មហាសេដ្ឋី Mark Cuban ជឿ​ថា “ការ​ក្លាយ​ជា​អ្នក​មាន​នឹង​មិន​អាច​ផ្លាស់​ប្ដូរ​គ្រប់​យ៉ាង​”

យោង​តាម​សម្ដី​របស់​មហាសេដ្ឋី​ Mark Cuban ការ​យល់​ខុសដ៏​​ធ្ងន់​ធ្ងរ​បំផុត​ទាក់​ទិន​នឹង​ប្រាក់​កាស​នោះ​គឺ​ “ការយល់​ថា​ ការ​​ក្លាយ​ជា​អ្នក​មាន​នឹង​បណ្ដាល​ឱ្យ​មនុស្ស​​ប្ដូរ​ផ្លាស់​”។

លោក Mark Cuban ដែល​ជា​អ្នក​ជំនួញ និង​ជា​ម្ចាស់​ក្រុម​ហ៊ុន​ Dallas Mavericks បាន​ក្លាយ​ជា​មហា​សេដ្ឋី​​មួយ​រូប​បន្ទាប់​ពី​លោក​ រួម​នឹង​សហស្ថាបនិក​​ បាន​លក់​​ក្រុម​ហ៊ុន​ Broadcast.com ទៅ​ឱ្យ​ Yahoo ក្នុង​តម្លៃ​5.7​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​1999។ ពេល​នោះ​ លោក​ Mark Cuban មាន​អាយុ​40​ឆ្នាំ​។ បច្ចុប្បន្ន លោក​មាន​វ័យ​61​ឆ្នាំ និង​មាន​ទ្រព្យ​សម្បត្តិ​សរុប​​ប្រមាណ​ជា​4.3​ពាន់​លាន​ដុល្លារ​អាមេរិក​។

មហាសេដ្ឋី​រូប​នេះ​ បាន​ឱ្យ​ដឹង​ថា ការ​យល់​ឃើញ​ថា “នៅ​ពេល​ក្លាយ​ជា​អ្នក​មាន​ និង​អាច​រក្សា​បាន​កេរ្តិ៍​ឈ្មោះ​ជា​កំពូល​អ្នក​មាន​​ គឺជា​ដើម​ហេតុ​ដែល​នាំ​ឱ្យ​អ្នក​ផ្លាស់​ប្ដូរ​ច្រើន​” នោះ​គឺ​ជា​រឿង​មួយ​ប្រកប​ដោយ​កំហុស​ឆ្គង​។ លោក​ថ្លែង​ថា​ “គ្រប់​គ្នា​គិត​ថា ប្រាក់​ធ្វើ​ឱ្យ​អ្នក​ប្ដូរ​ផ្លាស់​។ អាច​បែប​នេះ​នៅក្នុង​ជ្រុង​ផ្សេង​ៗណា​មួយ​​ ប៉ុន្តែ​មិន​ដូច្នោះ​ទាំង​ស្រុង​នោះ​ឡើយ”។

មុន​ពេល​​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​​ដូច​បច្ចុប្បន្ន លោក​ Cuban ក៏ធ្លាប់​ឆ្លង​កាត់​អារម្មណ៍​ដែល​កើត​មាន​នៅ​ក្នុង​គ្រា​ដែល​លោក​​​ត្រូវ​ក្ស័យ​ធន​ពិត​ប្រាកដ​ កាលពី​លោក​នៅ​មាន​អាយុ20​ឆ្នាំ​។ លោក​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​បើក​គណនី​ធនាគារ​ និង​ត្រូវ​ស្នាក់​នៅ​ក្នុង​​ផ្ទះ​​ជួល​ជាមួយ​នឹង​មនុស្ស​5​នាក់​ផ្សេង​ទៀត​ ដោយរួម​គ្នា​បង់​ថ្លៃ​ផ្ទះ​​​​ជួល​600​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​​។ កាល​ណោះ​ លោក​ត្រូវ​គេង​នៅលើ​ឥដ្ឋ​ ឬ​កៅ​អី​ទៀត​ផង។

ប៉ុន្តែ លោក​ថ្លែង​ថា លោក​នៅ​តែ​មានការ​​រីក​រាយ​ និង​មាន​សុភមង្គល។ “សូម្បី​តែ​នៅ​ពេល​បាន​ក្លាយ​ជា​មនុស្ស​ក្ស័យ​ធន​ពិត​ប្រាកដ​ និង​ត្រូវ​ដេក​នៅ​លើ​ឥដ្ឋក៏ដោយ ខ្ញុំ​នៅ​តែ​សប្បាយ​រីក​រាយ​ និង​ដើរ​លេង​ជា​មួយ​មិត្ត​ភក្តិ​ដូច​ធម្មតា។ ហើយ​អ្នក​ទាំង​នោះ ពេល​នេះ​នៅ​តែ​ជា​មិត្ត​ភក្ដិ​របស់​ខ្ញុំ​”​។

ក៏ប៉ុន្តែ ការ​ស្វែងរក​វិធី​ដើម្បី​កែ​សម្រួល​ទំនាក់​ទំនង​ក្រោយ​ពី​បានក្លាយ​ជា​អ្នក​មាន​ គឺ​ត្រូវ​ការ​ពេល​វេលា​ខ្លះ​។ លោក​ Cuban ថ្លែង​ថា “អ្វី​ដែល​ពិបាក​បំផុត​ នោះ​គឺទំនាក់​ទំនង​​ជា​មួយ​មិត្ត​ភក្ដិ​ចាស់​ៗ​ ដោយ​សារ​តែ​ពួកគេ​សង្ស័យ​ថា អ្នក​ប្រហែលជា​លែង​ដូច​មុនទៀត​ហើយ​។ លោក​ Cuban ប្រាប់​ថា បញ្ហា​នេះ​គឺ​ទាម​ទារ​ពេល​វេលា​ដើម្បី​កែ​លម្អស្ថាន​ការណ៍​ ប៉ុន្តែ លោក​បញ្ជាក់​ថា “មិត្ត​ពិត​ប្រាកដ​ នឹង​នៅ​តែ​ជា​មិត្ត​នឹង​គ្នាដដែល​ទេ​”។

ពិត​ណាស់​ នៅ​ពេល​រក​ប្រាក់​បាន​ច្រើន​ ពិសេស​គឺ​នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ដោយ​ចំណុច​សូន្យ​​ អ្នកប្រាកដ​ជា​ផ្លាស់​ប្ដូរ​ចំណុច​ខ្លះ​ៗ។ លោក Cuban ឧទាហរណ៍​ថា ប្រាក់​ធ្វើ​ឱ្យ​លោក​មាន​ទំនុក​ចិត្ត​ និង​ស្វាហាប់​ជាង​មុន​។ លោក​ថា “ខ្ញុំ​មាន​សំណាង​ព្រោះ​លែង​មាន​អារម្មណ៍​​​តាន​តឹង​ជាមួយ​នឹង​វិក្កយបត្រ​នានា និង​មិន​ព្រួយខ្លាច​​គេ​ផ្ដាច់​ភ្លើង​​ជា​ដើម​ ដែល​ជា​ប្រការ​ដែល​ខ្ញុំ​ធ្លាប់បាន​​ជួប​កាល​ពី​អតីត​កាល​។ ខ្ញុំ​មិន​បារម្ភ​អំពី​បញ្ហា​ប្រាក់​កាស​ និង​អាច​បង្កើត​កាល​បរិច្ឆេទ​ផ្ទាល់​ខ្លួនបាន​​”។

មហាសេដ្ឋី Mark Cuban ជឿ​ថា "ការ​ក្លាយ​ជា​អ្នក​មាន​នឹង​មិន​អាច​ផ្លាស់​ប្ដូរ​គ្រប់​យ៉ាង​"
មហាសេដ្ឋី Mark Cuban ជឿ​ថា “ការ​ក្លាយ​ជា​អ្នក​មាន​នឹង​មិន​អាច​ផ្លាស់​ប្ដូរ​គ្រប់​យ៉ាង​”

ជាង​នេះ​ទៀត​ លោក​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ក្នុងការ​ធ្វើ​ឱ្យ​ជីវ​ភាព​ល្អ​ប្រសើរ​ជាង​មុន​។ អ្វីដែល​លោក​ត្រូវ​ចំណាយ​ប្រាក់​ដំបូង​គេបន្ទាប់​ពី​បាន​ក្លាយ​ជា​មហាសេដ្ឋី​ នោះ​គឺ​ដំណើរ​ទេសចរណ៍​ និង​ពិធីជប់លៀង​​នៅ​ Las Vegas ការ​សម្រាក​លម្ហែ​កាយ​នៅ​លើ​កោះ និងទិញ​​ភូមិគ្រឹះ​មួយ​កន្លែង​។

លោក​ Cuban បន្ត​ថា “មិនថា​ទំហំ​ទ្រព្យ​ធំកម្រិត​ណា​​ទេ ការ​មាន​ប្រាក់​ច្រើន​​ជាង​​ពេល​ដែល​អ្នក​កំពុង​ក្ស័យ​ធនក៏​អាច​ធ្វើ​ឱ្យ​អ្នក​ប្ដូរ​ផ្លាស់​ត្រង់​ចំណុច​មួយ​ចំនួន។ ប៉ុន្តែ មិន​អាច​ផ្លាស់​ប្ដូរ​អ្នក​បាន​ច្រើន​នោះ​ដែរ​ ហើយ​ខ្ញុំ​គិត​ថា នេះ (ការ​យល់​ថា ប្រាក់​ធ្វើ​ឱ្យ​មនុស្ស​ផ្លាស់​ប្ដូរ​ច្រើន​) គឺជា​ការ​យល់​ខុស​ធំបំផុត​”។

បច្ចុប្បន្ន បន្ទាប់​ពី​រយៈ​ពេល​2​ទសវត្សរ៍​ដែល​មាន​វត្តមាន​​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​មាន​ លោក​នៅ​តែ​មិន​អាច​ជឿ​បាន​ថា ខ្លួន​ជា​អ្នក​មាន​។ មហា​សេដ្ឋី​រូប​នេះ​ថ្លែង​ថា “សូម្បី​តែ​ដល់​ពេល​នេះ រាល់​ថ្ងៃ ពេល​នឹក​ឃើញ​អំពី​រឿង​មាន​បាន​ ខ្ញុំ​តែង​តែ​គិត​ថា ធ្វើ​ម៉េច​បាន​ជា​រឿង​នេះ​កើត​ឡើង​? ម៉េច​ក៏អាច​យ៉ាង​នេះ​បាន​? ខ្ញុំ​គ្រាន់​តែ​ចង់​កោត​សរសើរ​ប្រការ​នេះ​ និង​មិន​ចាត់​ទុក​ថា​វា​ជា​រឿង​ជាក់​ស្ដែង​ ហើយ​ក៏​មិន​បណ្ដោយ​ឱ្យ​វា​ (ភាព​មាន​បាន​) ធ្វើ​ឱ្យ​មាន​​ផល​វិបាក​ដល់​ខ្ញុំ​ និង​កូន​ៗ​របស់​ខ្ញុំ​ដែរ​”។

លោក Mark Cuban គឺជា​អ្នកជំនួញ​ជន​ជាតិ​អាមេរិកាំង​ ជា​មនុស្ស​ល្បី​ឈ្មោះ​ក្នុង​ទូរទស្សន៍​ ជា​ម្ចាស់​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ និង​ជា​អ្នកវិនិយោគ​ម្នាក់​។​ លោកជា​ម្ចាស់​ក្លិប Dallas Mavericks និង​ជា​ថៅកែ​ម្នាក់​របស់​ក្រុម​ហ៊ុន​ 2929 Entertainment ព្រម​ទាំង​​ជា​នាយក​ទូរទស្សន៍​ AXS TV​ ផងដែរ៕

ប្រភព៖ CNBC

Advertisement