់​វ៉ាក់សាំង Covid-19 ដែល​ក្រុមហ៊ុន​អាល្លឺម៉ង់​សហការ​ជាមួយ​ក្រុមហ៊ុន Pfizer ក្នុងការ​អភិវឌ្ឍ។

ចាប់ពី​ដើម​សប្ដាហ៍​រហូតដល់​ពេលនេះ មូល​ប​ត្រ BioNTech បាន​កើនឡើង​ជិត 10% និង​កើន​សរុប​ជាង 250% រាប់​ចាប់ពី​ដើមឆ្នាំ។ Ugur Sahin បច្ចុប្បន្ន​គឺជា​អ្នកមាន​ជាងគេ​លំដាប់​ទី 493 ក្នុង​ពិភពលោក ជាមួយនឹង​ទ្រព្យ​សរុប​ចំនួន 5.1ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើតាម​ស្ថិតិ​របស់ Bloomberg Billionaires Index។

អង់គ្លេស​គឺជា​ប្រទេស​ដំបូង​គេ​មួយ​នៅ​អឺរ៉ុប​ដែល​បានអនុម័ត​ប្រើប្រាស់​វ៉ាក់សាំង Covid-19 ដែលជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​វ៉ាក់សាំង​ដែល​ក្រុមហ៊ុន Pfizer និង BioNTech អះអាងថា មាន​ប្រសិទ្ធភាព​រហូតដល់ 95% ក្នុងការ​ទប់ស្កាត់​វីរុស Covid-19។ BioNTech កំពុងតែ​រង់ចាំ​ការសម្រេច​ពី​នាយកដ្ឋាន​គ្រប់គ្រង​ឱសថ និង​ចំណីអាហារ​អាមេរិក (FDA) និង​ក្រុម​អ្នកគ្រប់គ្រង​របស់​សហ​ភាព​អឺរ៉ុប។

មុននេះ ក្រុមហ៊ុន BioNTech ផ្ដោតទៅលើ​តែ​ការព្យាបាល​ជំងឺមហារីក ប៉ុន្តែ​ចាប់តាំងពី​ខែមករា Sahin និង​ភរិយា Ozlem Tureci បាន​ងាក​មក​ផ្ដោតទៅលើ Covid-19 ក្រោយពី​បានដឹង​អំពី​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​នៅ​ទីក្រុង Wuhan ប្រទេស​ចិន។ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​គូ​ស្វាមីភរិយា​នេះ បាន​រកឃើញ​ថ្នាំ​ថ្មី​មួយ​ប្រភេទ​ដែល​ពួកគេ​ចំណាយពេល​ជាច្រើន​ឆ្នាំ​ដើម្បី​តាមរក។

លោក Sahin និងភរិយា Ozlem Tureci

Sahin ដែលជា​អ្នកវិទ្យាសាស្ត្រ​ដើមកំណើត​ទួរគី គឺជា​ម្ចាស់​ភាគហ៊ុន​តែមួយគត់​នៃ​ក្រុមហ៊ុន​មួយ​របស់​អាល្លឺម៉ង់​ដែល​កំពុង​កាន់កាប់​ភាគហ៊ុន 18% របស់ BioNTech។ កាលពី​ឆ្នាំទៅ BioNTech ប្រមូល​ទុន​បាន 150លាន​ដុល្លារ​នៅក្នុង​ការធ្វើ IPO នៅ​សហរដ្ឋអាមេរិក។

ក្រៅពី Sahin បងប្អូន​ត្រកូល Struengmann ដែល​កំពុង​កាន់កាប់ BioNTech ចំនួន​ពាក់កណ្ដាល ក៏​ស្ថិតក្នុង​បញ្ជី​អ្នកមាន​ជាងគេ​ទាំង 500នាក់​នៅក្នុង​ពិភពលោក​របស់​ទស្សនា​វ​ដ្ដី Bloomberg។ ពួកគេ​ក៏​គាំទ្រ​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ Ganymed Pharmaceuticals ដែល​ប្ដី​ប្រពន្ធ Sahin បាន​បង្កើតឡើង​ផងដែរ។

ការ​ប្រជែង​គ្នា​ក្នុង​វិស័យ​វ៉ាក់សាំង Covid-19 ក៏​បង្កើតបាន​មហាសេដ្ឋី​មួយចំនួន​នៅក្នុង​ក្រុមហ៊ុន Moderna ដែលជា​គូប្រជែង​ធំ​បំផុត​របស់ BioNTech។ មូល​ប​ត្រ​របស់​ក្រុមហ៊ុន Moderna ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ Massachusetts សហរដ្ឋអាមេរិក​បាន​កើនឡើង​ជាង 650% ចាប់តាំងពី​ដើមឆ្នាំ​រហូត​ដល់ពេលនេះ ដែល​នេះ​បាន​ជួយ​ឱ្យ​ក្រុមមនុស្ស​ដែល​បាន​វិនិយោគដំបូងៗ ដូចជា​សាស្ត្រាចារ្យ Bob Langer មកពី​សាកលវិទ្យាល័យ MIT និង​សាស្ត្រាចារ្យ Tim Springer មកពី​សាកលវិទ្យាល័យ Harvard រួម​នឹង CEO Stephane Bancel ក្លាយជា​មហាសេដ្ឋី​ទៀតផង៕

Advertisement