​ឥណ្ឌា​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​យានយន្ត​អគ្គិសនី​នៅ​ឆ្នាំ​ 2028

បើទោះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង ការ​កើន​ឡើង​នៃ​ចំនួន​យានយន្ត​​អគ្គិសនី​ដែល​បាន​លក់​ចេញ​​បាន​នាំ​ឱ្យ​ការ​​វិនិយោគ​ទៅ​លើ​វិស័យ​ផលិត​យានយន្ត​អគ្គិសនី​នៅ​ប្រទេស​ឥណ្ឌា​មាន​កាន់​តែ​ច្រើន​ ដែល​គ្រោង​នឹង​សម្រេច​បាន​​មួយ​លាន​គ្រឿង​ក្នុងរង្វង់​ 5 ឆ្នាំ​ខាងមុខ​។

ទំព័រសារព័ត៌មាន​សេដ្ឋកិច្ច​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម PHD រួម​នឹង​ក្រុម​ហ៊ុន​ប្រឹក្សា Avalon ឱ្យ​ដឹង​ថា ចំនួន​យានយន្ត​អគ្គិសនី​នៅឥណ្ឌា​អាច​សម្រេច​បាន​ 9.7 លាន​គ្រឿង​នៅ​ឆ្នាំ 2028​ ក្នុងនោះ​ ទីផ្សារ​គ្រឿង​បន្លាស់​សម្រាប់​យានយន្ត​​អគ្គិសនី​គ្រោង​នឹង​កើន​ពី 1.25 ពាន់​លាន​ដុល្លារអាម៉េរិក​​ក្នុង​ឆ្នាំ 2023 ឡើង​ដល់ 13 ពាន់​លាន​ដុល្លារ​​​នៅ​ឆ្នាំ 2028​។

ទន្ទឹម​នឹង​ទីផ្សារ​មួយ​ដែល​កំពុង​រីក​ចម្រើន​ បណ្ដា​គោល​នយោបាយ​របស់​រដ្ឋាភិបាលឥណ្ឌា​ មាន​ជា​អាទិ៍ FAME II និង​កម្មវិធី​លើក​ទឹក​ចិត្ត​នានា​ ត្រូវ​បាន​រំពឹង​ថា នឹង​ធ្វើ​ឱ្យ​វិស័យ​យាន​យន្ត​​អគ្គិសនី​នៅ​ប្រទេស​នេះ​​​អាច​មាន​ចំណែក​ក្នុង​ទីផ្សារ​ប្រមាណ​ 30% នៅ​ឆ្នាំ 2030។ ឥណ្ឌា​ក៏​រំពឹង​ថា យាន​យន្ត​អគ្គិសនី​នឹងមាន​​ចំណែក​ 80% ក្នុង​ទីផ្សារ​ទោចក្រ​យានយន្ត និង​ត្រីចក្រយាន​យន្ត​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ផងដែរ​៕

Advertisement