តើ​ក្រុម​​អ្នក​​មាន​ទ្រព្យ​​​ចាប់​​ពី​​ ១ ​លាន​​ដុល្លារ​ ​នៅ ​អាស៊ី ​កំពុង​​បោះទុន​​ទៅ​ក្នុង​​វិស័យ​​ណា​ខ្លះ?

នៅពេល​ការបារម្ភ​អំពី​បញ្ហា​អតិផរណា និង​ការប្រែប្រួល​របស់​ទីផ្សារ​កាន់តែ​កើនឡើង​ខ្ពស់ ក្រុម​អ្នក​មាននៅ អាស៊ី កាន់តែ​មានការ​ប្រុងប្រយ័ត្ន និង​ស្វែងរក​វិធី «នៅ​ជាមួយ» ទ្រព្យ​សុវត្ថិភាព។

ការសិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​របស់​ធនាគារ Lombard Odier (ស្វ៊ី​ស) ទៅលើ​ក្រុម​អ្នក​ដែលមាន​ទ្រព្យ​ចាប់ពី ១ លាន​ដុល្លារ​ឡើងទៅ​នៅ អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក បាន​បង្ហាញថា ពួកគេ​កំពុង​សម្រុក​ងាក​ទៅរក​ទីផ្សារ​ឯកជន​កាន់តែច្រើនឡើងៗ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​ពី​បញ្ហា​ប្រែប្រួល​ទាក់ទិន​នឹង​ព្រឹត្តិការណ៍​សកល។

ក្រុម​អ្នកមាន​នៅក្នុង​តំបន់​ខាងលើ បានចាប់ផ្ដើម​គេច​ពី​ភាគហ៊ុន និង​មូល​ប​ត្រ​បំណុល ដើម្បី​ផ្ដោតទៅលើ​ក្រុមហ៊ុន​ផ្ទាល់ខ្លួន និង​ការចាប់យក​ទ្រព្យសម្បត្តិ​សុវត្ថិភាព ដូចជា​មាស ឬ​សាច់ប្រាក់​ជាដើម។ ទន្ទឹមនឹងនេះ ពួកគេ​ក៏មាន​ការរារែក​ក្នុង​បោះទុន​ទៅក្នុង​វិស័យ​ប្រាក់​ឌីជីថល​គ្រីប​តូ ដែល​ល្បី​ខាង​មានការ​ប្រែប្រួល​ខ្ពស់។

Lombard Odier បច្ចុប្បន្ន​គ្រប់គ្រង​ទ្រព្យ​តម្លៃ ៣៥៨ ពាន់​លាន ហ្វ្រា​ន​ស្វ៊ី​ស (៣៦៣ ពាន់​លាន​ដុល្លារ​អាម៉េរិក) របស់​អតិថិជន​នៅ​ទូទាំង​ពិភពលោក។ ធនាគារ​នេះ​បាន​ស្ទង់​មតិ​លើ​អ្នកមាន​ចំនួន ៤៥០ នាក់​នៅ សិង្ហ​បុរី, ហុងកុង, ជប៉ុន, ថៃ, ហ្វ៊ី​លី​ពី​ន, ឥណ្ឌូណេស៊ី, តៃវ៉ាន់ និង អូស្ត្រាលី ក្នុងអំឡុងពេល​ពី​ខែឧសភា ដល់​ខែមិថុនា ឆ្នាំ ២០២២។

«ក្រុម​អ្នកវិនិយោគ​នៅ អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក កំពុងតែ​មានការ​ប្រុងប្រយ័ត្ន​កាន់តែខ្លាំង​នៅពេល​បង្កើត​តារាង​វិនិយោគ។ ពួកគេ​កំពុងបង្វែរ​ទ្រព្យសម្បត្តិ​ទៅរក​ទិសដៅ​ដែលមាន​លក្ខណៈ​ឯកជន និង​ជម្រើស​ដែល​សុវត្ថិភាព​ជាង​មុន ប៉ុន្តែ​ក៏​នៅតែ​ធ្វើ​ពិពិធ​កម្ម​ទៅលើ​ប្រភេទ​មុខ​ជំនួញ​របស់​ពួកគេ​នៅក្រៅ​ស្រុក» Vincent Magnenat នាយក​ធនាគារ Lombard Odier ប្រចាំ​តំបន់ អាស៊ី បាន​ថ្លែង​កាលពី​ថ្ងៃទី ០៧ កញ្ញា​ដូច្នេះ និង​បន្ថែមថា «អត្រា​នៃ​ការ​បែង​ទ្រព្យ​ទៅក្នុង​វិស័យ​ប្រាក់​ឌីជីថល​គ្រីប​តូ ក៏មាន​កម្រិត​ទាប​បំផុត»។

យោងតាម Bloomberg អ្នកមាន​ទ្រព្យ​ជាងគេ​បំផុត​ទាំង ៥០០ នាក់ នៅក្នុង​ពិភពលោក បាន​បាត់បង់​ទ្រព្យ​អស់ ១.៤ ទ្រី​លាន​ដុល្លារ​នៅ​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ ដោយសារតែ​ភាគហ៊ុន​បច្ចេកវិទ្យា​ធ្លាក់​ថ្លៃ និង​អតិផរណា​មាន​កំណើន​ខ្ពស់។ ស្ថានភាព​នេះ​ខុស​ទាំងស្រុង​ធៀប​នឹង​កាលពី ២ ឆ្នាំមុន ដោយ​កាលណោះ បណ្ដា​ធនាគារ​នាំគ្នា​ចាត់វិធានការ​ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​របស់​ជំងឺ​កូ​វីដ-១៩ បណ្ដាលឱ្យ​តម្លៃ​ភាគហ៊ុន និង​ទ្រព្យ​ឯកជន​កើនឡើង​ខ្ពស់។

បញ្ហា​អតិផរណា​កើនឡើង​ខ្ពស់ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល​នាបច្ចុប្បន្ន គឺជា​ក្ដីបារម្ភ​ធំ​បំផុត​របស់​អ្នកមាន​ប្រមាណ ៧៧% នៅក្នុង​បញ្ជី​ស្ទង់​មតិ​របស់ Lombard Odier។ មនុស្ស​ចំនួន​ពាក់កណ្ដាល​ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ មានការ​បារម្ភ​អំពី​ការប្រែប្រួល​លឿន​របស់​ទីផ្សារ ហើយ​ពួកគេ​ត្រូវ​បង្កើន​ការធ្វើ​ពិពិធ​កម្ម​លើ​ប្រភេទ​មុខ​ជំនួញ។ ចំណែក​មនុស្ស ៨៣% មិន​វិនិយោគ​ទៅក្នុង​ទីផ្សារ​ប្រាក់​ឌីជីថល​គ្រីប​តូ ឬ​វិនិយោគ​ដែរ តែ​ក្រោម ៥% ធៀប​នឹង​មុខ​ជំនួញ​ទាំងអស់​ដែល​ពួកគេ​វិនិយោគ។

មូលហេតុ​ដែល​ក្រុម​អ្នក​មាននៅ អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក ងាក​ទៅរក​ទ្រព្យ​ឯកជន ក៏​ព្រោះតែ​ទ្រព្យ​ប្រភេទ​នេះ​មាន​សុវត្ថិភាព និង​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ហានិភ័យ។ អ្នក​មាននៅ សិង្ហ​បុរី និង អូស្ត្រាលី កំពុង​នាំមុខគេ​នៅក្នុង​និន្នាការ​នេះ ក្នុងនោះ​ ​៦០%​ មាន​​គម្រោង​វិនិយោគ​ទៅក្នុង​ទ្រព្យសម្បត្តិ​ឯកជន៕

Advertisement