ម្ចាស់ SpaceX បានផ្ដួលម្ចាស់ Facebook និងក្លាយជាអ្នកមានជាងគេលំដាប់ទី3ក្នុងពិភពលោក នៅក្នុងវ័យ49ឆ្នាំ

ម្ចាស់ SpaceX បានផ្ដួលម្ចាស់ Facebook និងក្លាយជាអ្នកមានជាងគេលំដាប់ទី3ក្នុងពិភពលោក នៅក្នុងវ័យ49ឆ្នាំ

មហាសេដ្ឋី Elon Musk ដែលជាស្ថាបនិកនៃក្រុមហ៊ុន SpaceX និងជាសហស្ថាបនិករបស់ Tesla កំពុងតែឆ្លងកាត់ដំណាក់កាលអស្ចារ្យបំផុតនៅក្នុងការរកស៊ីរបស់ខ្លួន។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានព្រឹត្តិការណ៍ដ៏សំខាន់ជាច្រើនបានកើតឡើងចំពោះមហាសេដ្ឋីដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk។

កំពូលអ្នកមានរូបនេះ ទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងវីរុសCovid-19 ដល់ទៅ2លើក ខណៈដែលក្រុមហ៊ុន SpaceX របស់លោក បាននាំអវកាសយានិកចំនួន4រូបឡើងទៅកាន់អវកាស និងក្នុងគ្រាដែលក្រុមហ៊ុន Tesla ត្រូវបានដាក់បញ្ចូលទៅក្នុង S&P500 ដែលជាសន្ទស្សន៍ផ្សារហ៊ុនមួយសម្រាប់វាស់ស្ទង់លទ្ធភាពរបស់ក្រុមហ៊ុនធំជាងគេចំនួន​500​នៅ​សហរដ្ឋ​អាមេរិក។

ដំណឹងល្អចុងក្រោយ បានជួយឱ្យទ្រព្យរបស់ Elon Musk កើនឡើងខ្ពស់។ នៅក្នុងវ័យ49ឆ្នាំ ជាផ្លូវការ លោក Musk បានក្លាយជាអ្នកមានជាងគេលំដាប់ទីបីក្នុងពិភពលោក ដោយបានលោតរំលងលោក Mark Zuckerberg ដែលជាម្ចាស់ Facebook បន្ទាប់ពីទ្រព្យសម្បត្តិបានកើន15ពាន់លានដុល្លារបន្ថែមទៀតក្រោយពីការជួញដូរនៅផ្សារហ៊ុនកាលពីថ្ងៃចន្ទ។

មូលបត្រ Tesla បិទទ្វារកាលពីម្សិលម៉្ងៃនៅក្នុងតម្លៃ 408.09ដុល្លារ/ហ៊ុន កើន14% ធ្វើឱ្យទ្រព្យសរុបរបស់លោក Musk កើនឡើងដល់ជាង117ពាន់លានដុល្លារ នេះបើតាម Bloomberg។ រាប់ចាប់ពីដើមឆ្នាំមកទល់នឹងពេលនេះ ទ្រព្យរបស់ស្ថាបនិក Tesla បានកើន90ពាន់លានដុល្លារអាមេរិក។

បណ្ដាក្រុមហ៊ុនដែលនឹងត្រូវបានគេដាក់ចូលទៅក្នុងសន្ទស្សន៍ផ្សារហ៊ុន S&P500 គឺត្រូវតែទទួលបានការជ្រើសរើស​ពី​គណៈ​កម្ម​ការ​សន្ទស្សន៍​នៃសហគ្រាស S&P Dow Jones។ ក្រៅពីនេះ បណ្ដាក្រុមហ៊ុនដែលចង់មានឈ្មោះក្នុង S&P500 ក៏ត្រូវតែរកបានចំណេញក្នុងរយៈពេល4ត្រីមាសជាប់ៗគ្នា។

ថ្មីៗនេះ នៅក្នុងរបាយការណ៍របស់ Tesla បានបង្ហាញថា ក្រុមហ៊ុននេះរកបានចំណេញនៅក្នុងត្រីមាស​ទី​5​របស់​ខ្លួន​ ជា​មួយ​នឹ​ង​ប្រាក់​ចំណូល​ក្នុងត្រីមាសទី3 មានចំនួន 8.77ពាន់លានដុល្លារ។ ក្រៅពីនេះ Tesla ក៏ឱ្យដឹងថា ពួកគេបានលក់រថយន្តចំនួន 139,300គ្រឿងក្នុងត្រីមាសទី3ផងដែរ ដែលនេះគឺជាតួលេខខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។

កាលពីចុងសប្ដាហ៍កន្លងទៅ លោក Musk បាននិយាយថា លោកបានធ្វើតេស្តCovid-19 ចំនួន4លើក ក្នុងនោះមាន2លើកវិជ្ជមាន។ លោក Musk បានសរសេរនៅលើ Twitter ថា ខ្លួនកំពុងឆ្លងកាត់រោគសញ្ញា “ក្ដៅ​រងា​ធម្មតា​ និងមិនមានអ្វីខុសប្រក្រតីទេ” ហើយលោកក៏ទំនងជាយល់ថា ទាំងនេះគឺជាលទ្ធផលដែល​មិនគួរជាទីទុកចិត្ត៕

ប្រភព៖ Bloomberg

 

Advertisement