សិង្ហបុរី​ (Singapore) ជា​ប់​ចំណាត់​ថ្នាក់​​ជា​ទីក្រុង​ដែល​​ថ្លៃ​ជាង​គេ​បង្អស់​លើពិភពលោក

ទីក្រុង​សិង្ហបុរី

សិង្ហបុរី និង ញូវ​យ៉ក ឈរ​លំដាប់​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​បណ្ដា​ទីក្រុង​ដែល​ថ្លៃ​​ជាង​គេ​​លើពិភពលោក​សម្រាប់​ឆ្នាំ 2022​ នេះ​គឺជា​ការ​ប្រកាស​របស់ ​ទីភ្នាក់ងារស៊ើបការណ៍សេដ្ឋកិច្ច។

ទីភ្នាក់ងារស៊ើបការណ៍សេដ្ឋកិច្ច (EIU) កាល​ពី​ថ្ងៃទី 30 វិច្ឆិកា បាន​ប្រកាស​ថា ការ​ចំណាយ​សម្រាប់​ជីវភាព​រស់​នៅ​ទូទាំង​សកល​លោកបង្ហាញ​ថា សិង្ហបុរី និង ញូវយ៉ក ជាប់​ចំណាត់​ថ្នាក់​លេខ​ 1 ដូច​គ្នា​នៅ​ក្នុង​បញ្ជី​ស្ដីពី​បណ្ដា​ទីក្រុង​ថ្លៃ​ជាង​គេ​លើ​ពិភពលោក ​។

តែលអាវីវ របស់ អ៊ីស្រាអែល ដែល​ជា​ទីក្រុង​មាន​ទំនិញ​ថ្លៃ​​ជាង​គេ​លើ​ពិភពលោក​ក្នុង​ឆ្នាំ 2021​ ឆ្នាំ​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ​ 3 បន្ទាប់​មក​ទៀត​​គឹ​ ហុងកុង របស់ ប្រទេស​ចិន និង ឡូសអេនជឺលេស របស់​ សហរដ្ឋ​អាម៉េរិក​។

EIU ដែល​ជាស្ថាប័ន​មួយ​របស់​ក្រុមហ៊ុន​ Economist នៅ​ អង់គ្លេស បាន​ធ្វើ​របាយការណ៍​នេះ​កាល​ពី​ខែសីហា​ និង​កញ្ញាឆ្នាំ​នេះ ដោយ​យោង​ទៅលើ​តម្លៃ​មធ្យម​នៃ​ទំនិញ​ និង​សេវា​កម្ម​ជាង 200 មុខ នៅ​ក្នុងទីក្រុង​ចំនួន​ 172 នៅ​លើ​ពិភពលោក​។

សិង្ហបុរី ធ្លាប់​កាន់​កាប់​តំណែង​លេខ​ 1 ក្នុង​បញ្ជី​ខាងលើ​របស់ EIU កាល​ពី​ឆ្នាំ 2014 និង 2019 មុន​ពេល​ត្រូវ​ បារីស និង តែលអាវីវ ដណ្ដើម​បាន​កាល​ពី​ឆ្នាំ 2020 និង 2021​។ ប៉ុន្តែ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​ ញូវយ៉ក ​របស់ សហរដ្ឋ​អាម៉េរិក បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ 1​ ក្នុង​បញ្ជី​នេះ​៕

Advertisement