កម្ពុជា គ្រោង​​នឹង​តម្រូវឱ្យ​យានយន្ត​ឯកជន​ភ្ជាប់​កាតព្វកិច្ច​បង់​ធានារ៉ាប់រង

រាជរដ្ឋាភិបាល​កម្ពុជា នឹងដាក់​ឱ្យប្រើ​ប្រាស់​នូវ​ការធានារ៉ាប់រង​យានយន្ត​ឯកជន​ជា​កាតព្វកិច្ច ដែលជា​ការទទួលខុសត្រូវ​របស់​ប្រតិបត្តិ​ករ​ធានារ៉ាប់រង និង​ម្ចាស់​យានយន្ត​ចំពោះ​សង្គមជាតិ តាមរយៈ​ការធានារ៉ាប់រង​ដល់​ជនរងគ្រោះ ដែល​បង្កដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ នេះ​បើតាម ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

ក្នុងឱកាស​ចូលរួម​ក្នុង​ទិវា​ធានារ៉ាប់រង នៅ​ថ្ងៃទី ២៥ ខែកក្កដា ដែល​ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​ធានារ៉ាប់រង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែងថា ការកំណត់​ជា​កាតព្វកិច្ច​នេះ នឹង​ជួយ​ឱ្យ​ជនរងគ្រោះ​ទទួលបាន​សំណង​សមស្រប​ណាមួយ សម្រាប់​ការព្យាបាល និង​ដោះស្រាយ​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​របស់ខ្លួន ដែល​បង្កឡើង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ។

យោងតាម ឯកឧត្តម រស់ សីល​វ៉ា គម្រោង​ខាងលើនេះ​អាច​នឹង​ដំណើរការ​ក្នុង​ឆ្នាំ ២០២២ នេះ បន្ទាប់ពី​ទីផ្សារ​ធានារ៉ាប់រង​របស់ កម្ពុជា បាន និង​កំពុង​បន្ត​រីកចម្រើន​យ៉ាង​ឆាប់ ក្នុង​រយៈពេល ៥ ឆ្នាំ​មកនេះ។

 

ឯកឧត្តម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​នៃ​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា បានឱ្យដឹងថា បុព្វលាភ​ដុល​សរុប​នៃ​ទីផ្សារ​ធានារ៉ាប់រង​របស់​កម្ពុ​ជា បាន​កើន​ឡើងដល់​ប្រមាណ ៣០០ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០២១ និង​មាន​កំណើន​ជា​មធ្យម ប្រមាណ ២០% ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ។

លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា បាន​សម្ដែង​ការគាំទ្រ​ចំពោះ​គម្រោង​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ធានារ៉ាប់រង​យានយន្ត​ឯកជន​ជា​កាតព្វកិច្ច ដែល​បច្ចុប្បន្ន​ទើបតែ​បាន និង​កំពុង​អនុវត្ត​ជា​អន្លើរ​នៅលើ​យានយន្ត​នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ និង​ក្រុមហ៊ុន​ដឹកទំនិញ​ប៉ុណ្ណោះ។

បច្ចុប្បន្ន ទីផ្សារ​ធានារ៉ាប់រង​នៅ កម្ពុជា មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​សរុប ៣៩ ស្ថាប័ន ក្នុងនោះ​មាន ១៨ ស្ថាប័ន​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ, ១៤ ស្ថាប័ន​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត និង ៧ ស្ថាប័ន​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច ហើយក៏​មាន ១ ស្ថាប័ន​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត៕

Advertisement