រកប្រាក់​បាន ១១៥,០០០ ដុល្លារ/ឆ្នាំ ដោយសារ​ការឆ្លើយ​នឹង​សំណួរ​​នៅ​លើ​អ៊ី​ន​ធើ​ណិ​ត

លោកតា Randall Gibbons

លោកតា Randall Gibbons អាយុ ៧៦ ឆ្នាំ ធ្លាប់ជា​ម្ចាស់​រោង​ជាង​ជួសជុល​រថយន្ត​លម្ហែកាយ​នៅ Yreka រដ្ឋ California សហរដ្ឋ​អាម៉េរិក រកប្រាក់​បានជាង ១០០,០០០ ដុល្លារ/ឆ្នាំ ដោយសារ​ការឆ្លើយ​នឹង​សំណួរ​លើ​អ៊ី​ន​ធើ​ណិ​ត។

លោកតា Randall Gibbons ធ្វើ​ការងារ​ច្រើន​ប្រភេទ ក្នុងនោះមានការ​ងារ​មួយ​ដែល​ហាក់ដូច​ចម្លែក​សម្រាប់​មនុស្ស​ភាគ​ច្រើន ប៉ុន្តែ​វា​បាន​ជួយ​ឱ្យ​គាត់រកបាន​ប្រាក់​ច្រើន​បំផុត នោះ​គឺ ការឆ្លើយ​នឹង​សំណួរ​លើ​អ៊ី​ន​ធើ​ណិ​ត។ ឆ្នាំ ២០០៩ លោកតា Gibbons ដែល​ពេលនោះ​គឺជា​ជាង​ជួសជុល​ឡាន​ប្រភេទ RV (recreational vehicle ជា​ឡាន​ដែលមាន​កន្លែង​ស្នាក់នៅ សម្រាប់​ដំណើរ​កម្សាន្តឆ្ងាយៗ) បាន​ចុះឈ្មោះ​ធ្វើជា​អ្នកជំនាញ​ផ្នែក RV នៅលើ​ទំព័រ JustAnswer។ JustAnswer​ គឺជា​គេហទំព័រ​មួយ​សម្រាប់​ទទួល​សំណួរ និង​ផ្ដល់​ចម្លើយ ទាក់ទង​នឹង​វិស័យ​ជួសជុល​ម៉ាស៊ីន ច្បាប់​អន្តរជាតិ និង​ហិរញ្ញវត្ថុ។ល។

ដំបូង​ឡើយ លោកតា Gibbons គ្រាន់តែ​ទទួល​ឆ្លើយ​នឹង​សំណួរ​នៅក្នុងពេល​សម្រាក​ថ្ងៃត្រង់​ប៉ុណ្ណោះ។ ពេលនេះ វា​គឺជា​ការងារ​ពេញ​ម៉ោង​របស់គាត់។ លោកតា Gibbons រកប្រាក់​ពី JustAnser បាន​ជាង ១១៥,០០០ ដុល្លារ​អាម៉េរិក កាលពី​ឆ្នាំ ២០២១។ ទឹកប្រាក់​ប្រចាំខែ​ដែល​គាត់​ធ្លាប់​​រកបាន​ច្រើនជាងគេ គឺ​នៅក្នុង​ខែកក្កដា ២០២១។

លោកតា Gibbons ឆ្លើយ​នឹង​សំណួរ​ប្រហែល ៣០០ ជា​រៀងរាល់​សប្ដាហ៍ ស្ដីពី​ការជួសជុល និង​ប្រើប្រាស់​រថយន្ត RV។ គាត់​ទទួលបាន​ប្រាក់ ២០ ដុល្លារ​សម្រាប់ ១ សំណួរ។

ប្រាក់ចំណូល​របស់គាត់ បានបង្ហាញ​អំពី​ជំនាញ​របស់គាត់។ JustAnswer មាន​ប្រព័ន្ធ​ចាត់ចែង​ចំណាត់ថ្នាក់​សម្រាប់​ក្រុម​អ្នកជំនាញ​របស់ខ្លួន ក្នុងនោះ អ្នកជំនាញ​ដែល​ទើប​ចូលរួម​​​ នឹង​ទទួលបាន ៥ ដុល្លារ​សម្រាប់​ការ​ឆ្លើយ​ ១ សំណួរ។

ជោគជ័យ​របស់​លោកតា Gibbons នៅក្នុង​វិស័យ​ខាងលើ មិនមែនជា​រឿង​ងាយស្រួល​ដូច​ការគិត​ឡើយ។ លោកតា Gibbons អាច​ឆ្លើយ​នឹង​សំណួរ​ទាំងអស់​ក៏​ព្រោះតែ​គាត់​មានបទពិសោធន៍​ជាង ៦០ ឆ្នាំ ក្នុង​វិស័យ​គ្រឿងចក្រ។ លោកតា​ចំណាយពេល​ប្រហែល ៥០ ម៉ោង/សប្ដាហ៍ និង​ត្រូវ​ក្រោក​ពី​ម៉ោង ៤ កន្លះ​ទៀបភ្លឺ ដើម្បី​ចូល​ឆ្លើយ​នឹង​សំណួរ​សម្រាប់​អ្នករស់នៅ​ក្នុង​តំបន់​ដែលមាន​ពេលវេលា​ខុសពី​គាត់ ក្នុងនោះ ១ សំណួរ លោកតា​ត្រូវ​ចំណាយពេល​ប្រហែល ១០ នាទី៕

Advertisement