វៀតណាម មិន​ព្រម​បន្ត​ការលើកលែង​ពន្ធ​ប្រថាប់ត្រា ៥០% សម្រាប់​រថយន្ត​ផលិត និង​ដំឡើង​ក្នុងស្រុក

ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម បានឱ្យដឹងថា នឹងមិន​មានការ​ពន្យា​រ​សុពលភាព​លើ​ការ​បន្ថយពន្ធ​ប្រថាប់ត្រា ៥០% សម្រាប់​រថយន្ត​ដែល​ផលិត និង​ដំឡើង​ក្នុងប្រទេស​នេះ​ទៀតឡើយ។ ការបញ្ជាក់​នេះ​ត្រូវ​បានលើកឡើង​បន្ទាប់ពី​មាន​សំណើសុំ​ពន្យារ​ការអនុគ្រោះ​ពន្ធ​ប្រថាប់ត្រា​ក្នុង​អត្រា ៥០% ឱ្យដល់​ថ្ងៃទី ៣១ ធ្នូ ២០២២។

ក្នុង​រយៈពេល ២ ឆ្នាំ​កន្លង កូ​វីដ-១៩ បាន​បង្ក​ការលំបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន រោងចក្រ និង​ពលករ នាំឱ្យ​ការចំណាយ​នានា​ត្រូវបាន​រឹតបន្តឹង ធ្វើឱ្យ​តម្រូវ​ការទិញ​រថយន្ត​ត្រូវ​ធ្លាក់ចុះ​យ៉ាងជ្រៅ។ ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន រោងចក្រ ក្នុង​បំណង​ជំរុញ​ការប្រើប្រាស់ និង​ដើម្បី​លើកកម្ពស់​ប្រាក់ចំណូល​ជាតិ រដ្ឋាភិបាល​វៀតណាម បានសម្រេច​កាត់បន្ថយ​ពន្ធ​ប្រថាប់ត្រា ៥០% ដើម្បី​ជួយ​ដល់​វិស័យ​រថយន្ត។ សេចក្ដីសម្រេច​នេះ​បាន​អស់​សុពលភាព​តាំងពី​ថ្ងៃទី ៣១ ឧសភា ២០២២។

ក្រោយ​សេចក្ដីសម្រេច​ខាងលើ​អស់​សុពលភាព មតិ និង​សំណើ​ជាច្រើន​ក៏ត្រូវ​បានធ្វើ​ឡើង​ដើម្បី​ស្នើសុំ​ឱ្យមាន​ការបន្ត​សុពលភាព​លើ​ការកាត់បន្ថយ​ពន្ធ​ប្រថាប់ត្រា ៥០% ឱ្យបាន​ដល់​ថ្ងៃទី ៣១ ធ្នូ ២០២២។

ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម បាន​អះអាងថា គោលនយោបាយ​នេះ​មិនទាន់​សមស្រប​នឹង​ស្ថានការណ៍​ជាក់ស្ដែង។ ក្រសួង​នេះ​យល់ថា ការអនុគ្រោះ​ពន្ធ​ខាងលើ​ចំពោះ​រថយន្ត​ដែល​ផលិត និង​ដំឡើង​ក្នុងស្រុក គឺជា​រឿង​មិន​គោរព​ទាំងស្រុង​ទៅតាម​ការកំណត់​នៃ​ក្របខណ្ឌ WTO, FTA និង​វៀតណាម ហើយ​ថា នឹង​អាចធ្វើ​ឱ្យមាន​ការទាមទា​រ​ការពន្យល់​ពី​បណ្ដា​ប្រទេស​ដែល​មិនមាន​រោងចក្រ​ផលិត ដំឡើងរថយន្ត​នៅ​ប្រទេស​នេះ។

ដោយយោង​ទៅតាម​បទពិសោធន៍​នៅលើ​ពិភពលោក ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម បាន​សម្រេច​ប្រកាសថា ការដែល​នៅតែ​អនុគ្រោះ​ពន្ធ​ក្នុង​គ្រា​ដែល​ជំងឺ​រាតត្បាត​កូ​វីដ-១៩ ត្រូវបាន​គ្រប់គ្រង គឺជា​រឿង​ដែល​មិន​សម​ហេតុផល៕

Advertisement