កូរ៉េខាងត្បូង ដំឡើង​ប្រាក់ខែ​​អប្បបរមា​​ដល់​​កម្មករ​ និយោជិត​​ សម្រាប់​​​ឆ្នាំ ​២០២៣

កម្មករ កម្មការិនី កំពុង​ធ្វើ​ការ​ក្នុង​រោង​ចក្រកែច្នៃ​ធ្វើ​ គីមជី នៅ​ កូរ៉េខាង​ត្បូង

នា​ថ្ងៃទី ៣០ ខែមិថុនា​នេះ ក្រុមមន្ត្រី​កូរ៉េខាងត្បូង បានឱ្យដឹងថា តំណាង​កម្មករ និយោជិត និង​ម្ចាស់​ក្រុមហ៊ុន​នៅ​ប្រទេស​នេះ បាន​ឯកភាពគ្នា​ក្នុងការ​ដាក់ចេញ​នូវ​កម្រិត​ប្រាក់បៀវត្ស​អប្បបរមា​គិត​ទៅតាម​ម៉ោង​ធ្វើការ សម្រាប់​ឆ្នាំ ២០២៣ គឺ ៩,៦២០ វ៉ុ​ន (ប្រហែល ៧.៤១ ដុល្លារ​អាម៉េរិក) កើន ៥% ធៀប​នឹង​ឆ្នាំនេះ។

គណៈកម្មការ​ប្រាក់បៀវត្ស​អប្បបរមា (MWC) ដែលមាន​សមាជិក ៩ រូប តំណាងឱ្យ​កម្មករ និយោជិត ម្ចាស់​ក្រុមហ៊ុន និង​សាធារណជន កាលពី​ព្រលប់​ថ្ងៃទី ២៩ មិថុនា សម្រេចបាន​កិច្ចព្រមព្រៀង​ស្ដីពី​ការកំណត់​ប្រាក់បៀវត្ស​អប្បបរមា​សម្រាប់​កម្មក​រ និយោជិត។ យោងតាម​កិច្ចព្រមព្រៀង​នេះ ប្រាក់ខែ​របស់​កម្មករ និយោជិត​កូរ៉េខាងត្បូង គឺ ២.០២ លាន​វ៉ុ​ន ដែល​នឹង​ត្រូវបាន​អនុវត្ត​ចំពោះ​គ្រប់​វិស័យ។

នៅ​ក្នុង​ការចរចា ភាគី​តំណាង​កម្មករ និយោជិត បានស្នើ​ឱ្យ​ដំឡើង​ប្រាក់ខែ​ទៅតាម​ការសន្យា​របស់ អាជ្ញាធរ​របស់​អតីត​ប្រធានាធិបតី Moon Jae-in (១០,០០០ វ៉ុ​ន/ម៉ោង)។ ចំណែក​ភាគី​ខាង​ម្ចាស់​ក្រុមហ៊ុន​វិញ បាន​ស្នើឱ្យ​ពន្យារពេល​គម្រោង​ដំឡើង​ប្រាក់ខែ​ទៅតាម​ការសន្យា​ខាងលើ ដោយសារ​មានការ​បារម្ភ​អំពី​ការខាតបង់​ដែល​កើតឡើង​ដោយសារ​កូ​វីដ-១៩ ការប្រាក់ អតិផរណា​កើនឡើង និង​អត្រា​ប្ដូរប្រាក់​ក៏​សុទ្ធតែ​ខ្ពស់។

ការកំណត់​ប្រាក់ខែអប្បបរមា​​ថ្មី​ខាងលើ​សម្រាប់​ឆ្នាំ ២០២៣ នេះ នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី ១ មករា ២០២៣។

ក្នុង​អាណត្តិ​របស់ អតីត​ប្រធានាធិបតី Moon Jae-in ប្រាក់​បៀ​​វត្ស​អប្បបរមា​បាន​កើន ១៦.៤% នៅ​ឆ្នាំ ២០១៨, ១០.៩% នៅ​ឆ្នាំ ២០១៩, ២.៩% នៅ​ឆ្នាំ ២០២០ និង ១.៥% នៅ​ឆ្នាំ ២០២១៕

Advertisement