បណ្ដា​ប្រទេស​ដែលមាន «កំពូល​សេដ្ឋី» ច្រើនជាងគេ​ក្នុង​ពិភពលោក

បច្ចុប្បន្ន ពិភពលោកមាន «កំពូលសេដ្ឋី» ជាង 25,000 នាក់

«កំពូល​សេដ្ឋី​» គឺជា​ក្រុមមនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​តម្លៃ​ចាប់ពី 100 លាន​ដុល្លារ​អាម៉េរិក ឡើងទៅ ជា​ទំហំ​ទ្រព្យ​ដែល​អនុញ្ញាតឱ្យ​ពួកគេ​មិនបាច់​ពិចារណា​វែងឆ្ងាយ​នៅពេល​ចំណាយ។

បច្ចុប្បន្ន ពិភពលោក​មាន «កំពូល​សេដ្ឋី​» ជាង 25,000 នាក់ នេះ​បើតាម​ការស្រាវជ្រាវ​រប​ស់​ក្រុមហ៊ុន​ប្រឹក្សា​អង់គ្លេស Henley & Partners។

លោកស្រី Abby Maxman ប្រធាន​អង្គការ Oxfam សហរដ្ឋ​អាម៉េរិក បាន​និយាយថា «នេះ​គឺជា​ដំណាក់កាល​ផ្ទុះ​ការកើតមាន «កំពូល​សេដ្ឋី​» ច្រើន​មិន​ធ្លាប់មាន​ពីមុនមក»។

ឈរលើ​កំពូល​តារាង​ស្ដីពី​បណ្ដា​ប្រទេស​ដែលមាន «កំពូល​សេដ្ឋី​» ច្រើនជាងគេ​ក្នុង​ពិភពលោក​គឺ សហរដ្ឋ​អាម៉េរិក ដោយមាន ពលរដ្ឋ 9,730 នាក់ មានទ្រព្យ​ដែលមាន​តម្លៃ​ចាប់ពី 100 លាន​ដុល្លារ​ឡើងទៅ។ ប្រទេស​ចិន និង ឥណ្ឌា ឈរ​លំដាប់​ទី 2 និង​ទី 3 ក្នុងនោះ ចិន មាន 2,021 នាក់ និង ឥណ្ឌា​មាន 1,132 នាក់។ ឈរ​លំដាប់​ទី 4 គឺជា អង់គ្លេស ដោយមាន «កំពូល​សេដ្ឋី» ចំនួន 968 នាក់ ខណៈដែល អាល្លឺម៉ង់ មាន 966 នាក់ ឈរ​លំដាប់​ទី 5។

«កំពូល​សេដ្ឋី» ទាំងនោះ ភាគច្រើន​គឺជា​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ក្រុមហ៊ុន​ពហុ​ជាតិ​សាសន៍ អ្នកជំនួញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​អ្នក​ស្នង​មរតក។ ក្នុង​រយៈពេល 20 ឆ្នាំ​មកនេះ ចំនួន «កំពូល​សេដ្ឋី» បាន​កើនឡើង​ទ្វេដង។

ក្រុម​អ្នកស្រាវជ្រាវ​ព្យាករ​ថា ចំនួន «កំពូល​សេដ្ឋី» នឹង​កើនឡើង​លឿន​នៅ ទ្វីបអាស៊ី និង អាហ្វ្រិក ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ហើយ​អាច​យកឈ្នះ​លើ អាម៉េរិក និង អា​រ៉ុ​ប នៅ​ឆ្នាំ 2032៕

Advertisement