ឥណទាន​សម្បទាន​សម្រាប់ គម្រោង​​សង់​ស្ពាន​​មិត្ត​ភាព​​កម្ពុជា-​កូរ៉​ខាង​ត្បូង ជិត​​ធ្លាក់​​មក​ដល់​ហើយ

ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន​ជ្រោយចង្វារ

«សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង រាជរដ្ឋាភិបាល នៃ​ព្រះ​រាជាណា​ចក្រ​​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃទី 09 ធ្នូ 2022» នេះ​បើតាម​ប្រកាស​របស់ ក្រសួង​ការ​បរទេស​​ក​ម្ពុ​ជា ចុះ​ថ្ងៃទី 08 ធ្នូ 2022។

សេចក្ដីប្រកាស​ព័ត៌មាន​របស់ ក្រសួងការបរទេស​ក​ម្ពុ​ជា បានឱ្យដឹងថា ក្នុង​ពិធី​ចុះហត្ថលេខា​ខាងលើ រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា និង​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ កម្ពុជា នឹង​ចុះហត្ថលេខា​លើ​កិច្ច​សម្រប​សម្រួល​​ក្របខណ្ឌ​ស្ដីពី​ការផ្ដល់​ឥណទាន​សម្បទា​ន​សម្រាប់​ឆ្នាំ 2022-2026 ដែលមាន​ទំហំ​ទឹកប្រាក់ 1,500 លាន​ដុល្លារ​អាម៉េរិក។ ចំណែក រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចកម្ពុជា និង​តំណាង​ធនាគារ​នីហរ័ណ​អាហរ័ណ​កូរ៉េ​ប្រចាំ​កម្ពុជា ក៏​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នៅ​កម្ពុជា ផងដែរ។

យោងតាម ក្រសួងការបរទេស​ក​ម្ពុ​ជា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន 2 ដែល​នឹង​ទទួលបាន​ឥណទាន​សម្ប​ទាន​ពី កូរ៉េខាងត្បូង រួមមាន «គម្រោង​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​បណ្ដាញ​បញ្ជូន​អគ្គិសនី​នៅ ខេត្ត​ព្រះសីហនុ» ដែលមាន​ទឹកប្រាក់ 70,000,000 ដុល្លារ​អាម៉េរិក និង «គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-សាធារណរដ្ឋ​កូរ៉េ» (ផ្សារ​ចាស់-ជ្រោយចង្វារ និង​ជ្រោយចង្វារ-អរិយ​ក្សត្រ) ដែលមាន​ទឹកប្រាក់ 245,909,000 ដុល្លារ​អាម៉េរិក។

ឥណទាន​សម្បទាន​ដែល​ផ្ដល់​ដោយ កូរ៉េខាងត្បូង នេះ នឹងចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​ខិតខំ​របស់ កម្ពុជា ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជា​ការពង្រឹង​ប​ន្ធែ​ម​នូវ​ទំនាក់ទំនង​ល្អ​ទ្វេភាគី​ដែលមាន​ស្រាប់​រវាង កម្ពុជា និង កូរ៉េខាងត្បូង នេះ​បើតាម ក្រសួងការបរទេស​ក​ម្ពុ​ជា៕

Advertisement