ធនាគារ JPMorgan បង្កើត​កាបូប​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ប្រាក់​ឌីជីថល​គ្រីប​តូ (Cryptocurrency)

ធនាគារ JPMorgan (សហរដ្ឋ​អាម៉េរិក) បង្កើត​កាបូប​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ប្រាក់​ឌីជីថល ដើម្បី​ត្រៀម​ផ្ដល់​សេវាកម្ម​ផ្ទេរ ដោះដូរ និង​ទូទាត់​ប្រាក់។ល។

JPMorgan Chase បាន​ចុះបញ្ជី​ជា​ផ្លូវការ និង​ទទួលបាន​វិញ្ញ​បន​ប​ត្រ​សម្រាប់ «កាបូប​ឌីជីថល JPMorgan» ពី ការិយាល័យ​ស្លាក​សញ្ញា និង​អាជ្ញាប័ណ្ណ​អាម៉េរិក (USPTO) ដែល​នេះ​បង្ហាញថា ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ខ្នាត​យក្ស​នេះ​បន្ត​វាយលុក​ជ្រៅ​ទៅក្នុង​វិស័យ​ផ្ដល់​សេវាកម្ម​ប្រាក់​ឌីជីថល និង Bitcoin សម្រាប់​អតិថិជន​បច្ចុប្បន្ន​រប​ស់​ពួកគេ។

JPMorgan នឹង​ផ្ដល់​សេវាកម្ម​ដែល​ទាក់ទង​នឹង​ការផ្ទេរ​ប្រាក់​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain, សេវាកម្ម​ដោះដូរ សេវា​សម្រួល​ការទូទាត់​ដោយ​ប្រាក់​ឌីជីថល ក្នុងនោះ​មានការ​ទូទាត់​ដោយ​ការប្រើ​កាត​ឥណទាន និង​ប្រាក់​ឌីជីថល​សុទ្ធ​ផងដែរ។

កាបូប​អេ​ឡិច​ត្រូ​និ​ច​ខាងលើ​របស់ JPMorgan ក៏​ធ្វើជា​អ្នកសម្របសម្រួល​ក្នុងការ​ទូទាត់​ឆ្លង​ប្រទេស និង​សេវា​គ្រប់គ្រង​គណនី​សែក​និម្មិត​ទៀតផង។

ធនាគារ​អាម៉េរិក JPMorgan

យីហោ​កាបូប​ឌីជីថល​របស់ JPMorgan ត្រូវបាន​អនុម័ត​កាលពី​ថ្ងៃទី 15 វិច្ឆិកា 2022 បន្ទាប់ពី​បានដាក់​ពាក្យស្នើសុំ​ចុះឈ្មោះ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ 2020។

បើទោះជា CEO Jamie Dimon កន្លងមក​ធ្លាប់បាន​ជំទាស់​ទៅនឹង​ការប្រើប្រាស់​ប្រាក់​ឌីជីថល​គ្រីប​តូ ប៉ុន្តែ JPMorgan នៅតែ​ចូលរួម​កាន់តែ​ជ្រៅ​ទៅក្នុង​វិស័យ​ថ្មី​នេះ។ ឥរិយាបថ​នេះ​កើតឡើង​នៅពេល​ទីផ្សារ​ប្រាក់​ឌីជីថល​គ្រីប​តូ កំពុង​ជួប​វិបត្តិ ក្រោយ​ករណី​ដួលរលំ​របស់ FTX និង​ការធ្លាក់​ថ្លៃ​របស់ Bitcoin៕

Advertisement