ការ​ព្យាករ​ «ដ៏គួរឱ្យភ្ញាក់ផ្អើល» ៖ តម្លៃ​ប្រាក់​អឺរ៉ូ ជិត​ចុះ​ទាប​ជាង​ប្រាក់​ដុល្លារ​អាម៉េរិក

ការព្រួយបារម្ភ​អំពី​វិបត្តិ​សេដ្ឋកិច្ច​សកល និង​ហានិភ័យ​នានា​ដែល​កើនឡើង​កាន់តែ​ខ្ពស់​នៅ ទ្វីបអឺរ៉ុប កំពុងតែ​រុញ​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក ឱ្យ​ឡើង​ខ្ពស់ ហើយ​បើ​យោងតាម​ក្រុម​អ្នកជំនាញ​នៅ Wall Street ប្រាក់​ដុល្លារ​អាម៉េរិក នឹងមាន​តម្លៃ​ខ្ពស់ជាង​ប្រាក់​អឺរ៉ូ ក្នុងពេលឆាប់ៗនេះ។

បន្ទាប់ពី​មានការ​ឡើងថ្លៃ​ខ្ពស់បំផុត​កាលពី​ពាក់កណ្ដាល​ដើមឆ្នាំ ក្នុងអំឡុង​ជាង ១ ទសវត្សរ៍​កន្លង ប្រាក់​ដុល្លារ​អាម៉េរិក កំពុង​ត្រូវបាន​ទិញ​ចូល​ច្រើន​ពី​សំណាក់​ក្រុម​អ្នកវិនិយោគ ដោយ​ពួកគេ​ចាត់ទុកថា រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក គឺជា «រូង​លាក់ខ្លួន​ដ៏​មាន​សុវត្ថិភាព» ដើម្បី​គេច​ពី​ផលប៉ះពាល់​ដែល​កើត​ពី​ការដាំ​ក្បាល​ចុះ​របស់​ទីផ្សារ​ភាគហ៊ុន។ ក្រៅពីនេះ ការដែល​ទីផ្សារ​រំពឹង​លើ​លទ្ធភាព​ងើបឡើង​វិញ​របស់​សេដ្ឋកិច្ច​នៅ សហរដ្ឋ​អាម៉េរិក ក៏បាន និង​កំពុង​ជួយ​ជា​កម្លាំង​ដល់ ប្រាក់​ដុល្លារ​អាម៉េរិក ផងដែរ។

ស​ន្ទ​ស្សន៍ WSJ Dollar (ស​ន្ទ​ស្សន៍​តាមដាន​ការវិវត្ត​របស់​ប្រាក់​ដុល្លារ​អាម៉េរិក ធៀប​នឹង​បណ្ដុំ​នៃ​រូបិយប័ណ្ណ​ចំនួន ១៦ ផ្សេងទៀត) បាន​ឡើង​ខ្ពស់បំផុត​ក្នុងអំឡុង ២០ ឆ្នាំ កាលពី​សប្ដាហ៍​កន្លង និង​កើន ២.៥% ក្នុង​ខែ​នេះ។ អត្រា​ប្ដូរប្រាក់​ដុល្លារ​អាម៉េរិក/ប្រាក់​អឺរ៉ូ ក៏​ឡើងដល់​ចំណុច​ខ្ពស់បំផុត​រាប់​ចាប់ពី​ឆ្នាំ ២០០២។

ក្រុមអ្នកវិភាគ​នៅ Wall Street បាន​ព្យាករ​ថា រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក នឹង​ឡើងថ្លៃ​ជា​បន្តទៀត ក្នុង​គ្រា​ដែល​ហានិភ័យ​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល​កាន់តែ​ឡើង​ខ្ពស់។ អ្នកជំនាញ​របស់ Morgan Stanley បាន​ព្យាករ​ថា ប្រាក់​ដុល្លារ​អាម៉េរិក នឹង​ឡើង​ខ្ពស់ ហើយ ប្រាក់​អឺរ៉ូ នឹង​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ​ត្រឹម ៩៧ សេន​នៃ​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក នៅ​ចុងខែ​កញ្ញា​ខាងមុខ។

ការឡើង​ថ្លៃ​របស់ ប្រាក់​ដុល្លារ​អាម៉េរិក គឺជា «កាំបិត​មុខ​ពីរ» ចំពោះ​អ្នកប្រើប្រាស់ និង​អ្នកជំនួញ​នៅ សហរដ្ឋ​អាម៉េរិក។ ប្រាក់​ដុល្លារ​ថ្លៃ​ជាង​ប្រាក់​អឺរ៉ូ នឹង​ជួយ​ជំរុញ​សកម្មភាព​ទិញដូរ​ក្នុងប្រទេស ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​បណ្ដា​ក្រុមហ៊ុន​ពហុ​ជាតិ។

ប្រាក់​ដុល្លារ​ឡើងថ្លៃ ក៏​ជះឥទ្ធិពល​មិនល្អ​ដល់​មុខទំនិញ​នានា ព្រោះថា មុខទំនិញ​ទាំងនោះ​តែង​ត្រូវ​បានកំណត់​តម្លៃ​ជា​ប្រាក់​ដុល្លារ​អាម៉េរិក។ ប្រការនេះ​ប៉ះពាល់​ដល់​បណ្ដា​ទីផ្សារ​ដែល​ទើប​លេចធ្លោ និង​កំពុង​ជំពាក់​បំណុល​ដែល​កំណត់​តម្លៃ​ដោយ​ប្រាក់​ដុល្លារ​អាម៉េរិក៕

Advertisement