ទីក្រុង​ទាំង​ ១០ ដែល​​មាន​​សេដ្ឋី​​ច្រើន​ជាង​​គេ​​បង្អស់​​ក្នុង​​ពិភព​លោក​

ទីក្រុង​ New York របស់ សហរដ្ឋ​អាម៉េរិក

យោងតាម​របាយការណ៍​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​វិនិយោគ Henley & Partners ទីក្រុង New York គឺ​ជាទី​ដែលមាន​បុគ្គល​ដែលមាន​តម្លៃ​ទ្រព្យសម្បត្តិ​សុទ្ធ​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក។

របាយការណ៍​ខាងលើ​បាន​បង្ហាញថា មាន​សេដ្ឋី​ប្រហែល ៣៤៥,០០០ នាក់ កំពុងស្ថិត​នៅក្នុង​តំបន់ Big Apple (រហ័ស​នាម​របស់​ទីក្រុង New York) ក្នុងនោះ​មាន ១៥,៤៧០ នាក់ មានទ្រព្យ​សម្បត្តិ​លើសពី ១០ លាន​ដុល្លារ, ៧៣៧ នាក់​មានទ្រព្យ​ចាប់ពី ១០០ លាន​ដុល្លារ រួម​នឹង​មហាសេដ្ឋី​ចំនួន ៥៩ នាក់។ New York ក៏​ត្រូវបាន​ចាត់ទុកថា​ជាទី​ក្រុងមាន​បំផុត​ក្នុង​ពិភពលោក ដោយយោង​ទៅលើ​គោលការណ៍​ជាច្រើន។

យោងតាម​របាយការណ៍ ប្រហែល ៤% ក្នុងចំណោម​ប្រជាជន​សរុប ៨.៣៨ លាន​នាក់​របស់ New York មានទ្រព្យ​ដែល​អាច​វិនិយោគ (អចលនទ្រព្យ សាច់ប្រាក់​សុទ្ធ ឬ​ភាគហ៊ុន) ដែលមាន​តម្លៃ​លើសពី ១ លាន​ដុល្លារ។

តម្លៃ​ទ្រព្យ​ឯកជន​សរុប​ដែល​ពលរដ្ឋ​នៅ New York កាន់កាប់ បច្ចុប្បន្ន​បាន​កើន​លើសពី ៣ ទ្រី​លាន (៣,០០០,០០០,០០០,០០០) ដុល្លារ​អាម៉េរិក។ តួលេខ​នេះ​គឺ​ច្រើនជាង​តម្លៃ​ទ្រព្យ​សរុប​ដែល​កាន់កាប់​ដោយ​ឯកជន​នៅក្នុង​ប្រទេស​នានា​ដែលជា​សមាជិក​របស់ G20 (ក្រុម​ប្រទេស​ដែលមាន​ឧស្សាហកម្ម​រីក​ច្រើនជាងគេ​ក្នុង​ពិភពលោក)។

រាជធានី​តូ​ក្យូ (ជប៉ុន) ឈរ​លំដាប់​ទី ២ ដោយមាន​មនុស្ស ៣០៤,៩០០ នាក់ មានទ្រព្យ​សម្បត្តិ​សុទ្ធ​ខ្ពស់ ក្នុងនោះ​មាន សេដ្ឋី ៧,៣៥០ នាក់ មានទ្រព្យ​លើសពី ១០ លាន​ដុល្លារ​អាម៉េរិក, ២៦៣ នាក់​មានទ្រព្យ​ច្រើនជាង ១០០ លាន​ដុល​លារ និង ១២ នាក់​គឺជា​មហាសេដ្ឋី។

តំបន់​ឈូង​សមុទ្រ San Francisco រួមទាំង​ជ្រលង Silicon (សហរដ្ឋ​អាម៉េរិក) ឈរ​លំដាប់​ទី ៣ ដោយមាន ២៧៦,៤០០ នាក់ មានទ្រព្យ​ច្រើន ក្នុងនោះ ១២,៨៩០ នាក់ មានទ្រព្យ​លើសពី ១០ លាន​ដុល្លារ, ៦២៣ នាក់ មានទ្រព្យ​ច្រើនជាង ១០០ លាន​ដុល្លារ និង ៦២ នាក់​គឺជា​មហាសេដ្ឋី។

ក្នុង Top 10 នៃ​ទី​ក្រុងមាន​បំផុត​ក្នុង​ពិភពលោក ក្រៅពី New York និង​តំបន់ San Francisco សហរដ្ឋ​អាម៉េរិក ក៏​នៅមាន Los Angeles (លេខ ៦), Chicago (លេខ ៧) និង Houston (លេខ ៨) ផងដែរ។

តារាង​នៃ​បណ្ដា​ទីក្រុង​ដែលមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក និង​ចំនួន​បុគ្គល​ដែលមាន​ទ្រព្យ​សុទ្ធ​ច្រើនជាងគេ ដែល​ត្រូវបាន​វាយតម្លៃ​ដោយ Henley & Partner ៖

១-New York របស់ សហរដ្ឋ​អាម៉េរិក (មាន​អ្នកមាន ៣៤៥,៦០០ នាក់)

២-Tokyo របស់ ជប៉ុន (៣០៤,៩០០ នាក់)

៣-តំបន់ San Francisco របស់ សហរដ្ឋ​អាម៉េរិក (២៧៦,៤០០ នាក់)

៤-London របស់ អង់គ្លេស (២៧២,៤០០ នាក់)

៥-Singapore របស់ សិង្ហ​បុរី (២៤៩,៨០០ នាក់)

៦-Los Angeles របស់ សហរដ្ឋ​អាម៉េរិក (១៩២,៤០០ នាក់)

៧-Chicago របស់ សហរដ្ឋ​អាម៉េរិក (១៦០,១០០ នាក់)

៨-Houston របស់ សហរដ្ឋ​អាម៉េរិក (១៣២,៦០០ នាក់)

៩-Beijing របស់ ប្រទេស​ចិន (១៣១,៥០០ នាក់)

១០-Shanghai របស់ ចិន (១៣០,១០០ នាក់)

Advertisement