ម្ចាស់ Facebook បាត់បង់​ទ្រព្យ​អស់ 100 ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ

លោក Zuckerberg

ទ្រព្យសម្បត្តិ​របស់​នាយ​ក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Meta បន្ត​ថយចុះ​អស់ 11 ពាន់​លាន​ដុល្លារ​ទៀត​នៅក្នុង​សប្ដាហ៍​នេះ ធ្វើឱ្យ​ទំហំ​ទឹកប្រាក់​ដែល​គាត់​បាន​បាត់បង់ ឡើងដល់​ជាង 100 ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល 13 ខែកន្លង​។

សារព័ត៌មាន Bloomberg បាន​ផ្សាយ​ថា ទ្រព្យ​បច្ចុប្បន្ន​របស់លោក Zuckerberg គឺ 38.1 ពាន់​លាន​ដុល្លារ តិចជាង​ឆ្ងាយ​ធៀប​នឹង 142 ពាន់​លាន​ដុល្លារ​កាលពី​ខែកញ្ញា 2021។ ក្នុងឆ្នាំនេះ ទ្រព្យ​របស់​មហាសេដ្ឋី​ភាគច្រើន​ក្នុង​ពិភពលោក​សុទ្ធតែ​បាន​ថយចុះ ប៉ុន្តែ ក្នុង​ចំណោម​នោះ លោក Zuckerberg គឺជា​អ្នក​ដែល​បាន​បាត់បង់​ទ្រព្យ​ច្រើនជាងគេបង្អស់​។

យោងតាម​ប្រកាស​ថ្មី​បំផុត​របស់ Meta បច្ចុប្បន្ន​លោក Zuckerberg កាន់កាប់​ភាគហ៊ុន Meta ជាង 350 លាន​ហ៊ុន។ ឆ្នាំ 2018 លោក Zuckerberg ធ្លាប់​យកឈ្នះ​លើ​មហាសេដ្ឋី Warren Buffett និង​ក្លាយជា​អ្នកមាន​ជាងគេ​លំដាប់​ទី​បី​ក្នុង​ពិភពលោក បន្ទាប់ពី Jeff Bezos និង Bill Gates។ ក៏ប៉ុន្តែ ចំណាត់ថ្នាក់​របស់​ម្ចាស់ Facebook បច្ចុប្បន្ន បាន​ធ្លាក់​ដល់ទី 23 ទៅហើយ។

យោងតាម​ក្រុមអ្នកវិភាគ បច្ចុប្បន្ន Meta កំពុង​ជួប​បញ្ហា​ធំ​ទាក់ទង​នឹង​មហិច្ឆតា metaverse ដោយសារតែ​ការចំណាយ​ទៅលើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​នេះ​កើនឡើង​ខ្ពស់ នាំឱ្យ​ក្រុម​អ្នកវិនិយោគ​បាត់បង់​ទំនុកចិត្ត។ តម្លៃ​ភាគហ៊ុន​របស់ Meta បច្ចុប្បន្ន​ស្ថិតនៅ​ត្រឹម 100 ដុល្លារ/ហ៊ុន ដែលជា​កម្រិត​ទាប​បំផុត​រាប់​ចាប់ពី​ឆ្នាំ 2016។

លោក Zuckerberg ក៏​ទទួលស្គាល់​បញ្ហា​ខាងលើ។ ប៉ុន្តែ គាត់​យល់ថា អនាគត​របស់ Meta គឺ​ពិភព metaverse ហើយ​អ្នកវិនិយោគ​ដែលមាន​ការអត់ធ្មត់​នឹង​ទទួល​បានការ​តបស្នង​យ៉ាង​ស័ក្ដិសម៕

Advertisement