វិស័យ​ហិរញ្ញវត្ថុ​របស់ រុស្ស៊ី ខាតបង់​អស់​រាប់រយ​ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយសារ​ទណ្ឌកម្ម​រប​ស់​បស្ចិម​លោក

ឯកសារ​ផ្ទៃក្នុង​របស់ ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី បានឱ្យដឹងថា វិស័យនេះ​បាន «ខាតបង់​ផ្ទាល់» អស់​រាបរយ​ពាន់​លាន​ដុល្លារ​អាម៉េរិក ព្រោះតែ​ទណ្ឌកម្ម​ដែល​ដាក់ចេញ​ដោយ​បណ្ដា​ប្រទេស​នៅ​លោកខាងលិច។

ការប៉ាន់ប្រមាណ​នេះ​រួមបញ្ចូល​ទាំង​ការខាតបង់​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ ដែល​ទុន​របស់​បណ្ដា​ធនាគារ ក៏ដូចជា​ប្រាក់ ៣០០ ពាន់​លាន​ដុល្លារ​នៃ​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស ត្រូវបាន​បង្កក​នៅ​ខាងក្រៅ​ស្រុក។ តួលេខ​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​បទ​បង្ហាញ​នៅឯ​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​រុស្ស៊ី កាលពី​ខែ​កន្លង។ នេះ​បើតាម​ប្រភពព័ត៌មាន​របស់ Bloomberg។

បទ​បង្ហាញ​នេះ​បាន​បរិយាយ​អំពី​ការខូចខាត​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ។ នោះ​គឺ ៨០% នៃ​ទ្រព្យសម្បត្តិ​ក្នុង​វិស័យ​ធនាគារ ស្ថិតក្នុង​ក្របខណ្ឌ​នៃ​ទណ្ឌកម្ម។ រុស្ស៊ី ក៏ត្រូវ​បាន​លុប​ចេញពី​ប្រព័ន្ធ​ទូទាត់​សកល SWIFT និង​មិនបាន​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ និង​ឧបករណ៍​បច្ចេកវិទ្យា​ចាំបាច់​នានា។ បណ្ដា​ឧក​រណ៍​ដូចជា និ​ស្ស​ន្ទ (Derivative), មូលនិធិ​ការពារ​ហានិភ័យ, បូ​លប​ត្រ​បំណុល​ដែល​បោះ​លក់​ជា​រូបិយ​បណ្ណ​បរទេស និង IPO ជាដើម ហាក់​បាន​បាត់​ខ្លួន​ទាំងស្រុង។

ទោះជា​យ៉ាងណាក៏ដោយ របាយការណ៍​ខាងលើនេះ មិនបាន​បញ្ចេញ​តួលេខ​សរុប​ស្ដីពី​ការខាតបង់​ដោយសារ​ទណ្ឌកម្ម​របស់​លោកខាងលិច ក៏ដូចជា​មិនបាន​លើកឡើង​អំពី​ផលប៉ះពាល់​រួម​ទៅលើ​សេដ្ឋកិច្ច​របស់ រុស្ស៊ី។

ក៏ប៉ុន្តែ ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​កាលពីដើម​សប្ដាហ៍​នេះ ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បាន​ថ្លែងថា «រុស្ស៊ី មាន​ភាពជឿជាក់​ក្នុងការ​ទប់ទល់​បាន​ជាមួយនឹង​សម្ពាធ​ពី​ខាងក្រៅ» ហើយ​ថា សេដ្ឋកិច្ច «កំពុង​តែមាន​ស្ថិរភាព ឆ្ពោះទៅកាន់​គន្លង​នៃ​ការរីកចម្រើន»៕

Advertisement