ក្រសួង​ការងារ ប្រកាស​ដាក់ឱ្យអនុវត្ត​ប្រាក់​សោធន​និវត្តន៍​ចំពោះ​វិស័យ​ឯកជន៖ និយោជិត​នឹង​ទទួលបាន​ប្រាក់ខែ​ចូលនិវត្តន៍​ដូច​មន្ត្រីរាជការ

ការដាក់ឱ្យ​អនុវត្ត​ប្រាក់​សោធន​និវត្តន៍​ចំពោះ​វិស័យ​ឯកជន​នេះ នឹង​អនុញ្ញាតឱ្យ​កម្មករ កម្មការិនី​រោងចក្រ និយោជិត​សហគ្រាស​ទាំងអស់ នៃ​វិស័យ​ឯកជន​ទទួលបាន​របប​សន្តិសុខ​ស​ម្គ​ង​ផ្នែក​សោធន​និវត្តន៍ ដូច​ទៅ​នឹង​​មន្ត្រីរាជការ​នៅពេល​ចូលនិវត្តន៍។

របប​សន្តិសុខ​ស​ម្គ​ង​ផ្នែក​សោធន​និវត្តន៍​នេះ​នឹង​អនុវត្ត​ចំពោះ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ឯកជន​ដែល​ស្ថិត​ក្រោម​​បទ​ប​ញ្ញ​តិ​នៃ​ច្បាប់​ស្ដីពី​ការងារ។

នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​ការដាក់ឱ្យ​អនុវត្ត​ប្រាក់​សោធន​និវត្តន៍​ចំពោះ​វិស័យ​ឯកជន ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងថា របប​សន្តិសុខ​សង្គម​ផ្នែក​សោធន​និវត្តន៍​​នេះ​ជា​បញ្ហា​ធំ​សំខាន់​ជាងគេ​សម្រាប់​និយោជិត និង​និយោជក ដោយ​ត្រូវ​ទទួលបាន​អត្ថប្រយោជន៍។

យោងតាម​ប្រកាស​របស់ ក្រសួង​ការងារ របប​សន្តិសុខ​សង្គម​ផ្នែក​សោធន​និវត្តន៍​នេះ​នឹងត្រូវ​អនុវត្ត​ជំហាន​ដំបូង​​រយៈពេល ៥ ឆ្នាំ ដោយ​និយោជក និង​ន​យោ​ជិត ត្រូវ​បង់​ថវិកា ២% ស្មើគ្នា ហើយ​ក្រោយពី​បាន​ព្រម​ព្រៀង​គ្នា និយោជក និង​និយោជិត នឹង​ទទួលបាន​អត្ថប្រយោជន៍រៀងៗខ្លួន ក្នុងនោះ និយោជក​នឹង​ទទួលបាន​ការលើកទឹកចិត្ត​ពី​និយោជិត​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោយ​ពេញចិត្ត ចំណែក​និយោជិត​វិញ​នឹង​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​នៅពេល​ដល់​អាយុ​ត្រូវ​ចូលនិវត្តន៍ រហូតដល់​អស់​មួយជីវិត៕

Advertisement